ពលរដ្ឋនៅខេត្ដឧត្ដរមានជ័យ​បារម្ភបាត់បង់ដីធ្លី

ប្រជាពលរដ្ឋជាង១២០គ្រួសារនៅស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ បានសម្ដែង​ការព្រួយ​បារម្ភ​ខ្លាចបាត់បង់ដីស្រែចំការ ដោយសារអាជ្ញាធរធ្វើផ្លូវឆ្លងកាត់​ ហើយ​ពុះឡូទុក​សម្រាប់លក់និងទុក​ឲ្យពលរដ្ឋមកពីតំបន់ផ្សេង។

តំណាងពលរដ្ឋនៅស្រុកអន្លង់វែង លោក សាធ បូរ៉ា ប្រាប់VODកាលពីថ្ងៃព្រហស្បតិ៍ទី៦មេសា​ ថា កាលពីពេលកន្លងថ្មីៗនេះ អាជ្ញាធរស្រុកអងន្លង់វែង និងខេត្ដឧត្ដរមានជ័យ បានឈូសផ្លូវ កាត់ដីចំការពលរដ្ឋ ដោយប្រាប់ថា ងាយស្រួលធ្វើដំណើរ ប៉ុន្ដែផ្ទុយទៅវិញលោកថា ការធ្វើផ្លូវនេះ ដើម្បីដីពុះឡូ ទុកសម្រាប់លក់និងទុកចែកឲ្យពលរដ្ឋមកពីតំបន់ផ្សេងទៅវិញ។

លោកបន្ដថា ពួកគាត់រស់នៅលើដីនៅតំបន់នោះ ជាច្រើនឆ្នាំមកហើយ ដោយបាន​ទទួល​ស្គាល់​​​ពី​អភិបាលខេត្ដ​ឧត្ដរមានជ័យ កាលពីឆ្នាំ២០១៤ផងដែរ។

លោកបន្ដថា៖ «លោកឯកឧត្ដម គាត់បាន​ចុះមកគាត់បាននិយាយថាពួក ខ្ញុំផ្លាស់ប្ដូរទីលំនៅ ហើយតាំងពីឆ្នាំ២០០៦ រហូតឆ្នាំ២០០៨លោកគាត់ទទួលស្គាល់គាត់ មិនរករឿងអីទេ ស្រាប់នៅឆ្នាំ២០១៧មានការឈូសឆាយហើយក៏​ពួកខ្ញុំសួរថា ចុះលោកអភិបាល​ស្រុករឿងផ្លូវនេះ ​ឈូសយ៉ាងម៉េចវិញគាត់ថា ឈូសធ្វើផ្លូវឲ្យបងប្អូនដើរ ប៉ុន្ដែផ្ទុយទៅវិញ គាត់វាស់ជាដីឡូវិញ​»។

ពលរដ្ឋមួយរូបទៀតលោក វណ្ណ ជី ឲ្យដឹងថា អ្នកភូមិចំនួន១២២គ្រួសារ នៅភូមិអូរតែម៉េង ឃុំអន្លង់វែង​ ព្រួយបាម្ភបាត់ដីពួកគាត់ ខណៈ៦០គ្រួសារកំពុងរងផលប៉ះពាល់​ពីការអភិវឌ្ឍផ្លូវ​ថ្មីនេះ។ អ្នកភូមិរូបនោះ អះអាងថា ដីកសិកម្មពួកគេ កន្លែងខ្លះមាន​ប័ណ្ណកម្មសិទ្ធពីក្រុមនិស្សិត​ចុះវាស់វែងនិងខ្លះទៀតបានបង្កបង្កើនផលជាង១០ឆ្នាំមកហើយ។ ពួកគាត់ស្នើឲ្យ​អាជ្ញាធរជួយដោះស្រាយ និងផ្ដល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនពួកគេ។

លោកបន្ដថា៖ «មុនដំបូងគេធ្វើជាផ្លូវទេ ធ្វើជាផ្លូវដើម្បីងាយស្រួលបើកបរចូលទៅចំការស្រួលដល់ពេលនេះអត់ទេគេទ្រួសជាផ្លូវរួចគេដាក់ក្បាលមួយឡូៗក្បាល២០បណ្ដោយ៤០មខ្លះបណ្ដោយ៨០ម៉បើសិនគេដាក់បណ្ដោយ២០ម៉រហូត»។

ករណីនេះ VOD មិនអាចទាក់ទងអភិបាលខេត្ដឧត្ដរមានជ័យលោក ស ថា ដើម្បីសុំការសាកសួរបាននៅឡើយទេ។

ប៉ុន្ដែអភិបាលស្រុកអន្លង់វែង លោក ហោ ជិនវីរៈយុទ្ធ មានប្រសាសន៍ថា ដីតំបន់នោះ ជាដីទីទួលសុវត្ថិភាព សម្រាប់ពលរដ្ឋដែលប្រឈមបញ្ហាផ្សេងៗ និងជាដីសហគមន៍ព្រៃឈើ។​

លោកបន្ថែមថា ពលរដ្ឋទាំងនោះជាមនុស្សចំណាកស្រុកមកតាំងទីលំនៅក្រោយគ​ម្រោ​ង​អភិវឌ្ឍន៍របស់រដ្ឋាភិបាល។

ទោះជាយ៉ាងនេះក្ដីលោកថា អាជ្ញាធរនឹងដោះស្រាយឲ្យមានតម្លាភាព ដោយមិនឲ្យ​មានការ​បណ្ដេញ​​ចេញនោះទេ។​

លោកបន្ដថា៖ «មានន័យថាមុនយើងស្នើសុំទៅរដ្ឋាភិបាល ​យើងបានធ្វើការសិក្សាផល​ប៉ះពាល់អស់ហើយ ចងគាត់ចូលកាន់កាប់ក្រោយគ្មាន​ស្របច្បាប់ទេ សម្រាប់ពួកគាត់ តែគោលនយោបាយរបស់រដ្ឋ គឺយើងដោះស្រាយដោយសន្ដិវិធី មិនឲ្យពួកគាត់ចាប់យក ៥ហិកតា១០ហិកតាអីទេ»។

ទោះយ៉ាងណា អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្ដឧត្ដរ​មានជ័យ​លោក ស្រី ណារ៉េន  មានប្រសាសន៍ថា លោកបានទទួលបណ្ដឹងពីពលរដ្ឋ និងមានគម្រោងស៊ើបអង្កេតនៅសប្ដាហ៍ក្រោយ។

លោកថា ដីនៅតំបន់នោះខ្លះជាដីសហគមន៍ព្រៃឈើ ហើយអាជ្ញាធរគួរដោះស្រាយ​ដោយ​សន្ដិវិធី ដើម្បកុំឲ្យមានជម្លោះកើតឡើង ខណៈដែល​ជិតដល់ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំសង្កាត់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ