អ្នកមានជម្លោះដីធ្លីជំរុញទៅរដ្ឋសភាពន្លឿនការដោះស្រាយបញ្ហាដីធ្លី

ពលរដ្ឋមកពី៤សហគមន៍ក្នុងរាជធានីភ្នំពេញ រកកិច្ចអន្តរាគមន៍ជាថ្មីពីរដ្ឋសភា ដើម្បីឲ្យស្ថាប័ននេះ ពន្លឿនការដោះស្រាយបញ្ចប់បញ្ហាដីធ្លីរបស់ពួកគេ ខណៈដែលពួកគេ​មិនមានជំនឿលើសាលារាជធានីភ្នំពេញដែលទទួលបន្ទុកដោះស្រាយរឿងនេះ។

អ្នកតវ៉ាប្រមាណ២០នាក់ មកពីសហគមន៍បុរីកីឡា អតីតបឹងកក់ សហគមន៍ព្រលានយន្តហោះ និង​សហ​គមន៍ផ្សេងទៀត បានប្រមូលផ្តុំគ្នានៅមុខរដ្ឋសភានៅព្រឹកនេះ។ ពួកគេអះអាងថា ការប្រមូលផ្តុំគ្នានេះ ដើម្បីចង់ដឹងពីលទ្ធផលដែលពួកគេបានដាក់ញត្តិស្នើឲ្យជំរុញទៅរដ្ឋា​ភិបាល​រកដំណោះស្រាយដីធ្លីកន្លង​មកថាតើ​​ រដ្ឋាភិបាលបានអន្តរាគមន៍ទៅក្រសួងពាក់ព័ន្ធ ឲ្យមា​ន​ដំ​ណោះ​​ស្រាយហើយឬនៅ។

ក្រោយពីតវ៉ាបានបន្តិច ពួកគេក៏ត្រូវបានអនុញ្ញាតឲ្យចូលទៅជួបគណៈកម្មការទី១ នៃរដ្ឋសភា​។

អ្នកស្រី ហុង សុខខេង ជាសកម្មជនដីធ្លីម្នាក់ប្រាប់អ្នកសារព័ត៌មានបន្ទាប់ចេញពីរដ្ឋសភាថា រដ្ឋសភាបានបង្វិលរឿងរ​បស់ពួកគាត់ទៅឲ្យក្រសួងដែនដីជាអ្នកដោះស្រាយហើយ។

អ្នកស្រីថា «អន្តរាគមន៍ទៅឯកឧត្ដម ជា សុផារ៉ា ហើយបញ្ជូនគ្រប់ក្រសួងទាំងអស់ ដើម្បីធ្វើការដោះស្រាយឲ្យពួកខ្ញុំឲ្យមានយុត្តិធម៌នឹងតម្លាភាព។ គាត់ឲ្យខ្ញុំទៅតាមដានសំណុំរឿងហ្នឹងមើលតើ ឯកឧត្ដម ជា សុផារ៉ា  គាត់ឆ្លើយយ៉ាងម៉េច ព្រោះគាត់អន្តរាគមន៍ទៅពីរឿងខ្ញុំទាមទារឲ្យខ្ញុំវាអយុត្តិធម៌ ឲ្យខ្ញុំមិនដល់ ១ % ផង ខ្ញុំទាមទារ ៥៣% បើនៅក្នុងអនុក្រឹត្យ ១២.៤៤ហិកតា ខ្ញុំត្រូវបាន១០០%។ លូវខាងក្រុងអសមត្ថភាពខ្ញុំសូមឲ្យខាងរដ្ឋសភាជួយ​អន្តរាគមន៍បង្វិលឲ្យឯកឧត្ដម ប៉ា​ សុជាតិវង្ស បង្វិលឲ្យឯកឧត្ដម ជា សុផារ៉ា  ដោះស្រាយឲ្យពួកខ្ញុំឲ្យមានយុត្តិធម៌»។

អ្នកស្រីបន្តថា ពួកគាត់ចង់ឲ្យក្រសួងដែនដីដោះស្រាយបញ្ចប់បញ្ហាដីធ្លីនៅតំបន់បឹងកក់នេះឲ្យមុនថ្ងៃបោះឆ្នោតថ្នាក់ជាតិ។

ពាក់ព័ន្ធរឿងនេះ VODមិនអាចទាក់ទង លោក សេង ឡូត អ្នកនាំពាក្យក្រសួងដែនដីនគរូបនីយកម្ម និងសំណង់បាននៅឡើយទេ ដោយទូរសព្ទចូលមិនមានអ្នកទទួល។

កាលពីថ្ងែទី ១៩ ខែមេសា ឆ្នាំ២០១៧ ពលរដ្ឋរងគ្រោះបញ្ហាដីធ្លីចំនួន៧គ្រួសារ នៅតំបន់បឹងកក់ បាននាំគ្នាទៅតវ៉ានៅមុខក្រសួងដែនដី ដោយទាមទារឲ្យស្ថាប័ននេះជួយដោះស្រាយ ប៉ុន្តែត្រូវបានក្រសួងបដិសេធដោយថា ករណីបឹងកក់  សាលារាជធានីភ្នំពេញជាអ្នកដោះស្រាយ។

បន្ទាប់ពីដឹងលទ្ធផលនៅរដ្ឋសភាហើយ ពួកគេបានក៏នាំគ្នាដើរ ទៅកាន់ឧទ្ទកាល័យនាយករដ្ឋមន្ត្រី ដើម្បីតាមដានញត្តិពួកគេដែលបានដាក់ទៅរដ្ឋាភិបាលឲ្យជួយអន្តរាគន៍កន្លងមកផងដែរ។

ក្រុមពលរដ្ឋ អះអាងថា ជំនួបចចារជាមួយសាលារាជធានីភ្នំពេញកន្លងមក សាលារាជធានីភ្នំពេញផ្ដល់ដីឲ្យអ្នកបឹងកក់តែ១០ភាគរយនោះទេ ខណៈដែលពួកគាត់ទាមទារ៥៣ភាគរយ តាមទំហំដីជាក់ស្ដែងដែលគាត់មាន។ ករណីនេះសាលារាជធានី បានទាត់ចោលសំណើរពួកគេហើយដាក់ឱសានាវាទឲ្យទទួលយកសំណងនោះដោយគិតត្រឹមពីថ្ងៃទី២៣ខែមីនាឆ្នាំ២០១៧ហើយបើមិនទទួលយកទេចាត់ទុកជាអសាបង់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ