សពលោក សុខ អាន កំពុងតម្កល់នៅគេហដ្ឋានក្នុងរាជធានីភ្នំពេញ​

លោក សុខ អាន កាលពីពេលកន្លងទៅ

សពរបស់មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជន លោក សុខ អាន ត្រូវបានដឹកតាមយន្តហោះពីចិនមកដល់កម្ពុជានៅព្រលឹមថ្ងៃនេះយក​ទៅ​តម្កល់​នៅ​គេហ​ដ្ឋាន ​ស្ថិត​នៅ​ផ្ទះ​លេខ​៧០ ផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។

លោក សុខ អាន ជារដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋ​មន្ត្រី ដែលទើប​ទទួលបានគោរមងារជា «​សម្តេច​វិបុលបញ្ញា» ត្រូវបានរដ្ឋាភិបាលបានចេញសេចក្តីប្រកាសថាបាន​​ទទួលមរណភាព​ក្នុងជន្មាយុ៦៦ឆ្នាំ ​វេលា​ម៉ោង៦និង​៣២នាទីល្ងាច នាថ្ងៃទី១៥ ខែ​មីនា ឆ្នាំ២០១៧នេះ ដោយ​រោគាពាធ នៅ​មន្ទីរ​ពេទ្យ​ក្រុង​ប៉េកាំង នៃប្រទេស​ចិន។

តាមកម្មវិធីបានអោយដឹងថាបុណ្យសពលោក សុខអាន មានចំនួន៤ថ្ងៃចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី១៩ ខែមីនា ២០១៧ ដោយធ្វើនៅភូមិគ្រិះ និង ថ្ងៃចុងក្រោយរំកិលសពទៅទីឈាបនដ្ឋានមុខវត្តបទុមវត្តី ដើម្បីបូជា។

កាលពីថ្ងៃពុធម្សិលមិញ ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញលិខិតមួយ ស្នើដល់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យប្រទានថវិកាចំនួនបីប៊ីលានរៀល (៣.០០០.០០០.០០០ រៀល) ឬស្មើនឹង៧៥ម៉ឺនដុល្លារសម្រាប់​ចំណាយ​រៀប​ចំពិធីបុណ្យសពលោក សុខ អាន។

គួរបញ្ជាក់ថា លោក​ សុខ អាន បានកើត​នៅ​ថ្ងៃ​ទី១៦ ខែមេសា ឆ្នាំ​១៩៥០ ក្នុង​ឃុំព្រះ​បាទជាន់​ជុំ ស្រុកគី​រីវង់ ខេត្តតាកែវ និងបច្ចុប្បន្នជា​សមាជិករដ្ឋសភា​ ឧបនាយក​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈ​​រដ្ឋ​មន្ត្រី​ផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ