ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឲ្យដឹងថា ក្រុមបច្ចេកទេសរបស់ក្រសួង បានផ្ញើឯកសារល្ខោនខោលខ្មែរទៅកាន់អង្គការយូណេស្កូជាផ្លូវការរួចហើយ ដើម្បីសុំចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។
នៅក្នុងសេចក្តីប្រកាសចេញផ្សាយថ្ងៃអង្គារទី៤មីនានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឲ្យដឹងថា កាលពីថ្ងៃទី២៩ខែមីនាឆ្នាំ២០១៧ ក្រសួងវប្បធម៌ បានទទួលការឆ្លើយតបជាផ្លូវការរបស់អង្គការយូណេស្កូ ក្នុងការដាក់ល្ខោនខោលខ្មែរ ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ហើយមិនត្រឹមតែប៉ុណ្ណោះ ក្រសួងក៏បានផ្ញើឯកសារគុនល្បុក្កតោខ្មែរ ជូនអង្គការយូណេស្កូ ដើម្បីស្នើសុំចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិផងដែរ។
បើតាមក្រសួងវប្បធម៌ ការស្នើសុំចុះបញ្ជីល្ខោនខោលនេះ ត្រូវឆ្លងកាត់ការពិនិត្យវាយតម្លៃជាច្រើនដំណាក់ ពីក្រុមអ្នកជំនាញអន្តរជាតិ មុននឹងដាក់ជូនគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអង្គការយូណេស្កូ ការពិនិត្យសម្រេច នៅចុងឆ្នាំ២០១៨។
ការស្នើឲ្យដាក់ ល្ខោនខោល ជាបន្ទាន់របស់កម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី ទំនងជាធ្វើឡើងបន្ទាប់ប្រទេសជាមិត្តថៃ ក៏គ្រោងស្នើសុំបញ្ជូល ល្ខោនខូន របស់ខ្លួនទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌអរូបីរបស់អង្គការយូណេស្កូ ផងដែរ៕