អ្នក​ភូមិ​​វៀតណាម​ដោះ​លែង​មន្ត្រី​ចំណាប់​ខ្មាំង​២០​នាក់​ចុង​ក្រោយ​ជុំ​វិញ​ជម្លោះ​ដី​ធ្លី​ដ៏​ចម្រូង​ចម្រាស់

កំណាត់ឈើ​ដាក់ខណ្ឌ​ផ្លូវ​ក្នុង​ជំលោះ​ដី​ធ្លី​នៅ​វៀតណាម​​(រូបភាពពីទីភ្នាក់​ងារ​ Reuters)

ក្រុម​បាតុករ​ដែល​ពាក់​ព័ន្ធ​នឹង​ជម្លោះ​ដី​ធ្លី​នៅ​ជិត​ទីក្រុង​ហាណូយ បាន​ដោះ​លែង​មន្ត្រី ២០​រូប​ចុង​ក្រោយ ដែល​ពួកគេ​បាន​ចាប់​ទុក​ជា​ចំណាប់​ខ្មាំង​អស់​រយៈ​ពេល​ជិត ១​សប្ដាហ៍ ក្រោយ​ពី​ដំណើរ​ចូល​សួរ​សុខ​ទុក្ខ​របស់​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​បាន​ដក​ស្រង់​សម្ដី​សាក្សី កាល​ពី​ថ្ងៃ​ម្សិល​មិញ។

ក្រុម​អ្នក​ភូមិ​នៅ​ភូមិ​ដុងតាំ ស្ថិត​នៅ​ចម្ងាយ ៤០​គីឡូម៉ែត្រ​ពី​ទីក្រុង​ហាណូយ បាន​ចាប់​មន្ត្រី ៣៨​រូប ក្នុង​នោះ​មាន​ទាំង​មន្ត្រី​ប៉ូលិស​ផង​ដែរ កាល​ពី​សប្ដាហ៍​មុន ក្រោយ​ពី​អ្នក​ភូមិ ៤​នាក់ ត្រូវ​បាន​គេ​ចាប់​ខ្លួន​ក្នុង​លក្ខណៈ​ជា​ការ​សង​សឹក​នឹង​ការ​តវ៉ា​នានា​អំឡុង​ពេល​មាន​ជម្លោះ​ដី​ធ្លី​ខ្លាំង​ក្លា។

មន្ត្រី ១៥​រូប ត្រូវ​បាន​គេ​ដោះ​លែង​មក​វិញ​កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ ហើយ​មន្ត្រី ៣​រូប​ទៀត បាន​រត់​គេច​ខ្លួន​ ខណៈ​អាជ្ញាធរ​ក៏​បាន​ដោះ​លែង​ក្រុម​បាតុករ​ជាប់​ឃុំ​ផង​ដែរ។

អ្នក​ភូមិ​ដុងតាំ និយាយ​ថា ពួកគេ​ទទួល​បាន​សំណង​មិន​ត្រឹម​ត្រូវ​ពី​អាជ្ញាធរ ដែល​បាន​ដណ្ដើម​កាន់​កាប់​ដី​ធ្លី​ផ្ទះ​សម្បែង​របស់​ពួកគេ សម្រាប់​គម្រោង​អភិវឌ្ឍន៍​ទូរគមនាគមន៍។

មន្ត្រី​ទាំង ២០​រូប​នោះ ត្រូវ​បាន​គេ​ដោះ​លែង​មក​វិញ ក្រោយ​ពី​ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ទីក្រុង​ហាណូយ លោក ង្វៀន ដុកចុង ទៅ​ជួប​ជាមួយក្រុម​អ្នក​ភូមិ និង​ស្ដាប់​ពី​ទុក្ខ​កង្វល់​របស់​ពួកគេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ