រដ្ឋាភិបាលថា ច្បាប់សហជីពមិនបានរិតត្បិតដល់សិទ្ធិបង្កើតសហជីពនោះទេ

លោក សោម ចំណាន ទីប្រឹក្សាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

មន្ដ្រីរដ្ឋាភិបាល លើកឡើងថា ការបង្កើតច្បាប់សហជីព មិនមានគោលដៅលុបបំបាត់ ឬរិតត្បិតដល់សិទ្ធិរបស់សហជីព និងកម្មករនិយោជិតនោះ​ទេ។ ប៉ុន្ដែសង្គមស៊ីវិល យល់ថា វានឹងប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិរបស់ពួកគេ និងជាពិសេស ធ្វើឲ្យវិស័យការងារនៅកម្ពុជា កាន់តែអន់ថយ។

ក្នុងសិន្និសិទមួយស្ដីពី «ការលើកកម្ពស់ការងារស្នូល ដើម្បីការងារសមរម្យសម្រាប់កម្មករនិយោជិត​ នៅកម្ពុជា» នៅថ្ងៃចន្ទទី១៣ខែមិនានៅធានីភ្នំពេញ លោក សោម ចំណាន ទីប្រឹក្សាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា ច្បាប់ស្តីពីសហជីព ដែលរដ្ឋាភិបាលស្នើឲ្យអនុម័តនោះ មិនមានគោលបំណងកាត់បន្ថយ ឬបំបិទសិទ្ធិសេរីភាពរបស់កម្មករនិយោជិត និងសហជីពនោះទេ។ ប៉ុន្ដែលោកថា គឺវាបានធានាសិទ្ធិការងារជាមូលដ្ឋានទៅវិញទេ។

លោកមានប្រសាសន៍បន្ថែមថា អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធ គួរពិនិត្យមើលលើច្បាប់នេះ ដោយទស្សនៈទូលាយបន្ដិច និងគិតគូពីភាពចាំបាច់ ដែលរដ្ឋាភិបាលកម្ពុជា​កំពុងធ្វើនាពេលបច្ចុប្បន្ន។

លោកថា៖ «គោលបំណងនៃការបង្កើតច្បាប់នេះ គឺមិនមែនដើម្បីលុបបំបាត់ សេរីភាពរបស់សហជីព ឬក៏ធ្វើឲ្យសេរីភាពរបស់សហជីពមានភាពទន់ខ្សោយទេ។ បើយើងពិនិត្យទៅលើមាត្រាទាំងឡាយនៃច្បាប់ស្ដីពីសហជីព ជាពិសេសមាត្រាពាក់ព័ន្ធនឹងសេរីភាពក្នុងការបង្កើតចងក្រងជាសហជីព យើងឃើញថា លក្ខខណ្ឌដែលច្បាប់ស្ដីពីសហជីពនេះផ្ដល់ឲ្យ គឺមានលក្ខណៈទន់ភ្លន់ ធូរស្រាល ជាងលក្ខខណ្ឌដែលមានចែងក្នុងច្បាប់ស្ដីពីការងារយើងទៀត»

លោក អាត់​ ធន់ ប្រធានសហភាពការងារកម្ពុជា បានឲ្យអ្នកសារព័ត៌មានដឹងនៅក្រោយសន្និសិទថា ច្បាប់សហជីពនេះបានកាត់បន្ថយសិទ្ធិមួយចំនួន ដោយថា ធ្វើឲ្យការបង្កើតសហជីពមានលក្ខណៈកាន់តែស្មុគស្មាញជាងមុន។ លោកបន្ដថា ច្បាប់នេះក៏អាចបន្ថយចំនួនសហជីពនៅកម្ពុជា ជាហេតុនាំឲ្យពួកគេ ពិបាកក្នុងការជួយដល់កម្មករនិយោជិតទាក់ទិនបញ្ហាផ្លូវច្បាប់ និងការយល់ដឹងពីសិទ្ធិរបស់ពួកគេ។

លោកថា៖ «ច្បាប់សហជីព បើយើងពិនិត្យមើល ទោះបីជាមានការលើកឡើងរបស់ឯកឧត្តម សោម ចំណាន ថាវាមានការល្អមួយចំនួនមែន ប៉ុន្ដែវាមានគន្លឹះឧបសគ្គច្រើនណាស់សម្រាប់សហជីពកម្មករ។  ជាការងារមួយប៉ះពាល់យ៉ាងធ្ងន់ទៅដល់សេរីភាពនៅក្នុងការរៀបចំកែទម្រង់ ស្ដង់ដាការងារ និងសិទ្ធិសហជីពតែម្ដង»។

ច្បាប់ស្ដីពីសហជីពត្រូវបានរដ្ឋសភាដាក់ឲ្យអនុវត្តកាលពីខែឧសភាឆ្នាំ២០១៦ ដែលក្នុងនោះ មានចំនួន១៧ជំពូកនិង១០០មាត្រា។ ចំពោះបក្សប្រឆាំង សហជីពឯករាជ្យ​និងសង្គមស៊ីវិល អះអាងថា ច្បាប់សហជីពនេះមិនបានការពារផលប្រយោជន៍សហជីព និងកម្មករនោះទេ ដោយថា ខ្លឹមសារខ្លះមានចរិកផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់អន្តរជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ