ចិន និង​ជប៉ុន​គ្រោង​ជំរុញ​ចំណង​សេដ្ឋកិច្ច​ចំ​ពេល​អាមេរិក​ប្រកាន់​ជំហរ​ការពារ​និយម

រដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុន លោក តារ៉ូ អាសូ (ឆ្វេង​)និង​រដ្ឋមន្ត្រីហិរញ្ញវត្ថុចិន លោក សាវ ជី (រូបភាពពី​ទីភ្នាក់ងារ​ Reuters)

រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​ជប៉ុន លោក តារ៉ូ អាសូ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា ប្រទេស​ជប៉ុន និង​ចិន បាន​ឯកភាព​គ្នា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ខាង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ខណៈ​ដែល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ប្រកាន់​ជំហរ​ការពារ​និយម និង​ចំ​ពេល​ដែល​មាន​ភាព​តាន​តឹង​ជុំ​វិញ​បញ្ហា​កូរ៉េ​ខាង​ជើង។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​ចិន លោក សាវ ជី ដែល​ពុំ​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ត្រី​ភាគី​ជាមួយ​សមភាគី​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង​កាល​ពី​ថ្ងៃ​សុក្រ​នោះ បាន​ហោះ​ហើរ​ទៅ​ជជែក​គ្នា​ជាមួយ​លោក អាសូ ដោយ​បាន​ព្យាយាម​បំបាត់​ក្ដី​មន្ទិល​សង្ស័យ​អំពី​អវត្តមាន​របស់​លោក ដែល​ឆ្លុះ​បញ្ចាំង​ពី​បញ្ហា​ផ្នែក​កាទូត​ណា​មួយ។

លោក អាសូ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ក្រោយ​កិច្ច​ប្រជុំ​ថា លោក និង​លោក សាវ ជី បាន​ផ្លាស់​ប្ដូរ​មតិ​យោបល់​គ្នា​លើ​ស្ថានភាព​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៅ​ជប៉ុន និង​ចិន និង​កិច្ចសហ​ការ​ផ្នែក​ហិរញ្ញវត្ថុ។

លោក​បន្ថែម​ថា អ្វី​ដែល​សំខាន់​នោះគឺ​ថា ប្រទេស​ទាំង​ពីរ​បាន​បញ្ជាក់​ជា​ថ្មី​ម្ដង​ទៀត​អំពី​តម្រូវការ​កិច្ចសហការ​ផ្នែក​ហិរញ្ញវត្ថុ​ ខណៈ​ដែល​មាន​ការ​ចែក​រំលែក​ពី​បទពិសោធន៍​ក្នុង​ការ​ដោះ​ស្រាយ​គោល​នយោបាយ​សេដ្ឋកិច្ច និង​បញ្ហា​រចនា​សម្ព័ន្ធ។

ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ចាប់​ផ្ដើម​ការ​ស្រាវ​ជ្រាវ​រួម​ទៅ​លើ​បញ្ហា​ផល​ប្រយោជន៍​ទ្វេភាគី ហើយ​លទ្ធផល​នឹង​ត្រូវ​លើក​យក​ទៅ​ពិភាក្សា​គ្នា​នៅ​ជំនួប​បន្ទាប់ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០១៨​ខាង​មុខ នៅ​ក្នុង​ប្រទេស​ចិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ