នៅពេលបោះឆ្នោតឃុំសង្កាត់ថ្មីៗនេះ នរណាទៅដែលអាចស្មានដឹងជាមុនថា គណបក្សសង្គ្រោះជាតិអាចនឹងកើន អាសនៈមេឃុំចៅសង្កាត់ពី៤០ ទៅដល់ជិត៥០០នោះ។ ត្បិតអីបក្សមួយនេះរងព្យុះទីហ្វុងនឹងព្យុះកំបុតត្បូងច្រើនឥតគណនាមែនទែនពីដៃគូប្រកួត មានជាអាទិ៏ ការបន្តឃុំខ្លួនតាមទំនើងចិត្តចំពោះសមាជិកខ្លួន ការបង្កើតច្បាប់រំលាយគណបក្ស ការបង្កើតបរិយកាសនយោបាយភ័យខ្លាចពីសង្គ្រាម ភាពមិនស្មើគ្នានៃប្រព័ន្ធផ្សព្វផ្សាយ នឹងមានករណីសំខាន់ជាច្រើនៗទៀត។ បើយោងតាមលទ្ធផលបណ្តោះអាសន្នរបស់គ.ជ.ប គណបក្សសង្គ្រោះជាតិនឹងគ្រប់គ្រងឃុំសង្កាត់ជិត៥០០ ខណៈគណបក្សប្រជាជនកម្ពុជាបន្តគ្រប់គ្រងឃុំសង្កាត់១ ០០០ស្តើងជាងដដែល។
តើគេអាចប្រៀបធៀបលទ្ធផលឆ្នោតឃុំសង្កាត់ថ្មីនេះ ទៅនឹងការបោះឆ្នោតជាតិឆ្នាំក្រោយដែលឬទេ? ចម្លើយ ពិតមែនហើយ គេអាច មិនតែប៉ុណ្ណោះ យើងក៏អាចយកលទ្ធផលកាលពីបោះឆ្នោតឆ្នាំ២០១៣ មកប្រៀបធៀបបានដែរ។ រំលឹកកាលពីការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ គណបក្សប្រជាជនទទួល បានអាសនៈសភាចំនួន៦៨ រីឯគណបក្សសង្គ្រោះជាតិទទួលបានអាសនៈសភាចំនួន៥៥។ នៅក្រោយការបោះឆ្នោតថ្នាក់ជាតិគណបក្សទាំងពីរបានព្រមព្រៀងគ្នាបង្កើនអាសនៈសភាពី ១២៣ទៅ១២៥ ដោយបន្ថែម ២អាសនៈនៃមណ្ឌលខេត្តព្រះសីហនុ ដូច្នេះនៅពេលបោះឆ្នោតឆ្នាំ ២០១៨ គណបក្សនីមួយៗ ត្រូវការសំឡេងយ៉ាងតិចចំនួន ៦៣អាសនៈ ដើម្បីមានឱកាសដឹកនាំរដ្ឋាភិបាល នឹងមានសំឡេងភាគច្រើនដាច់ខាតក្នុងរដ្ឋសភាជាតិ។ តើរវាងគណបក្សសង្គ្រោះជាតិ នឹងគណបក្សប្រជាជនកម្ពុជាមួយណា ជាម្ចាស់ជើងឯកនៅឆ្នាំ២០១៨? មុននឹងគិតដល់ឆ្នាំ ២០១៨ យើងសូមរលឹកឡើងវិញត្រួសៗ ពីលទ្ធផលបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ ក៏ដូចជាលើកមកប្រៀបធៀបទៅនឹងលទ្ធផលនៃការបោះឆ្នោតឃុំសង្កាត់ថ្មីៗនេះផងដែរ។
- លទ្ធផលផ្លូវការនៃការបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០១៣
មណ្ឌលខេត្តរាជធានី | គណបក្សប្រជាជនកម្ពុជា | គណបក្សសង្គ្រោះជាតិ |
បន្ទាយមានជ័យ | ៤ | ២ |
បាត់ដំបង | ៥ | ៣ |
កំពង់ចាម ត្បួងឃ្មុំ | ៨ | ១០ |
កំពង់ឆ្នាំង | ២ | ២ |
កំពង់ស្ពឺ | ៣ | ៣ |
កំពង់ធំ | ៣ | ៣ |
កំពត | ៣ | ៣ |
កណ្តាល | ៥ | ៦ |
កោះកុង | ១ | ០ |
ក្រចេះ | ២ | ១ |
មណ្ឌលគិរី | ១ | ០ |
ភ្នំពេញ | ៥ | ៧ |
ព្រះវិហារ | ១ | ០ |
ព្រៃវែង | ៥ | ៦ |
ពោធិ៏សាត់ | ៣ | ១ |
រតនគិរី | ១ | ០ |
សៀមរាប | ៤ | ២ |
ព្រះសីហនុ | ១ | ០ |
ស្ទឹងត្រែង | ១ | ០ |
ស្វាយរៀង | ៣ | ២ |
តាកែវ | ៤ | ៤ |
កែប | ១ | ០ |
ប៉ៃលិន | ១ | ០ |
ឧត្តរមានជ័យ | ១ | ០ |
ជាសរុបគណបក្សប្រជាជនទទួលបាន ៦៨ នឹងគណបក្សសង្គ្រោះជាតិទទួលបាន ៥៥។
- ខាងក្រោមនេះ គឺជាការយកនូវលទ្ឋផលថ្មីៗនៃការបោះឆ្នោតឃុំសង្កាត់ ទៅគណនាជាអាសនៈ
សភាសម្រាប់ឆ្នាំ២០១៨៖
មណ្ឌលខេត្តរាជធានី | គណបក្សប្រជាជនកម្ពុជា | គណបក្សសង្គ្រោះជាតិ |
បន្ទាយមានជ័យ | ៣ | ៣ |
បាត់ដំបង | ៤ | ៤ |
កំពង់ចាម ត្បួងឃ្មុំ | ៨ | ១០ |
កំពង់ឆ្នាំង | ២ | ២ |
កំពង់ស្ពឺ | ៣ | ៣ |
កំពង់ធំ | ៣ | ៣ |
កំពត | ៣ | ៣ |
កណ្តាល | ៥ | ៦ |
កោះកុង | ១ | ០ |
ក្រចេះ | ២ | ១ |
មណ្ឌលគិរី | ១ | ០ |
ភ្នំពេញ | ៤ | ៨ |
ព្រះវិហារ | ១ | ០ |
ព្រៃវែង | ៥ | ៦ |
ពោធិ៏សាត់ | ៣ | ១ |
រតនគិរី | ១ | ០ |
សៀមរាប | ៣ | ៣ |
ព្រះសីហនុ | ២ | ១ |
ស្ទឹងត្រែង | ១ | ០ |
ស្វាយរៀង | ៣ | ២ |
តាកែវ | ៤ | ៤ |
កែប | ១ | ០ |
ប៉ៃលិន | ១ | ០ |
ឧត្តរមានជ័យ | ១ | ០ |
ជាសរុប ឧទាហរណ៏ គណបក្សប្រជាជនកម្ពុជាទទួលបាន៦៥ ចំនែកគណបក្សសង្គ្រោះជាតិទទួលបាន៦០អាសនៈសភា។ គណបក្សប្រជាជនថយ ៣ អាសនៈរីឯបក្សសង្គ្រោះជាតិកើន ៥ អាសនៈ ប៉ុន្តែនៅតែបន្តចាញ់បក្សកាន់អំណាច។
ជាការកត់សម្គាល់ បើតាមការប្រៀបធៀបនៃលទ្ធផលបណ្តោះអាសន្នឃុំសង្កាត់នេះបក្សសង្គ្រោះជាតិអាចនឹងកើនអាសនៈមួយចំនួនស្មើនឹងបក្សកាន់អំណាចដែលធ្លាប់បានចាញ់កន្លងមករួមមានមណ្ឌលខេត្តបន្ទាយមានជ័យ ៣ ទល់នឹង៣ បាត់ដំបង ៤ ទល់នឹង ៤ នឹងសៀមរាប ៣ ទល់នឹង ៣។
បក្សសង្គ្រោះជាតិ ក៏ប្រហែលនឹងអាចរក្សាអាសនៈបានដដែលចំពោះមណ្ឌលខេត្តរាជធានីដែលធ្លាប់ឈ្នះហើយមានដូចជាខេត្តកំពង់ចាមនឹងត្បូងឃ្មុំ ១០ ទល់នឹង ៨ ព្រៃវែង ៦ ទល់នឹង ៥ កណ្តាល ៦ ទល់នឹង ៥ នឹងចុងក្រោយរាជធានីភ្នំពេញ ៧ ទល់នឹង ៥។ ចំពោះមណ្ឌលខេត្តដែលមាន ១ អាសនៈ ជាប្រពៃណីគឺបក្សសង្គ្រោះជាតិបន្តចាញ់រាល់ការបោះឆ្នោតទាំងថ្នាក់ជាតិ នឹងថ្នាក់ឃុំសង្កាត់មានជាស្វ័យប្រវត្តិមណ្ឌលខេត្ត កោះកុង មណ្ឌលគិរី ព្រះវិហារ រតនគិរី ស្ទឹងត្រែង កែប ប៉ៃលិន ឧត្តរមានជ័យ។ ចំនែកមណ្ឌលខេត្តព្រះសីហនុ ដែលឥលូវមាន ៣ អាសនៈនៅពេលបោះឆ្នោតឆ្នាំ ២០១៨ខាងមុខបក្សសង្គ្រោះជាតិអាចនឹងទទួលបាន ១ អាសនៈ។
ថ្វីបើលទ្ធផលនេះគ្រាន់តែជាការវិភាគក្តី តែវានឹងអាចក្លាយជាការពិតប្រសិនបើបក្សសង្គ្រោះជាតិគ្មានយុទ្ធសាស្ត្រស្លាប់រស់សំរាប់កំណែទម្រង់គណបក្សនោះ។
តើវាពិតជាមានឱសថទិព្វអ្វីទេ ដែលអាចជួយឲ្យមានការប្រែប្រួលលទ្ធផលឆ្នោតនៅពេលខាងមុខ? គោលនយោបាយនឹងជំហរគណបក្ស ជាចំនុចអាទិភាពមួយក្នុងការទាក់ទាញប្រជាប្រិយភាពពីពលរដ្ឋ ការចុះជួបពលរដ្ឋនៅតាមមូលដ្ឋានដោយផ្ទាល់ ស្តាប់ទុក្ខកង្វល់នឹងបញ្ហាប្រឈមរបស់ពួកគាត់ សុទ្ធសឹងតែជាការជួយបង្កើនសំឡេងគណបក្សប្រឆាំង ជាពិសេសពលរដ្ឋនៅតាមបណ្តាខេត្តដែលមានមួយអាសនៈ។ បន្ត នឹងពង្រឹងប្រធានក្រុមការងារ នឹងប្រធានបក្ស សមាជិកនៅតាមបណ្តាខេត្តរាជធានីដែលធ្លាប់ឈ្នះហើយ ឲ្យសកម្មនឹងមោះមុតជាងពីមុន១០០ដង ដើម្បីអាចស្រូបយកអាសនៈបន្ថែម។ ជួលបុគ្គលល្បីលំដាប់អន្តរជាតិ អ្នកជំនាញឬឯកទេសខាងផ្នែកនយោបាយអោយមកបណ្តុះបណ្តាលដល់ប្រធានក្រុមការងារ ប្រធានបក្សខេត្តរាជធានី ក្រុងស្រុកខណ្ឌ ឃុំសង្កាត់រៀងរាល់មួយខែម្តង ការសិក្សានឹងបំភ្លឺនូវអ្វីដែលជាចំនុចខ្លាំងនឹងចំនុចខ្សោយ គប្បីធ្វើ នឹងមិនធ្វើ។ លើកទឹកចិត្តដល់យុវជន ក្រុមឃោសនិកឲ្យផ្តល់នឹងពន្យល់សារនយោបាបឲ្យជ្រាបដល់ចិត្តនឹងបេះដូងពលរដ្ឋ។
ផ្លាស់ប្តូរតំណែង រឺពង្រឹងសមត្ថភាពដល់ ប្រធានក្រុមការងារ នឹងប្រធានបក្សនូវមណ្ឌលខេត្តដែលមាន ១ អាសនៈដោយជំនួសនូវបុគ្គលដែលមានប្រជាប្រិយភាពដែលមានការទទួលស្គាល់នឹងចាប់អារម្មណ៏ពីពលរដ្ឋ។ ជំរុញនឹងតស៊ូមតិដល់គ.ជ.ប ដោយស្នើឲ្យគ្រប់បក្សនយោបាយទាំងអស់ឲ្យមានសិទ្ធនឹងប្រតិបត្តិការទូទាំងប្រទេសដោយស្មើភាពគ្នា គ្មានការភ័យខ្លាច នឹងគំរាមកំហែង ផ្ញើសារឲ្យគ.ជ.ប ណែនាំដល់គ្រប់បក្សនយោបាយ ជាពិសេសបក្សប្រជាជនឲ្យ មានការផ្ទេរអំនាចដោយសន្តវិធីបើក្នុង ករណីចាញ់ការបោះឆ្នោត ឈ្នះដោយកិត្តិយស ចាញ់ដោយអស់ចិត្ត។ ល្គឹកណាបក្សសង្គ្រោះជាតិឈ្នះបានខ្លះ នៃខេត្តដែលមាន ១ អាសនៈ ហើយបានរក្សាអាសនៈដដែលចំពោះខេត្តដែលធ្លាប់ឈ្នះហើយ នោះអ្នកដែលលើកពានប្រាកដជាខ្លួនហើយ។
ចូរចាំថាការបោះឆ្នោតឆ្នាំក្រោយជាការបោះឆ្នោតស្លាប់រស់ ហើយយើងជឿថា ក្រុមដែលតែងតែគំរាមអំពីសង្គ្រាមនឹងមិនហ៊ានចេញទ័ពទេ ព្រោះពួកគេមិនចោលការិយាល័យ បន្ទប់គេងម៉ាស៊ីនត្រជាក់ឲ្យមូសស៊ីកណ្តាលព្រៃទេ។ សរុបមកវិញបក្សសង្គ្រោះជាតិគួរតែខិតខំប្រឹងប្រែងជំនះឧបសគ្គបន្តទៅទៀត ហើយជៀសវាងការមានមោទនភាពដោយមិនអើពើអ្វីឲ្យសោះ ថាខ្លួននឹងកើន ១៥ភាគរយបន្ថែមអីនោះ។ ត្រៀមខ្លួនដឹកនាំប្រទេស ប្រសិនបើរៀបជើងព្រួលគ្រប់គ្រាន់៕
ដោយ Kim Daegu