លិខិតមិត្តអ្នកអាន៖ ដំណើរទៅមុខ បន្ទាប់ពីការទំលាក់ការប្រាក់មកត្រឹម១៨%

ធនាគារជាតិកម្ពុជា

អត្រាការប្រាក់១៨% នឹងបង្ករការលំបាកដល់ប្រត្តិបត្តករមីក្រូហិរញ្ញវត្ថុណាដែលផ្តល់ប្រាក់កំចីតិចជាង៥ពាន់ដុល្លា។ ពីព្រោះថា សព្វថ្ងៃនេះ តំលៃទុនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខ្ចីមកពីក្រៅប្រទេស គឺប្រមាណ៨% ...

កាលពីថ្ងៃទី១៣ខែមីនាឆ្នាំ២០១៧ កន្លងមកនេះ ធនាគាជាតិចេញសេចក្តីប្រកាស ស្តីពីការកំរិតការប្រាក់អតិបិរមាត្រឹម១៨%។ ការប្រកាសនេះ ធ្វើឲ្យប្រជារាស្រ្តភាគច្រើនទទូលការស្វាគមន៏ និង គាំទ្រយ៉ាងពេញទំហ៊ឹង។ ជាមួយគ្នានេះផងដែរ អ្នកជំនាញក្នុងវិស័យនេះ រួមទាំងខ្ញុំដែរ មានការបារម្មណ៍ថា ការដាក់កំរិតអតិបិរមានៃតំលៃការប្រាក់ប្រាក់កំចីនេះ និងបង្ករអរិយៈភាពក្នុងវិស័យនេះ ទាំងផ្នែកប្រត្តិបត្តការ និង និរន្តភាពនៃសេវាប្រាក់កំចីមានទំហ៊ំតូច ដែលយើងឲ្យឈ្មោះមីក្រូ (តូច)ហិរញ្ញវត្ថុនេះ។

អត្រាការប្រាក់១៨% នឹងបង្ករការលំបាកដល់ប្រត្តិបត្តករមីក្រូហិរញ្ញវត្ថុណា ដែលផ្តល់ប្រាក់កំចីតិចជាង៥ពាន់ដុល្លា។ ពីព្រោះថា សព្វថ្ងៃនេះ តំលៃទុនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខ្ចីមកពីក្រៅប្រទេស គឺប្រមាណ៨% បូកផ្សំនិងតំលៃប្រត្តិបត្តការខ្ទង់ប្រហែល១០%ទៀត គឺខ្ទង់ប្រហែល១៨%ទៅហើយ។ នេះនៅមិនគិតដល់ថ្លៃពន្ធផ្សេងៗទៀតផង។ តបនឹងការចេញសេចក្តីប្រកាសនេះ សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានកោះហៅសមាជិក (ជាង ៨០ស្ថានប័នមីក្រូហិរញ្ញវត្ថុ) មកប្រជុំជាបន្ទាន់ ដើម្បីពិនិត្យលទ្ធភាព និងផលប៉ះពាល់នៃសេចក្តីប្រកាសនេះ ដល់សមាជិករបស់ខ្លួន។ ជាលទ្ធផល សមាគមន៏គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបាន សំយោគ ជាសំណើរមួយជូនដល់ធនាគារជាតិ ដែលជានិយ័តកររបស់ខ្លួនឲ្យសម្របសម្រួលចំនួន២ចំណុច៖

ទី១ គឺរដ្ឋាភិបាល តាមរយៈធនាគាជាតិ ត្រូវដើរតួនាទីជាអ្នកលក់ដុំ (ផ្តល់ប្រាក់កំចី) ដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ពីព្រោះថា សព្វថ្ងៃនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា ត្រូវរត់ទៅរកប្រាក់កំចីពីបរទេស ដែលមានការប្រាក់ចន្លោះពី ៧%ទៅ១០% ក្នុង១ឆ្នាំ ហើយមានរយៈពេលខ្លី (ត្រឹម៥ឆ្នាំ)។ ហើយប្រភពទុន មួយចំនួនទៀត បានមកពីការដាក់ប្រាក់សន្សំពីអតិថិជន ដែលមានការប្រាក់ចន្លោះពី ៧%ទៅ១១% ក្នុង១ឆ្នាំ (ត្រឹម៣ឆ្នាំ)។ តាមរយៈធនាគាជាតិ សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជឿថា ប្រសិទ្ធិភាពនិងលទ្ធភាពនៃការរកប្រភពទុន មានភាពល្អប្រសើរជាង គឺបានអត្រាការប្រាក់ទាបជាង (អាចត្រឹម ២% ក្នុង១ឆ្នាំ) បានរយៈពេលយូរជាង (អាចមានរហូតដល់ ២០ឆ្នាំ) ហើយបានចំនួនច្រើនជាង (អាចរហូតដល់ រាប់ពាន់លានដុល្លា)។ បើរដ្ឋាភិបាល ដើរតួនាទីជាអ្នក បោះដុំនោះ អត្រាការប្រាក់ និង ធ្លាក់ចុះយ៉ាងគំហុក។ គឺពី ២៤% ទៅ ៣៦% ក្នុង១ឆ្នាំ មកត្រឹម ១៦% ទៅ ៣០% ក្នុង១ឆ្នាំ។

ទី២ សមាគន៏គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស្នើរឲ្យរាជរដ្ឋាភិបាលបន្ធូរបន្ថយពន្ធខ្លះលើវិស័យនេះ។ អាចជាពន្ធកាត់ទុក ពន្ធនៃផលចំណេញ ពន្ធផ្លាកយីហោ ពន្ធប្រាក់ខែបុគ្គលឹក ជាដើម។ ការបន្ធូរបន្ថយពន្ធ ក៏ជាលទ្ធភាពដែលអាចជួយអោយអត្រាការប្រាក់ ធ្លាក់មួយកំរិតថែមទៀតដែរ។ យ៉ាចតិចណាស់ ក៏បាន ត្រឹម ១%ទៀតដែរ។ ក៏ប៉ុន្តែ ប្រហែលជារដ្ឋាភិបាលនឹងសួរត្រឡប់ទៅវិញថា៖ បើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចង់ឲ្យរដ្ឋាភិបាលធ្វើអញ្ចឹង តើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខ្លួនឯង នឹងធ្វើអ្វីខ្លះ ដើម្បីសំរេចគោលដៅ កំរិតអតិបរិមាអត្រាការប្រាក់ត្រឹម១៨%? បើយើងគណនាមើលទៅ បើយក ៣៦% (អត្រាការប្រាក់បច្ចុប្បន្ន) – ៨% (បើធនាគាជាតិជាអ្នកបោះដុំ ត្រឹមការប្រាក់២% ទៅ ៤%) – ១% (ការបន្ធូរបន្ថយពន្ធខ្លះ) = បានត្រឹមតែ ២៧%ក្នុង១ឆ្នាំ។ ដូច្នេះ នៅសល់ 9%(២៧%-១៨%) ទៀត គឺគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រូវរាប់រងដោយខ្លួនឯង។

នេះ នៅមិនទាន់និយាយដល់បញ្ហា នៃប្រត្តិបត្តការជំនូញដែលអាចបង្ករឡើង ដោយផ្នត់គំនិតរបស់អតិថិជន ទំនុកចិត្តពីអតិថិជនដែលដាក់ប្រាក់សន្សំ និង អ្នកវិនយោគ (ទាំងម្ចាស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និង អ្នកឲ្យប្រាក់កំចី ទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ) ដោយព្រោះការដាក់កំរិតនៃសេចក្តីក្រកាសអោយចាប់អនុវត្ត មានរយៈពេលតែ៣អាទិត្យប៉ុណ្ណោះ (ចេញថ្ងៃទី១៣ខែមីនាឆ្នាំ២០១៧ ចាប់អនុវត្តនៅថ្ងៃទី១ខែមេសាឆ្នាំ២០១៧)។ ក៏ប៉ុន្តែ បើយើងក្រលេកមើលប្រវត្តិនៃប្រតិបត្តការនៃវិស័យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខ្ញុំយល់ថា រដ្ឋាភិបាល តាមរយៈធនាគាជាតិ បានដើរតួនាទីយ៉ាងមានប្រសិទ្ធិភាព ក្នុងនាមជាអនាព្យាបាលមួយរូបក្នុងិស័យនេះ។

ក្នុងប្រទេសកំពុងអភិវឌ្ឍដូចជាប្រទេសកម្ពុជា វិស័យធនាគា និងហិរញ្ញវត្ថុ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវិឌ្ឍន៏ប្រទេសជាតិ ជាពិសេស គឺការគៀងគរ អ្នកវិនិយោគ ឲ្យយកប្រាក់សុទ្ធមករកស៊ីជាមួយ ដើម្បីបង្កើតប្រសិទ្ធិភាព និង បង្កើនចរន្តសេដ្ឋកិច្ចជាតិ។ ឧទាហរណ៏ជាក់ស្តែងមួយ គឺថា ក្នុងចំនោមប្រាក់កំចី ជិត ៤ពាន់លានដុល្លា គឺមានជាង ៣០% (១,២០០ លានដុល្លា) ដែលបានបោះទុនចូល ក្នុងវិស័យកសិកម្ម។ ពីមុនកសិកម្ម១ហិចតា ត្រូវការកំលាំងមនុស្ស បួន ទៅប្រាំនាក់ធ្វើការ។ ឥឡូវនេះ មនុស្សតែម្នាក់ គឺគាត់មានតែត្រាក់ទ័រមួយ គាត់អាចធ្វើស្រែ បានពី ៥ ទៅ ១០ហិចតា។

យើង ត្រូវចាំផងដែរថា បើសិនជាយើងក្រលេក ទៅមើលនៅទស្សវត្សទី៩០វិញ មុនមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះ គឺមានតែអង្គការប្រត្តិបត្តករ មីក្រូហិរញ្ញវត្ថុ និង កំចីឯកជន ដែលមានអត្រាការប្រាក់ពី ៦០%ក្នុង១ឆ្នាំ (៥%ក្នុង១ខែ) រហូតដល់ ២៤០%ក្នុង១ឆ្នាំ (២០%ក្នុង១ខែ)។ នៅឆ្នាំ២០០០ ធនាគាជាតិ ក៏ចេញសេចក្តីប្រកាសស្តីពីការបង្កើត គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ ដែលធ្វើឲ្យអង្គការប្រត្តិបត្តករមីក្រូហិរញ្ញវត្ថុ បំលែងខ្លួនទៅជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហើយក៏នាំយកអ្នកវិនយោគទុន ក្នុងវិស័យនេះរហូតដល់ ជាង៤ពាន់លានដុល្លា មកបោះទុនក្នុងវិស័យនេះ។

សព្វថ្ងៃនេះ មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលចុះបញ្ជីនៅធនាគាជាតិរហូតដល់ជាង៦០ ហើយប្រត្តិបត្តករហិរញ្ញវត្ថុដែលមិនទាន់ចុះបញ្ជីនៅធនាគាជាតិ ជាង៣០០ថែមទៀត។

ក្នុងនាមជាអ្នកធ្លាប់ធ្វើការ និងតាមដានវិស័យនេះម្នាក់ ខ្ញុំយល់ថា ការប្រាក់ ៣%មិនមែនជាបន្ទុកធ្ងន់ធ្ងរដែលពូកគាត់មិនអាចរាប់រងបានពេកនោះទេ បើសិនជាផលរបររបស់គាត់នៅតែអាចរកបាន។ ឩ. ផលិតផលកសិកម្មរបស់គាត់ មានទីផ្សា និង តំលៃសមរម្យ។ គាត់អាចធ្វើស្រែ លើសពី១ដង ក្នុង១ឆ្នាំ។ មានការងារស្ថិតស្ថេរ នៅក្បែផ្ទះសំបែង របស់គាត់។ អ្វីដែលធ្វើឲ្យគាត់ មានបំណុលរំកោះដោះខ្លួនមិនរួច បង្ខំចិត្តលក់ផ្ទះសំបែង ដីធ្លី ធ្វើចំណាកស្រុក នោះគឺមកពី ការប្រកបរបររកស៊ី ធ្វើការក្នុងស្រុកមិនកាក់កបគ្រប់គ្រាន់ល្មម គូបផ្សំនិងកំរិតនៃចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់គាត់ នៅមានកំរិត ដោយព្រោះតែគាត់ ជាអ្នកកសិករ មិនមែនជាពូជអ្នករកស៊ីគិតគួរកាក់ល្អិតនោះទេ។ ជាក់ស្តែង គឺមានការស្រាវជ្រាវមួយរកឃើញថា៖ ប្រមាណ៣០% នៃប្រាក់កំចីរបស់ពូកគាត់ គឺសំរាប់របស់របរហូបចុកប្រើប្រាស់ប្រចាំថ្ងៃ មិនមែនប្រើសប្រាស់សំរាប់បង្កើនប្រាក់ចំណូលនោះទេ។

យើងមើលរូបភាពជារួម៖ ជាមធ្យម ប្រជាជនខ្មែរ ម្នាក់រកចំណូលបាន ខ្ទង់ប្រហែល១០០$ ក្នុង១ខែ (GDP 2015)។ ហើយប្រាក់កំចីសរុបរបស់ប្រជាជន ដែលផ្តល់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគា មានប្រមាណប្រហែល ១២ពាន់លានដុល្លា(រាបាយការណធនាគាជាតិ ២០១៥) ដែលមានអ្នកខ្ចីខ្ទង់ប្រហែល ២.៥លាននាក់ (អាចថា ២.៥លានគ្រួសារ ក្នុងចំណោម ៣លានគ្រួសារ ទូទាំងប្រទេស) ឬថា ក្នុង១នាក់ជំពាក់ប្រាក់ប្រមាណជា ៤ពាន់ដុល្លា ដែលមានរយៈពេល ២៤ខែ ជាមធ្យម និង អត្រាការប្រាក់ ២%ក្នុង១ខែ ជាមធ្យម។ បើយើងយក ១៤ពាន់លានដុល្លា ចែក និង ២.៥នាក់ គុណ២%ក្នុង១ខែ ហើយ ចែក និង ២៤ខែនោះ ម្នាក់ត្រូវបង់សងទាំងការទាំងដើម ខ្ទង់ប្រហែល ២៤០$ ក្នុង១ខែ។ អញ្ចឹង ក្នុងពេលដែលប្រជាជនរកបានតែ ១ខែ ១០០$ ក្នុង១ខែ ឬ ២០០ដុល្លា ក្នុង១ក្រុមគ្រួសារ(ធ្វើការទាំងបីទាំងប្រពន្ធ) ពេលនោះ ពូកគាត់ច្បាស់ណាស់ គឺច្បាស់ដល់ដំណាក់កាលមួយដែលមិនអាចរាប់រងរួច។ លទ្ធភាពរបស់ប្រជាជនខ្មែរ គឺម្នាក់១គ្រួសារ គិតជាមធ្យម គឺមិនត្រូវជំពាក់លើសពី១៥០$នោះទេ។ តាមការសិក្សា (បំណុលវ័ណ្ឌក នៅឆ្នាំ២០១៣) បង្ហាញថា៖ អតិថិជនប្រាក់កំចី ប្រមាណ៥០% មានការពិបាក ក្នុងការសងត្រឡប់មក(សងយឿត) គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិញ។ តាមពិតទៅ ការទំលាក់ការប្រាក់អោយធ្លាក់ចុះមកទាបគឺជាការល្អបំផុត បើអាចធ្វើទៅបាន។ ឩ. ពីមុនគាត់ធ្លាប់សង ១ខែ ២៤០$ (៤០$ជាការប្រាក់) ក្នុងអត្រាការប្រាក់ ៣%។ ពេលទំលាក់មកត្រឹម ១.៥% គឺគាត់ នឹងបង់សងតែ ២២០$ តែនៅតែមិនអាចអោយគាត់ ធូរស្រាលនោះទេ។ ព្រោះចំនួនត្រូវសងត្រឡប់មកវិញ (២២០$) នោះគាត់នៅតែមិនអាចរត់រូចនោះទេ។

ក្រៅពីទំលាក់ការប្រាក់ និងយោបល់ផ្សេងៗដែលផ្តល់ដោយអ្នកជំនាញហិរញ្ញវត្ថុ និង សេដ្ឋកិច្ចតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ខ្ញុំមានយោបល់បន្ថែម ៣ចំណុចទៀត៖

ទី១) រដ្ឋគួរពីចារណា ផ្តល់យោបល់ដល់ប្រត្តិបត្តករ ក្នុងការបន្ថែមរយៈពេលនៃការបង់សងត្រឡប់មកវិញ ធ្វើយ៉ាងណា អោយចំនួននៃការសងត្រលប់មកវិញ តិចជាង ១៥០$(ទាំងដើម ទាំងការ) ក្នុង១គ្រួសារ ឬស្មើរនឹង ៥០%នៃប្រាក់ចំណូលក្នុង១គ្រួសារយ៉ាងច្រើន ជាពិសេស គឺការអោយប្រាក់កំចីទៅកសិករ (ក្រោម៥ពាន់ដុល្លា)។ បើមួយគ្រួសារជំពាក់៤ពាន់ដុល្លា ក្នុងរយៈពេល ៥ឆ្នាំនោះ ពូកគាត់នឹងសងត្រឡប់មកវិញ ប្រមាណត្រឹមតែ ១០០$ប៉ុណ្ណោះក្នុង១ខែ ទាំងការទាំងដើម។ ចំនួននេះ គឺពួកគាត់អាចរត់រូច ដោយត្រឹមតែ ប្តី ឬ ប្រពន្ធធ្វើការជាកម្មករសំណង់ ឬ កម្មកររោងចក្រកាត់ដេរ(ក្រៅពីរដូវដាំដុះ)។

ទី២) រដ្ឋាភិបាល គូរតែពិចារណារិតបន្តឹងគៀងគ អ្នកផ្តល់ប្រាក់កំចីក្រៅប្រព័ន្ធ ដែលគេគ្រប់គ្នាស្គាល់ថា «អ្នកចងការប្រាក់» អោយមកចូលក្នុងប្រព័ន្ធច្បាប់វិញ តាមរយៈការបង្កើតច្បាប់ និង ការលើកទឹកចិត្តពីរដ្ឋាភិបាល។ ពីព្រោះថា អ្នកចងការប្រាក់ឯកជនទាំងនោះ ក៏ជាអ្នករូមចំណែកអភវិឌ្ឍន៏សេដ្ឋកិច្ច១ចំណេកដែរ។ អ្នកទាំងនេះផ្តល់ភាពងាយស្រួល ក្នុងការខ្ចីប្រាក់ តែអត្រាការប្រាក់មានចន្លោះពី ៥% ទៅ ១០%ក្នុង១ខែ។ អ្វីដែលធ្វើអោយគាត់វ័ណ្ឌក គឺហើយខ្លាចតែពូកគាត់ ខ្ចីលុយ ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅសងបំណុលអ្នកចងការប្រាក់ហ្នឹងហើយ។ ពីព្រោះពូកគេនៅក្រៅប្រព័ន្ធ ធ្វើអោយរដ្ឋពិបាកគ្រប់គ្រងថា តើពូកគេ មានអោយប្រាក់កំចីទៅអ្នកណាខ្លះ។

ទី៣) រដ្ឋាភិបាលគួរតែធ្វើយ៉ាងណា ដើម្បីបង្កើតប្រភពទុនក្នុងស្រុក។

ព្រោះថា ការខ្ចីប្រាក់គេ (ឧបមាថា រដ្ឋាភិបាលដើរតួនាទីជាអ្នកខ្ចីប្រាក់ពីក្រៅប្រទេស មកអោយគ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ) មិនមែនជាយន្តការ និង យុទ្ធសាស្រ្តយូរអង្វែងទេ។ប្រភពទុនក្នុងស្រុក ដែលយើងអាចមើលឃើញភ្លាមៗ គឺ ប្រាក់ខែកម្មកររោងចក្រកាត់ដេរ ជាង ៧០មឺននាក់ (ដែលមានប្រាក់ខែយ៉ាងតិច១៥០ដុល្លា) ពលករខ្មែរដែលធ្វើការនៅស្រុកថៃ ជាង១លាននាក់ (ដែលត្រូវការផ្ញើរលុយមកផ្ទះវិញយ៉ាងតិច ១០០ដុល្លាក្នុង១ខែ) និង ពលករខ្មែរដែលធ្វើការនៅប្រទេសកូរេជាង៥ម៉ឺននាក់ (ដែលត្រូវការផ្ញើរលុយមកស្រុកវិញយ៉ាងតិច ៥០០ដុល្លាក្នុង១ខែ)។ បើយើងយកតួរលេខទាំងអស់បូកបញ្ចូលគ្នាគឺថា៖ ១៥០ x ៧០មឺននាក់ + ១០០ x ១លាននាក់ + ៥០០ x ៥មឺននាក់ = ២៣០លានដុល្លា ក្នុង១ខែ ឬ ២.៧ពាន់លានដុល្លា ក្នុង១ឆ្នាំ នេះនៅមិនទាន់គិតពីវិស័យផ្សេងៗផង។ បញ្ហានៅត្រង់ថា៖ លុយទាំងនេះ មិនបាននៅក្នុងប្រព័ន្ធធនាគានោះទេ គឺនៅហោប៉ៅបុគ្គលរៀងៗខ្លួន។ អ្វីដែលរដ្ឋាភិបាលគូរធ្វើនោះគឺថា គូរតែបង្កើតគោលនយោបាយលើកទឹកចិត្ត កុំអោយពលរដ្ឋចាយជាសាច់ប្រាក់សុទ្ធ គឺចាយតាមប្រព័ន្ធធនាគា។ ឩ. បើ ក្រុមហ៊ុនតូចធំណា បើកប្រាក់ខែបុគ្គលឹក តាមប្រព័ន្ធធនាគា នោះពន្ធប្រាក់ខែនឹងទាបជាង ការបើកជាសាច់ប្រាក់សុទ្ធ១០%។ ឧទាហរណ៏មួយទៀត៖ ពន្ធអាករលើតំលៃបន្ថែម (VAT) ។ បើអ្នកណាប្រើកាតធនាគា ក្នុងការទិញទំនិញប្រើប្រាស់ផ្សេងៗនោះ នឹងរដ្ឋនិងបន្ថយពន្ធពី១០% មកត្រឹម៥%។ បើរដ្ឋអាចអនុវត្តគោលនយោបាយបែបនេះបាន ក្រៅពីមានលុយក្នុងធនាគា រដ្ឋក៏អាចគ្រប់គ្រងចរន្តសាច់ប្រាក់បានយ៉ាងមានប្រសិទ្ធិភាព ហើយក៏ជាយន្តការបង្កើនចរន្តសេដ្ឋកិច្ចជាតិផងដែរ។ សព្វថ្ងៃមានអ្នកប្រើប្រាស់ទូរស័ព្ទជិត៥០% (របាយការណ៏ស្រាវជ្រាវរបស់ Asia Foundation នៅចុងឆ្នាំ២០១៦) ប្រើប្រាស់ទូរស័ព្ទសេរីទំនើបដែលអាចប្រើប្រាស់សំរាប់ទូទាត់សាច់ប្រាក់ ពីទូរស័ព្ទដៃបាន ហើយក៏មានអ្នកប្រើហ្វេសប៊ុកជិត៤លាននាក់ផងដែរ។

ដូច្នេះ គោលនយោបាយលើកទឹកចិត្តការចាយប្រាក់តាមប្រព័ន្ធធនាគា មិនមានជាបញ្ហាឬ ឧបសគ្គធំដុំប៉ុណ្ណោះទេ ហើយ ក៏មិនចំណាយពេលយូរដែរ។

ឧបមាថា៖ កម្មករបើកប្រាក់ខែ តាមប្រព័ន្ធធនាគា។ គាត់ទទូលបានកាតធនាគាមួយ។ ពេលប្រាក់ខែចូលដល់គណនីរបស់គាត់ហើយ គាត់មិនចាំបាច់ទៅដកលុយ ផ្ញើរទៅផ្ទះគាត់ទេ។ គាត់គ្រាន់តែកាន់កាតរបស់គាត់ ទៅភ្នាក់ងារផ្ញើរលុយ Wing ឬ TrueMoney ឬ E-Money នោះគាត់អាចវាលុយ ទៅអ្នកផ្ទះគាត់បានហើយ។ ពេលលុយទៅដល់គណីអ្នកផ្ទះគាត់ហើយ គាត់អាចយកកាតធនាគារបស់គាត់ ទៅកាន់ភ្នាក់ងារផ្ញើរលុយ ហើយ បង់ថ្លៃទឹកភ្លើង បង់សងប្រាក់កំចី អាចទិញម្ហូបអាហារ បន្លែត្រីសាច់នៅទីនោះ ដោយមិនបាច់ដកប្រាក់ចេញនោះទេ។ គេត្រូវចាំថា ភ្នាក់ងារវេលុយភាគច្រើន គឺសុទ្ធតែអ្នកលក់ចាប់ហួយ (លក់អង្ករ អំបិល ប៊ីចេង របស់របរប្រើប្រាស់ផ្សេងៗ)។ ដូច្នេះ បើគាត់មានកាតហើយ គាត់មិនចាំបាច់ទៅដកលុយ ពីភ្នាក់ងារវេរលុយ ដែលលក់អំបិលប៊ីចេងនោះទេ។ ទី១ ពេលគាត់ដកលុយ គឺត្រូវបង់ថ្លៃសេវាដកប្រាក់ ហើយ ទី២ អាចនឹងត្រូវបង់ពន្ធអាករបន្ថែម (VAT) ថែមទៀត។ បើយើងផ្តល់ជំរើសអោយគាត់បានល្អ គាត់ច្បាស់ជាមិនចង់ដកប្រាក់ចេញពីគណនីធនាគារបស់គាត់ទេ។ពេលនោះ លុយទាំងនោះ គឺច្បាស់ជាវិលជុំនៅក្នុងធនាគា ដែលធនាគា អាចបង្វែលុយទាំងនោះ ទៅបោះទុនប្រាក់កំចីដោយមិនមានការប្រាក់ ហើយក៏មានរយៈពេលវែងផងដែរ។

គោលនយោបាយនេះ គូរតែទៅរូចភាគច្រើន ដោយសារតែ (ក) មានភ្នាក់ងារវេរលុយជិត ២ម៉ឺនកន្លែង ដែលយ៉ាងហោចណាស់ ជាងពាក់កណ្តាល គឺជាអ្នកលក់ចាប់ហួយ បោះដុំ និងរាយ តូចនិងធំ (ខ) មានគណនីធនាគា(គណនីកំចី) ជាង ២.៥លាន (គ) មានអ្នកប្រើទូរស័ព្ទសេរីទំនើប (Smart Phone) ជាង ៣លាននាក់។

ជាចុងក្រោយ ខ្ញុំមានជំនឿលើធនាគាជាតិ ក្នុងដឹកនាំ និង គ្រប់គ្រងវិស័យនេះអោយកាន់តែរីកចំរើន ប្រកបដោយរចិរភាព។ តាមរយៈការទំលាក់ការប្រាក់មកត្រឹម ១៨%នេះ ខ្ញុំជឿថា ប្រជារាស្រ្តភាគច្រើនអបអរសាទរនៅចំណាត់ការនេះ។ អាចនិយាយបានថា៖ ការទំលាក់ការប្រាក់នេះ គឺទទូលបានការគាំទ្រពីរាស្រ្តភាគច្រើន។ ហើយ ខ្ញុំក៏ជឿដែរថា រដ្ឋាភិបាល តាមរយៈធនាគាជាតិ នឹងប្រឹងប្រែងផ្តល់ការគាំទ្រ រកវិធានការគ្រប់បែបយ៉ាង ក្នុងការផ្តល់ទំនុកចិត្តដល់ដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក៏ដូចជាអ្នកវិនយោគក្នុងវិស័យនេះ ថែមទៀត៕

ដោយ យ៉ង ប៉ាក់

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។