តុលាការខេត្ដឧត្ដរមានជ័យ​កោះហៅពលរដ្ឋបីនាក់សាកសួរពាក់ព័ន្ធជម្លោះដីធ្លី

តុលាការខេត្ដឧត្ដរមានជ័យបានកោះហៅពលរដ្ឋបីនាក់ ក្នុងចំណោមជាងពីររយនាក់ សាក​សួរ ដោយចោទថា បំផ្លិចបំផ្លាញទ្រព្យសម្បត្ដិដោយចេតនា ករណីជម្លោះដីធ្លី នៅ​ស្រុកស្រីស្នំ​ ខេត្ដសៀមរាប កាលពីឆ្នាំ២០១៦។

កាលពីខែសីហា ឆ្នាំ២០១៦កន្លងមក ខ្ទមពលរដ្ឋចំនួនបីខ្នង ត្រូវបានពលរដ្ឋជាង២រយនាក់ ដុតនិងកាប់បំផ្លាញចោល ដោយចោទថា សង់នៅលើដីជម្លោះ ស្ថិតនៅជាប់ព្រំប្រទល់ស្រុក​​អន្លង់វែង ខេត្ដឧត្ដរមានជ័យ និងស្រុកស្រីស្នំខេត្ដសៀមរាប។

ពលរដ្ឋ ដែលត្រូវតុលាការកោះហៅ លោក ណាត់ ឈា នៅភូមិចារថ្មី ឃុំលំទង ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ ប្រាប់វីអូឌី នៅថ្ងៃនេះថា ពួកគាត់ចំនួនបីនាក់ ឈ្មោះ ផើយ ផន ឌឿន ឌឿ និងរូបលោកផ្ទាល់ នៅភូមិចារថ្មី ឃុំលំទង ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ ត្រូវបាន​តុលាការចោទ​​ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិដោយចេតនា ទៅលើខ្ទមពលរដ្ឋបី​គ្រួសារនៅស្រុ​កស្រីស្នំ ខេត្ដសៀមរាប កាលពីខែសីហា​ឆ្នាំ២០១៦ខណៈ​ខ្ទមនោះសង់នៅដីមានជម្លោះ។

លោកថា ការកោះហៅពួកគាត់សាកសួរនេះ ជារឿងអយុត្ដិធម៌ ដោយ​សារ​អ្នកចូលរួមបំផ្លាញខ្ទមនោះ មាន​អ្នក​ភូមិជាង២០០នាក់។

វីអូឌីមិនទាន់អាចទាក់ទងព្រះរាជអាជ្ញានៃតុលាការខេត្ដឧត្ដរមានជ័យលោក កូយ កាន់យ៉ា ដើម្បីសាកសួរបាននៅឡើយទេ។

ទោះជាយ៉ាងណា អ្នកសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សខេត្ដឧត្ដរ​មានជ័យ​ លោក ស្រី ណារ៉េន មានប្រសាសន៍ថា ពលរដ្ឋទាំងបីនាក់នោះនឹងចូលបំភ្លឺតាមការកោះហៅ​របស់តុលាការ ហើយលោកនឹងផ្ដល់មេធាវីការពារដល់ពួកគេ។លោកបន្ដថា ការបំផ្លិចបំផ្លាញខ្ទម​នោះ ដោយសារពលរដ្ឋបីគ្រួសារនោះទៅសង់លើដីមានជម្លោះ ហើយអាជ្ញាធរមានគ្រោងដោះស្រាយជូនពលរដ្ឋដែរ។ លោកបញ្ជាក់ថា ដីជម្លោះនោះមានប្រមាណ៣០ហិកតា ហើយពលរដ្ឋស្វែងរកដំណោះស្រាយ និងរកអន្ដរគមន៍ពីមន្រ្ដីរដ្ឋាភិបាលនៅរាជធានីភ្នំពេញផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ