អ្នកមានជម្លោះដីធ្លីនៅជ្រោយចង្វារសុំឲ្យលោក ហ៊ុន សែន អន្តរាគមន៍លើសំណង

អ្នកជម្លោះដីធ្លីនៅខណ្ឌជ្រោយចង្វារ

ពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន OCIC ក្នុងខណ្ឌជ្រោយចង្វាររកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តីឲ្យជួយដោះស្រាយជម្លោះដីធ្លី បន្ទាប់ពីសាលារាជធានីភ្នំពេញដាក់កំហិតឲ្យទទួលយកសំណងដែលពលរដ្ឋថាតិចពេក។

ពលរដ្ឋប្រមាណ៥០នាក់ដែលអះអាងថា ភាគច្រើនជាមន្រ្តីរាជការ នៅថ្ងៃពុធនេះ ប្រមូលផ្តុំគ្នាដាក់ញត្តិនៅខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តីដើម្បីឲ្យលោក ហ៊ុន សែន ជួយអន្តរាគមន៍ករណីសាលារាជធានីភ្នំពេញដាក់កំហិត១ខែ ឲ្យពួកគេទៅទទួលយកសំណង តាមគោលនយោបាយបាយត្រឹមតែ១០%។

តំណាងពលរដ្ឋលោក ជា សុផាត ដែលអះអាងថា បច្ចុប្បន្នជាមន្រ្តីកងទ័ពអាកាសពាក់ស័ក្ត៥ឲ្យដឹងថា កាលពីខែកុម្ភៈឆ្នាំ២០១៧ សាលារាជធានីភ្នំពេញបានចេញលិខិតជាលើកទី២ដាក់កំហិតឲ្យប្រជាពលរដ្ឋជាម្ចាស់ដីទទួលបានសំណង១០ភាគរយ នៃផ្ទៃដីកាន់កាប់ ចំណែកសាលារាជធានីភ្នំពេញទទួលបាន៥០ភាគរយ និងក្រុមហ៊ុនទទួលបាន៤០ភាគរយ ដែលលោកថា ដំណោះស្រាយនេះពលរដ្ឋមិនអាចទទួលយកបានឡើយ។

លោកបន្ថែមថា «ពួកខ្ញុំជាម្ចាស់ដី ពួកខ្ញុំអត់បានទៅទន្ទ្រានយកដីរដ្ឋមកកាន់កាប់ទេ គឺជាម្ចាស់ដីដែលបានគ្រប់គ្រងតាំងពីឆ្នាំ១៩៩០ ឆ្នាំ១៩៩២ មានឯកសារគតិយុទ្ធទាំងអស់។ ហេតុអីបានជាឲ្យពួកខ្ញុំទៅយកគោលនយោបាយពីសាលារាជធានីភ្នំពេញមកវិញ។ អស់លោកបើកបេះដូងឲ្យទូលាយមើលថា ម្ចាស់ដីត្រូវបានប៉ុន្មាន? ប្រសិនបើដីអស់លោកវិញបើគេឲ្យទៅទទួលយក គោលនយោបាយតើអស់លោកព្រមទេ។ ដូច្នេះពួកយើងមកថ្ងៃនេះដើម្បីទាមទាររកយុត្តិធម៌ គឺទាមទារឲ្យមានដំណោះស្រាយសមរម្យ ពួកយើងសូមឲ្យលោកនាយករដ្ឋមន្រ្តីជួយដោះស្រាយទុកលំបាករបស់ពួកយើងខ្ញុំផង»។

ពលរដ្ឋម្នាក់ទៀតអ្នកស្រី ប៊ុត តាំងសេង ឲ្យដឹងថា គ្រួសារអ្នកស្រីប៉ះពាល់ដីលំនៅឋានទាំងមូល ដែលមានទំហំទទឹង១៨ម៉ែត្រ បណ្តោយ១៦០ម៉ែត្រ ដោយថាគ្រួសារអ្នកស្រីបានមករស់នៅតំបន់នោះតាំងពីមុនសម័យ ពល ពត មកម្លេះ។

អ្នកស្រីបន្តថា បើសាលារាជធានីភ្នំពេញផ្តល់ដំណោះស្រាយតាមគោលនយោបាយត្រឹមតែ១០%នោះ គឺអ្នកស្រីមិនព្រមទទួលយកឡើយ ហើយពួកគាត់នៅតែបន្តការតវ៉ារហូតទទួលបានដំណោះស្រាយសមរម្យ។

អ្នកស្រីបន្ថែមថា «ខ្ញុំមិនអាចទទួលយកបានទេ ដីរបស់ខ្ញុំសោះដោះស្រាយឲ្យខ្ញុំ១០% បើគេយកអស់វាប៉ះពាល់ដល់ជីវភាពគ្រួសារខ្ញុំ ព្រោះខ្ញុំជាកសិករខ្ញុំដាំតែដំណាំលើដីនោះដើម្បីយក ផលមកចិញ្ចឹមកូនៗ ខ្ញុំមិនធ្វើការងារអ្វីផ្សេងទេ អញ្ចឹងសុំឲ្យសម្តេចជួយដល់ប្រជាជនក្នុងភូមិខ្ញុំ ផងនៅសង្កាត់ជ្រោយចង្វារផង»។

មន្រ្តីខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី គឺ លោក គង់ ចំរើន បានទទួលញត្តិពីប្រជាពលរដ្ឋទាំងនោះ ប៉ុន្តែលោកមិនឆ្លើយតបអ្វីជាមួយអ្នកសារព័ត៌មានដែលបានសួរនោះទេ។

នាយកលេខាធិកាដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ ដែលចុះតាមដាក់ករណីនេះមានប្រសាសន៍ថា ការដែលសាលារាជធានីភ្នំពេញដាក់កំហិតបង្ខំឲ្យពលរដ្ឋ ទទួលយកសំណងទាំងបង្ខំបែបនេះ គឺជាការដោះស្រាយមិនតម្លាភាព និងមិនមានការទទួលខុសចំពោះប្រជាពលរដ្ឋដែលកំពុងរងគ្រោះនោះ។

លោកថា រដ្ឋាភិបាលគួរតែស្រាយបញ្ហានោះតាមយុទ្ធសាស្រ្តឈ្នះៗដោយធ្វើឲ្យមានការទទួលយកទាំងភាគីពលរដ្ឋ ទាំងរដ្ឋាភិបាល និងក្រុមហ៊ុន។

លោកបន្ថែមថា «ធម្មតាការដោះស្រាយបញ្ហាការអភិវឌ្ឍន៍អ្វីមួយ គឺត្រូវតែមានការចូលរួមពី ប្រជាពលរដ្ឋ ព្រោះថាប្រជាពលរដ្ឋគាត់ជាអ្នកពាក់ព័ន្ធជាមួយដីធ្លី អញ្ចឹងប្រសិនបើយើងធ្វើការ ដោះស្រាយហើយគ្មានការចូលរួមពីពួកគាត់ ដើម្បីជាសំលេងលើកពីបញ្ហាដែលពួកគាត់ទាម ទារដើម្បីឲ្យដោះស្រាយទេ អាហ្នឹងមានន័យថាយើងបំភ្លេចសំលេងជនរងគ្រោះ អញ្ចឹងរាល់ការដោះស្រាយដើម្បីឲ្យវាឈ្នះៗទាំងអស់គ្នា វាត្រូវតែមានការចូលរួមពីគ្រប់ភាគីដែលពាក់ព័ន្ធ អញ្ចឹងទាំងប្រជាពលរដ្ឋដែលរងគ្រោះក៍គាត់ជាភាគីមួយដែរ ព្រោះពួកគាត់ជាបដិភាគនៃដើម ទាន់មួយសំខាន់សម្រាប់អភិវឌ្ឍន៍ទីក្រុង អញ្ចឹងបើគ្មានពួកគាត់ទេទីក្រុងក៏មិនអាចអភិវឌ្ឍន៍មានសោភ័ណ្ឌភាពដែរ»។

ក្រុមពលរដ្ឋអះអាងថា ពួកគេជាង១០០គ្រួសារ មានជម្លោះដីធ្លីជាមួយក្រុមហ៊ុន(OCIC)តាំងពីឆ្នាំ២០១១ ចាប់ពីតាំងក្រុមហ៊ុននោះ ទទួ​ល​​​បា​​នសិទ្ធិវិនិ​យោគ​ធ្វើក្រុងរណបនៅខណ្ឌជ្រោយចង្វារ។ ពលរដ្ឋបានតវ៉ាតាំងពីពេលនោះរហូតមក ដោយទាមទារឲ្យរដ្ឋាភិបាលឃ្វៀលជាស្បែកខ្លាសម្រាប់ដីលំនៅឋាននិងដីស្រែចំការ ដោយសុំសំណង៥០%នៃដីដែលខ្លួនកាន់កាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ