លី ម៉ារីណា ស្វាមីលែងអោយទៅអាមេរិក

​អ្នកនាង លី ម៉ារីណា (វង្ស សុម៉ាលីន)

ខុសពីការប្រកាសកាលមុនដែលថាស្វាមីនឹងអោយទៅរស់នៅអាមេរិកក្រោយពេល​ចុះឡើងៗស្រុកខ្មែរបានមួយរយៈ ពេលនេះ​អ្នកនាង លី ម៉ារីណា បានអះអាងថាស្វាមីរបស់អ្នកនាងគឺលោក ចាន់ ថន ​មិនមានគម្រោងអោយ​អ្នកនាងចេញទៅរស់នៅសហរដ្ឋអាមេរិកដូចមុននោះទេ បើទោះជាក្នុងពេលខាងមុខកូនប្រុសរបស់អ្នកនាង​អាចនឹងចេញទៅរៀននៅអាមេរិក​​​ជាមួយនឹងស្វាមី។ អ្នកនាងក៏ហាក់បោះបង់គម្រោងចេញចូលអាមេរិកតាមរយៈការពង្រីកគ្រឹះ​ហក់ចូលសិល្បៈនិងបើកមុខជំនួញកាន់តែច្បាស់លាស់ទៅៗនៅក្នុងស្រុកនោះផង។

អ្នកនាង លី ម៉ារីណា និយាយថា​តាំងពីបានត្រលប់មកកាន់កម្ពុជា​ក្រោយពីឡើងទៅរស់នៅជាមួយស្វាមីនៅអាមេរិកបានមួយរយៈ អ្នកនាងមិនមានគម្រោងឡើងទៅរស់នៅសហរដ្ឋអាមេរិកវិញទេ​ ដោយទុកអោយស្វាមី​ជាអ្នកឡើងចុះៗវិញម្ដង ក្នុងពេលដែលស្វាមីរបស់អ្នកនាងក៏ទទួលចំពោះលក្ខខណ្ឌនោះ។

អ្នកនាង​ថាពីមុនស្វាមី​របស់អ្នកនាងមិនចង់រកស៊ីស្រុកខ្មែរនោះទេ ប៉ុន្តែក្រោយពេលអ្នកនាងប្រសូត្របានកូនប្រុសមួយ ​ស្វាមីអ្នកនាងក៏សម្រេចចិត្តបើកក្រុមហ៊ុននាំចូលគ្រឿងរថយន្តពីអាមេរិក​អោយអ្នកនាងធ្វើថៅកែស្រី​​ហើយអ្នកនាងក៏បែកគំនិតបើកហាងសំលៀកបំពាក់មួយ​​ផ្សេងទៀតដើម្បីពង្រីកសមត្ថភាព​គ្រប់គ្រង និងចាត់ចែងជំនួញ​អោយកាន់តែធំ។

អ្នកនាងថាផ្អែកតាមគម្រោង​ចេញមុខបើកជំនួញធំទៅៗនា​ពេលចុងក្រោយ អ្នកនាងមើលមិនឃើញពីគម្រោងត្រូវឡើងទៅរស់នៅអាមេរិកនោះទេ ក្នុងពេលដែលអ្នកនាង​​ក៏​ចាប់​ផ្ដើមយល់ថាជីវិតរស់នៅមួយរយៈនៅអាមេរិកគឺមិនមានអ្វីប្រសើរជាការរស់នៅក្នុងស្រុក ជាពិសេសក្នុងពេលអ្នកនាងមានសមត្ថភាព​បើកហាងនិងធ្វើជំនួញ​ជាទ្រង់ទ្រាយធំ​​ដុំដោយផ្ទាល់ខ្លួនបែប​នេះ​។

អ្នកនាងនិយាយថារស់នៅអាមេរិកត្រូវផ្ដើមពីសូន្យមិនស្រួលនោះទេ ហើយបើទោះជាបានក្លាយខ្លួនជាតារាសិល្បៈដែលមានឈ្មោះបោះសំឡេងដែលពលរដ្ឋខ្មែរនៅ​លើទឹកដី​អាមេរិកស្គាល់ច្រើន ក៏មិនស្រួលដូចនៅស្រុកខ្មែរ។

​អ្នកនាងបានទាំងសម្រេចចិត្តហក់ចូលសិល្បៈតាមរយៈការទទួលយកតំណែងក្នុងកម្មវិធី២របស់ប៉ុស្ដិ៍លេខ៣និងកម្មវិធីថ្មីមួយ​ទៀតរបស់ទូរទស្សន៍ Online នៅលើផេកល្បីមួយនោះផងដែលអ្នកនាងប្រកាសថានោះជាជំហានដែលធ្វើអោយអ្នកនាងមានមុខមានមាត់ជាជាងផ្ញើខ្លួននៅអាមេរិក។

អ្នកនាងនិយាយថា «ពីមុនគាត់(ស្វាមី)ចង់អោយខ្ញុំទៅនៅហ្នឹង តែលូវគាត់ដឹងហើយថានៅស្រុកខ្មែរស្រួលរកស៊ីជាង ​មិនថាបើកហាង ឬប្រឡូកសិល្បៈអីទេមើលទៅល្អជាង»។

អ្នកនាងប្រកាសដើរចូលវិថីសិល្បៈ ប៉ុន្តែមិន​​ទទួលយកសម្ដែងជាទ្រង់ទ្រាយធំដុំនោះទេ ដ៏រាបណាអ្នកនាងនៅ​មិនទាន់អាចព្រលែងកូនប្រុសអោយ​គេមើល​ថែដាច់មុខនៅឡើយ ដែលអ្នកនាងចាំបាច់ត្រូវតែមើលខុសត្រូវបន្ថែម។ អ្នកនាងថាខ្លួនមានគម្រោងពង្រីកមុខមាត់និងមុខជំនួញអោយកាន់តែរឹងមាំបន្ថែមទៀត បន្ថែមពីលើអាជីវកម្មបើកហាង​សំលៀកបំពាក់និងហាងនាំចូលគ្រឿងរថយន្តពីអាមេរិកសម្រាប់បោះអោយម៉ូយ។

ប៉ុន្តែអ្នកនាងបញ្ជាក់ថាបើអោយអ្នកនាងសម្រេចបើកអាជីវកម្មច្រើនពេលរហូតដល់ថ្នាក់ទទួលការងារសិល្បៈម្ដងម្កាលអត់បាន ក៏អ្នកនាងមិនទទួលនោះដែរក្នុងពេលដែលអ្នកនាងនៅស្រឡាញ់ការងារសិល្បៈនៅឡើយ។

អ្នកនាងថាសប្បាយចិត្តដែលលោក ចាន់ ថន ជាស្វាមី​​មិន​បង្ខំអោយអ្នកនាងចេញទៅរស់នៅអាមេរិក ហើយថែមទាំងយកចិត្តយកថ្លើមអ្នកនាងទ្វេរដងចាប់តាំងពីអ្នកនាងបានកក្លាយជាម្ដាយរបស់កូនប្រុសលោក។

អ្វីដែលអ្នកនាងសប្បាយចិត្តជាងគេ គឺលោកបើកផ្លូវអោយអ្នកនាងទទួលធ្វើពិធីការិនី ថតស្ពត និងសម្ដែងខ្លីដែលធ្វើអោយអ្នកនាងចាប់ផ្ដើមមានទំនាក់ទំនងសារឡើងវិញជាមួយនឹងអ្នកសិល្បៈ។

យ៉ាងណាមិញ អ្នកនាងថា​មិនចេះតែទទួលការងារនោះទេ ជាពិសេសការងារសម្ដែងដែលប្រើពេលយូរ ហើយតម្រូវអោយអ្នកនាងខាតពេលមើលថែកូន និងមើលខុសត្រូវមុខជំនួញ។ ជាក់ស្ដែងលោក ចាន់ ថន ជាស្វាមីបានទាំងចុះពីអាមេរិកមកធ្វើខួបកំណើតអោយអ្នកនាងកាលពីថ្ងៃទី២៧ ឧសភា ដែលអ្នកនាងបានចាត់ទុកថាស្វាមីនៅតែផ្ដល់ក្ដីស្រឡាញ់ដល់អ្នកនាងនោះផង។

លោក ចាន់ ថន ស្វាមី​អ្នកនាង លី ម៉ារីណា បានឆ្លើយប្រាប់ថាដោយសារតែភរិយារបស់លោកមានបំណងចង់រស់នៅជួប​ជុំបងប្អូន​ ឪពុកម្ដាយនៅស្រុកខ្មែរច្រើនជាង ទើបលោកសម្រេចចិត្តដាក់ចិត្តចុះឡើងស្រុកខ្មែរជំនួសវិញដើម្បីអោយភរិយាសប្បាយចិត្ត។

លោកថារាល់ថ្ងៃលោកឡើងចុះកម្ពុជាមិនសូវលោះពេលនោះទេជាពិសេសពាក់ព័ន្ធនឹងមុខជំនួញ ​ទើបលោកយល់ថាហេតុផលដែលអ្នកនាង លី ម៉ារីណា រស់នៅស្រុកខ្មែរ មិនទៅរស់នៅអាមេរិកតាមលោក គឺមិនប៉ះពាល់ដល់សុភមង្គលប្ដីប្រពន្ធ។

លោកថាអ្នកនាងកាន់កាប់មុខជំនួញដែលលោកបើក​អោយ​ក៏ច្រើននៅស្រុកខ្មែរ ដូច្នេះមិនចាំបាច់ទៅរស់នៅអាមេរិកក៏បានដែរ ក្នុងពេលដែលនៅស្រុកខ្មែរក៏ស្រួលរកលុយមិនចាញ់នឹងការរស់នៅនៅលើទឹកដីអាមេរិក។

លោកបានប្រកាសថាបើកសិទ្ធិអោយអ្នកនាងទទួលការងារសិល្បៈជាថ្មី ប៉ុន្តែសម្រាប់ការងារទាំងឡាយណាដែលធ្វើអោយអ្នកនាងហត់នឿយ ក៏លោកមិនចង់អោយអ្នកនាងធ្វើនោះដែរ ដើម្បី​កុំអោយ​មានការប៉ះពាល់ដល់សុខភាព។ យ៉ាងណាមិញ លោកថាប្រសិនបើអ្នកនាងមានបំណងចង់ទៅរស់នៅអាមេរិកគឺអ្នកនាងនឹងទៅបានគ្រប់ពេល​​ដោយសារតែឯកសារស្នាមផ្សេងៗគឺមានរៀបរយអស់ហើយសម្រាប់អ្នកនាងដែលជាភរិយា​​របស់លោកនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ