អ្នករៀបចំ​ការ​ប្រកួត​អន្តរជាតិ បកស្រាយរឿង ​ឡុង សុវណ្ណឌឿន​ ចាញ់ឡាវ

(សុខ ឆាយ)

នៅទីបំផុតកីឡាករឡាវបានក្លាយជាម្ចាស់ជើងឯកខុសពីការគ្រោងទុកក្នុងការប្រកួតប្រភេទទម្ងន់៦៩គីឡូក្រាមសម្រាប់ព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវាត់អន្តរជាតិដែលមានកីឡាករខ្មែរនិងបរទេសប្រជែងគ្នា​​​​​។

នេះជាការប្រកួតដែលបានធ្វើឡើងនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីរសៀលថ្ងៃទី១៨ ខែមីនា ខណៈដែល​លទ្ធផល​នេះក៏ត្រូវ​ភរិយា​​​​​​កីឡាករ ​ឡុង សុវណ្ណឌឿន មិន​ទទួលស្គាល់។

យោងតាមការបញ្ជាក់របស់លោក ញាណ សុធី អ្នករៀបចំការប្រកួតបានអះអាងថា ព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវាត់អន្តរជាតិនេះ មានការចូលរួមដោយកីឡាករកម្ពុជា៤រូប កីឡាករ​ឡាវ​២​រូប និង​កីឡាករថៃ​​២​រូប។

លោកថានេះជាការប្រកួតវគ្គទី២ ដោយកីឡាករទាំង៤ត្រូវកំណត់ចែកពូលដាច់ដោយឡែក គឺក្រុមកម្ពុជា​មួយ​ក្រុម​ និងក្រុមខាងបរទេស​មួយក្រុម។ កីឡាករក្នុងក្រុមនីមួយៗ ប្រកួតខ្វែងគ្នាទៅវិញទៅមក ហើយសន្សំពិន្ទុក្នុងពូលរៀងខ្លួន ដើម្បីស្វែងរកអ្នកមានពិន្ទុខ្ពស់ជាងគេក្នុងក្រុមកម្ពុជានិងមួយរូបក្នុងក្រុមថៃអោយឡើងប្រកួតយកលេខ១និងលេខ២ ឬប្រកួតយកទឹកប្រាក់២០លានរៀល ស្មើនឹង៥ពាន់ដុល្លារ និងខ្សែក្រវាត់ជើងឯក។

លោកបានពន្យល់ថា កីឡាករខ្មែរត្រូវប្រកួតជាមួយកីឡាករបរទេសក្នុងម្នាក់៤ប្រកួត ហើយបន្ទាប់ពីការប្រកួតចប់ គឺយកពិន្ទុដែលពួកគេបានទទួលយកមកគិតសម្រាប់តែក្រុមរបស់ពួកគេប៉ុណ្ណោះ ដោយកីឡាករកម្ពុជានិងកីឡាករបរទេសណាទទួលបានពិន្ទុនាំមុខគេ២រូប នឹងត្រូវឡើងប្រកួតវគ្គខ្វែងឬហៅថា​ឡើង​​ប្រកួត​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

យ៉ាងណាក៏ដោយ លោកបានសម្ដែងការសោកស្ដាយ ដោយសារតែវគ្គផ្ដាច់ព្រ័ត្រ គឺកីឡាករ ឡុង ​សុវណ្ណឌឿន ដែលមានការរំពឹងខ្លាំងថានឹងក្លាយជាម្ចាស់ជើងឯក បានចាញ់ពិន្ទុកីឡាករឡាវ ហើយរបូតទឹកប្រាក់៥ពាន់ និងតំណែងជើងឯកសម្រាប់រដូវកាលទី២​នៅ​ក្នុង​ព្រឹត្តិការណ៍​​​នោះ​​។

លោក ញាណ សុធី បន្តថា កីឡាករ២រូបចុងក្រោយដែលបានឡើងប្រកួតដណ្ដើមគ្នាយកខ្សែក្រវាត់ជើងឯកអន្តរជាតិនោះ គឺកីឡាករ ឡុង សុវណ្ណឌឿន មកពីក្លឹបសាលវន្តកីឡា និងកីឡាករឡាវ Thav Oulan។ កីទ្បាករទាំងពីរបានឡើងប្រកួតគ្នាយ៉ាងស្វិតស្វាញបំផុត ដោយសារតែម្នាក់ៗសុទ្ធតែចង់ដណ្ដើមយកចំណាត់ថ្នាក់លេខ១ ដើម្បីគ្រងតំណែងជាម្ចាស់ខ្សែក្រវាត់។

លោ​កថា​ក្នុង​ពេល​ប្រកួត​​​វិលជុំ កីឡាករឡាវ​រូប​នេះ​បានត្រឹម​តែ​ចាញ់​ពិន្ទុ​ ឡុង សុវណ្ណឌឿន ប៉ុណ្ណោះ ​ទើប​ការប្រកួត​ចុង​ក្រោយ​​​​​​អ្នកណាក៏​ជឿ​១០០ភាគរយថា​កីឡាករ​​ឡាវ​នឹង​ចាញ់ជា​ថ្មី។ ​លោកថា​ការប្រកួត​មានភាពស្វិត​ស្វាញ​យ៉ាង​ខ្លាំង ហើយ​បណ្ដាល​មកពី​​ទឹកទី​​៤ និងទី​​៥ កីឡាករ​ឡាវ​ឈ្នះ​​ប្រៀប​ខ្លាំង​ពេក ទើប​ជ័យ​ជម្នះ​ជា​ម្ចាស់ខ្សែ​ក្រវាត់​អន្តរជាតិ​​​​​លើកទី​២​របស់​ព្រឹត្តិការណ៍​​ខារ៉ាបាវ​កាលពីល្ងាច​ថ្ងៃ​សៅរ៍នោះ បានទៅលើ​បរទេស។

លោកថា​​​​​​​​​ការជំទាស់មិនទទួល​យ​កលទ្ធផលរបស់​​ភរិយា​លោក​ ឡុង សុវណ្ណឌឿន គឺជា​រឿងដែល​​​​​​សុខចិត្ត​ចំពោះ​លទ្ធផល​បរាជ័យរបស់​​​​ស្វាមី ប៉ុន្តែលោកថា​អ្វីៗ​ដែល​បានធ្វើឡើង​គឺ​ជា​រឿង​​​សមស្រប​​ផ្អែកទៅតាមកម្រិត​ប្រកួត​ជាក់ស្ដែង។

លោកថា​​​​​​សង្វៀន​កម្ពុជា មិន​អាច​សម្អាងថា​​​​​ការប្រកួត​ក្នុង​ស្រុក ​អោយ​តែកីឡាករ​កម្ពុជា​ខ្លួនឯង​ក៏អោយ​ឈ្នះទាំងចាញ់​ប្រៀប​នោះទេ ដើម្បី​កុំអោយវិស័យកីឡាករ​អាប់អោននិង​កុំអោយ​​កីឡាករ​កម្ពុជា​ដែលមានសមត្ថភាព​​​​មិនដល់​​បរទេស​មិនខំ​ប្រឹង​ប្រែង។

លោកថា ​​​​ឡុង សុវណ្ណឌឿន ប្រកួត​​​ល្អ​​​៣​ទឹក​ដំបូង តែ​ក៏មិនឈ្នះ​ដាច់​​ដែរ ​គឺស្ថិត​ក្នុង​ភាព​ប្រហាក់​ប្រហែល​គ្នា​ប៉ុណ្ណោះ ​​​ប៉ុន្តែ​នៅទឹកទី៤និង​ទី​​៥ គឺ​កីឡាករកម្ពុជា​​​​ត្រូវកីឡាករ​ឡាវ​វាយ​អោយ​បាក់មុខ​យ៉ាង​គំហ៊ុក​​ទើប​ជ័យ​ជម្នះ​​ត្រូវតែអោយទៅ​ឡាវ។

​លោក​​​​​​ថា​ម្ចាស់ខ្សែ​ក្រវាត់អន្តរជាតិ​ មិន​​​អាច​ជា​កីឡាករ​ដែល​​​​បានត្រឹម​​​​ប្រហាក់​ប្រហែល​ក្នុងការ​វាយ​លុក ហើយ​ចុង​ក្រោយ ក៏ត្រូវ​គេ​វាយ​ដួល​ប្រផះ​ប្រភីង​​​​​ដូច​អ្វីដែល ឡុង សុវណ្ណឌឿន បាន​​​​​​​ប្រឈម​នោះទេ ទើបលោក​​បញ្ជាក់ថា​​​ការ​តវ៉ារបស់​​​​ភរិយា​លោក​ ឡុង សុវណ្ណឌឿន មិនសម​ហេតុ​ផល។

លោកនិយាយថា ​​«​ប្រពន្ធ​គាត់​ឈរ​ស្រែកថា​​លទ្ធផល​នោះមិនត្រឹម​ត្រូវ តែ​​​​គាត់មាន​មើល​​​​​ ឡុង សុវណ្ណឌឿន ​២​ទឹកចុង​ក្រោយទេ តើ​យើង​អាច​អោយ​គាត់​ឈ្នះ​បានអត់ បើ​​៣​ទឹក​​ដំបូង​​គាត់​​វាយ​​​បាន​​​ឈ្នះ​ប្រៀប​មែន តែ​​ឡាវ​គេ​អត់​អី​ផង​ហ្នឹង តែ​​ដល់​២​ទឹកចុង​ក្រោយ ​គេ​វ៉ៃគាត់ដួល​​​ទីណាត់ទីណែង ហើយ​អោយ​​​​​​ខ្សែ​​ក្រវាត់​​ម៉េច គេ​​​មិនថា​​​​​​​​​​ការប្រកួត​ហ្នឹង​បក្ស​​ពួក​ងាប់!»។

​លោកថា​ការប្រកួតមិនមានចំណាត់ថ្នាក់​លេខ​​៣ និង​លេខ​៤​នោះទេ ដោយ​ជើងឯកបានខ្សែ​ក្រវាត់ បានពាននិង​ទឹកប្រាក់​​​២០លាន​រៀល និង​​​​​កីឡាករ​ ឡុង សុវណ្ណឌឿន ​​​បាន​ទឹកប្រាក់១២លានរៀល ស្មើនឹង៣០០០ដុល្លារ និង​ពាន​កិត្តិយស​មួយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ