បទយកការណ៍៖ ខួប១ឆ្នាំនៃការបាញ់សម្លាប់លោក កែម ឡី ពលរដ្ឋមួយចំនួននៅតែបង្ហាញការឈឺចាប់

រូបសំណាក់លោក កែម ទ្បី (រូបភាពពីហ្វេសប៊ុក)

«មិនអាចឲ្យយើងបំភ្លេចបានទេ​ ប្រជាពលរដ្ឋទូទាំងប្រទេស មិនថា អ្នកមាន អ្នកក្រទេ ​គេឈឺចាប់ជំនួស​គាត់ណាស់។ បណ្ឌិត កែម ឡី ប្រៀបដូចគាត់ពញ្ញាក់អារម្មណ៍ ពញ្ញាក់អារម្មណ៍​ពលរដ្ឋ​យើងទាំងអស់​គ្នាមិនអាចបំភ្លេចបាន។ បណ្ឌិត កែម ឡី ពេលគេធ្វើឃាតភ្លាម ធ្វើឲ្យអ្នកអត់ដឹង អត់​ស្គាល់​គាត់​ គឺស្គាល់ហ្មង បាក់ទឹកបាក់ដីទៅរកគាត់។ វីរបុរសល្អ​ ខ្ញុំអត់ភ្លេច​ទេប្រជាពលរដ្ឋ​ទាំងអស់​គ្នាក៏​មិន​ភ្លេចដែរ»។

នេះជាការរៀបរបស់ពលរដ្ឋមួយចំនួននៅក្នុងរាជធានីភ្នំពេញ។ ពួកគាត់នៅតែគិតថា លោក កែម ឡី​​ ជា​អ្នកវិភាគមួយរូប ដែលមិនអ្នកវិភាគណាមកប្រៀបធៀបបាន ខណៈ​លោកត្រូវ​បានគេបាញ់សម្លាប់ជិត​មួយឆ្នាំហើយក៏ដោយ។

បុរសម្នាក់មានវ័យជាង៤០ឆ្នាំ រស់នៅទីក្រុងភ្នំពេញ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានទាំងនៅលើកង់ ដែលនៅខាងក្រោយលោកមានសំភារៈសម្រាប់ជុសជួលកង្ហារនិងចង្ក្រានបាយថា លោកមិននឹកស្មានថា គេ​ហ៊ាន​សម្លាប់លោក កែម ឡី នៅកណ្ដាលក្រុងឡើយ ហើយការបាញ់សម្លាប់នេះ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខឹងសម្បារដោយមិនអាចបំភ្លេចបានឡើយ។​

លោកថា៖ «ប៉ះពាល់អារម្មណ៍ប្រជាពលរដ្ឋខ្លាំងណាស់ រដ្ឋាភិបាលមិនដឹងគាត់…ប្រជាពលរដ្ឋ​គេ​ខឹង​សម្បារ​ដល់​យំពេញទឹក ពេញដី​ពេលគេទៅហែគាត់ ក្រុម​រដ្ឋាភិបាល​ដូច​…ម៉េចទេ​ ឲ្យតែ​មាន​…​ឡើង​ឲ្យ​បុណ្យ​សក្ដិយស ដូចវាយតំណាងរាស្ត្រ​មុខ​រដ្ឋសភា​វាយ​ឡើង ស្រាប់តែឡើងបុណ្យសក្ដិយសភ្លាមៗ ខ្ញុំគិតចឹង ខ្ញុំថារដ្ឋាភិបាលអត់ល្អ»។

និយាយទាំងទឹកមុខក្រៀមក្រំ ភ្នែករលីងលោង បុរសពិការជើងទាំងសងខាងលោក ឆន ឆេន ​រៀបរាប់ថា ពលរដ្ឋ​រាប់លាននាក់មានការសោកស្ដាយខ្លាំ ព្រោះគិតថាលោក កែម ឡី ជាអ្នកវិភាគល្អ និយាយចំៗ ហ៊ាន​​រិះគន់ពីភាពអសកម្មរបស់រដ្ឋាភិបាលនិងតែងនិយាយដាស់តឿនកូនខ្មែរឲ្យស្រឡាញ់ជាតិ ថែរក្សា​ទឹក​ដី​ដើម្បីកុំឲ្យបាត់បង់បន្តទៀត ហើយ​សម្រាប់ពាក្យ​ដែលលោកនៅចាំមិនភ្លេចនោះ គឺ​ត្រូវ​ហាន​និយាយ​ការ​ពិត។

លោកថា៖ «ជាគំរូប្រវត្តិសាស្ត្រចងចាំជានិច្ច ជាវីរបុរស គាត់អ្នកក្លាហានមួយរូប ប្រៀបដូចស្ដេចមុនៗ ដូចក្រឡាហោមគង់ក៏ក្លាហាន ហើយអាចារ្យស្វាយអីក្លាហានណាស់ ពិសេស​ដូចតា​ឃ្លាំមឿង ខ្ញុំ​ប្រៀប​ បាន​គាត់​ជាវីរបុរស»។

កំពុងអង្គុយលើរ៉ឺម៉ក់កងបី បុរសវ័យចំណាស់ម្នាក់ ដែលស្នើសុំមិនបញ្ចេញឈ្មោះ បានរៀបរាប់ប្រហាក់នឹង លោក ឆន ឆេង ថា ​លោក​មាន​​ការសោកស្ដាយខ្លាំងណាស់ ហើយលោកក៏មិនអាចបំភ្លេចបានដែរ ចំពោះករណីឃាតកម្មលើលោក កែម ឡី បើទោះពេលនេះ រដ្ឋាភិបាលមិនទាន់​បង្ហាញ​អ្នក​ពាក់​ព័ន្ធ​ឲ្យ​ពួក​គាត់​ជឿបានក៏ដោយ ហើយលោកនៅតែគិតថា ការរកយុត្តិធម៌ឲ្យលោក កែម ឡី វាជា​ជំរើស​មួយ​ចំបាច់​របស់​រដ្ឋាភិបាល​ ដើម្បីការពារ​តំណែង​នាយករដ្ឋ​មន្ត្រី​នៅ​ឆ្នាំ​២០១៨​។​

បុរសវ័យចំណាស់រូបនេះ យល់ថា អ្វីដែលលោក កែម ឡី បានវិភាគ និងបាននិយាយ​នៅលើប្រព័ន្ធ​ផ្សព្វផ្សាយ​កាលនៅរស់នោះ គឺវាឆ្លុះបញ្ជាំការពិតនៅក្នុងប្រទេសកម្ពុជា។

លោកថា៖ «ដឹងច្រើនពេកពិបាកណាស់ ហេងស៊យបាត់ខ្លួន ចឹងអ្នកខ្លះចេះដែលតែលាក់ខ្លួន ថាបើអញ​ដឹង​សម័យឥលូវមិនស្រួលស្លាប់ដល់គាត់ស្លាប់ទៅៗ ឲ្យតែប្រទេសជាតិយើង គាត់តស៊ូដើម្បីជាតិ គាត់អត់តស៊ូ ដើម្បីបុគ្គលទេ ដើម្បីប្រជាជនយើងស្រុកខ្មែរ។ ដល់យើងចង់ធ្វើអ្វីមួយឲ្យតាមចិត្តរបស់យើង ធ្វើមិនបានទេ គេបញ្ជាឲ្យយើងធ្វើអីគឺធ្វើហ្នឹង ចង់ឲ្យយើងទៅព្រៃសរៗ​ ចង់ឲ្យយើងទៅគុកៗ ចង់ឲ្យទៅស្លាប់​ចឹង​យើង​មិន​អាច​ជ្រើសរើសបានទេ បីមុខហ្នឹងគេ ធ្វើអីយើងស្រេចចិត្ត គេចង់យកយើងទៅណាក៏បាន​»។​

បុរសរូបនេះ លើកឡើង ទាំងហូរទឹកភ្នែក ដែល​ហាក់បីដូចជាបង្ហាញការឈឺចាប់ថា ឃាតកម្ម​ដែល​បាន​អូស​បន្លាយជិត១ឆ្នាំហើយ នៅតែស្ថិត​នៅក្នុង​ភាព​អាថ៌កំបាំង ដោយលោកបានដាក់​ការ​សង្ស័យ​ថា ករណី​នេះអាច​ជាប់ពាក់ព័ន្ធ​ជា​មួយ​មន្ត្រី​ជាន់ខ្ពស់ណាមួយនៅក្នុងជួររដ្ឋាភិបាល។

លោកថា៖ «លោក អ៊ឹង ម៉េងជឺ បាញ់នៅអូឡាំពេជ្រ ឃាតកក្នុងកាំម៉ារ៉ា ឃើញភ្លាម​ ចាប់បាន​ភ្លាម អាហ្នឹងច្បាស់ ដល់មក កែម ឡី រកអត់ឃើញទេ​ ថាភ្លើងដាច់ ថាអត់ទាន់មានម៉ែមម៉ូរី អាហ្នឹងល្បិចរបស់គាត់ សម្លាប់​រកឃាតកមិនឃើញភ្លើងដាច់ ប្រជាពលរដ្ឋមិនមានជំនឿប្រជាពលរដ្ឋទៅច្រើនណាស់ទាំងគេទាំងខ្ញុំ តែ​មាន​គេកាងបាត់ទៅហើយ គេការពារមិនឲ្យចូល កាន់សពក៏​គេមិន​ឲ្យយក​ទាំងអស់​ អាហ្នឹង​អំណាច​របស់គាត់»។

លោកបន្តថា៖ «សព្វថ្ងៃបើឃាតកម្មដែលសម្លាប់គាត់មិនទាន់មានការពិតទេ កេងបន្លំ​ច្រើន​បំភាន់​ប្រជាពលរដ្ឋច្រើនណាស់ ដើម្បីល្បិចក្នុងការយកមកសម្លាប់រកអ្នកនេះ មកចាប់ដាក់ថា អ្នកនេះឃាតក។ សព្វថ្ងៃនេះ បើឃាតកដែលសម្លាប់លោក កែម ឡី បើរកមិនឃើញ​ ប្រជាពលរដ្ឋ​អត់មាន​ជំនឿ​លើរដ្ឋា​ភិបាល​ទេ គឺគ្មានតែម្ដង ដូចឃាតកបាញ់សម្លាប់មនុស្សហើយ ទៅរកឃាតកអត់ឃើញ មិនដឹងអ្នកណា គ្នាគេវិញធ្វើកន្លែងណាដឹងភ្លាមឃាតករកបាន តែបើពួកយើងរកអត់ឃើញទេ»។

កំពុងអង្គុយលក់ផ្លែឈើ ស្ត្រីម្នាក់វ័យជាង៥០ឆ្នាំ រស់នៅរាជធានីភ្នំពេញ លើកឡើងថា ប្រសិនបើ​រដ្ឋាភិបាល​​​មិនចាប់អ្នកនៅពីក្រោយការបាញ់សម្លាប់ ដើម្បីយកផ្ដន្ទាទោសនោះទេ ពលរដ្ឋ​ដែល​ស្រឡាញ់​លោក កែម ឡី នឹងមិនបោះឆ្នោតឲ្យរដ្ឋាភិបាលឡើយ។

អ្នកស្រីថា៖ «ប្រជាពលរដ្ឋអស់ជំនឿត្រង់ថា បាញ់សម្លាប់នៅកណ្ដាលទីក្រុងហើយ មានកាំម៉ារ៉ាសុវត្តិភាព​ហើយ​ ចាប់ឃាតកពិតប្រាកដមិនបាន ប្រជាពលរដ្ឋអស់ជំនោះទឹកចិត្ត។ រឿងហ្នឹង​ប្រសិន​បើ​មីង​សន្និដ្ឋាន​គឺអាច​ប៉ះពាល់ដល់ការបោះឆ្នោតខាងមុខ ប្រជាពលរដ្ឋដូចថា អស់ទឹកចិត្ត ដូច្នេះ​ទឹកចិត្ត​ប្រជាពលរដ្ឋ​អាច​យល់​ដឹងលូវ ប្រជាពលរដ្ឋយល់ដឹងច្រើន»។

បុរសម្នាក់រស់នៅទីក្រុងភ្នំពេញ ដែលសុំមិនបញ្ជេញឈ្មោះដែរលើកឡើងថា ដើម្បីបង្ហាញពីភាពស្អាតស្អំ និង​ដើម្បី​ការពារ​តំណែងជានាយករដ្ឋមន្ត្រីនោះ លោកថារដ្ឋាភិបាលត្រូវចាប់ឃាតកពិត​ដែលបញ្ជា​ឲ្យ​បាញ់​លោក កែម ឡី មកផ្ដន្ទាទោសតាមច្បាប់ ដើម្បីកុំប្រជាពលរដ្ឋអស់ជំនឿនិងបន្តដាក់ការសង្ស័យ។

លោកថា៖ «បើសិនរាជរដ្ឋាភិបាល​អត់រករឿង​ឲ្យពលរដ្ឋឃើញជាក់ស្ដែង គឺអាចប៉ះពាល់​ដល់បក្ស​វាអាច​ប៉ះពាល់ដល់គណបក្សកាន់អំណាច បើសិនជា​គាត់រកឃាតកឃើញ​ជាក់ស្ដែង​ អាហ្នឹងប្រជាពលរដ្ឋ​គាត់អាច​មានជំនឿ​ទុកចិត្តលើគាត់១០០ភាគរយ»។

លោក កែម ឡី គឺជាអតីតអ្នកវិភាគ​នយោបាយនិងអ្នកសិក្សាស្រាវជ្រាវបញ្ហាសង្គមដ៏មានឥទ្ធិពល។ លោកត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៦ នាកណ្តាលរាជធានីភ្នំពេញ ខណៈសាច់ញត្តិលោកឲ្យដឹងថា ពិធីបុណ្យគម្រប់ខួប១ឆ្នាំលោក កែម ឡី នឹងរៀប​ចំធ្វើ​ឡើង​រយៈពេល​២ថ្ងៃ ចាប់ពីថ្ងៃទី៩រហូតដល់ថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៧ នៅឯភូមិអង្កតាកុក ឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ។

បើទោះជាការបាញ់​ស​ម្លា​​ប់នេះ មា​នរយៈ​ពេលជិ​ត១ឆ្នាំ​ហើយ  រដ្ឋាភិបាលហាក់មិនទាន់ចាប់​ខ្លួន​អ្នក​នៅ​ពី​ក្រោយ​ការបាញ់សម្លាប់លោក កែម ឡី មកផ្តន្ទាទោសបាននៅឡើយទេ ក្រៅពីចាប់ខ្លួន​និង​កាត់​ទោស​បុរស​ម្នាក់​ឈ្មោះ អឿត អាង ហៅ​ ជួប សំលាប់ ដាក់ពន្ធនាគារអស់មួយជីវិត។

ពាក់ព័ន្ធករណីឃាតកម្មលោក កែម ឡី អតីតប្រធានគណបក្សប្រឆាំងលោក សម រង្ស៊ី ក៏បាន​ដាក់​ការ​សង្ស័យ​ថារដ្ឋាភិបាលក៏អាចជាប់ពាក់ព័ន្ធដែរ ប៉ុន្តែការលើកឡើងនោះ ត្រូវបានរដ្ឋាភិបាលច្រានចោល។

ថ្វីបើពន្លឺយុត្តិធម៌ហាក់នៅឆ្ងាយដូចជើងមេឃ ពលរដ្ឋជាច្រើន នៅតែ​ទទូល​ឲ្យ​រដ្ឋាភិបាល​ព្យាយាម​ឲ្យ​អស់​លទ្ធភាព ដើម្បីវែកមុខរកអ្នកពាក់ព័ន្ធមកផ្ដន្ទាទោសតាមច្បាប់ ដោយពួកគាត់យល់ថា ការរក​យុត្តិធម៌​ជូន​លោក កែម ឡី គឺជាការស្ដាមុខមាត់រដ្ឋាភិបាលឡើងវិញ៖ «ខ្ញុំសំណូមពរឲ្យរដ្ឋាភិបាលរកឃាតកឲ្យឃើញ ខ្ញុំជឿថា រដ្ឋាភិបាលរកឃើញហើយ ប៉ុន្តែនៅតែលាក់នេះ ខ្ញុំ​និយាយ​ឲ្យចំៗ ខ្ញុំជឿថា ឃើញប៉ុន្តែលាក់ មិនដែលណា គ្រាន់តែបង្ហោះតាមហ្វេសប៊ុកកាំភ្លើងជ័រ ទៅចាប់គ្នា ចុះអាកាំភ្លើងពិត មិនចាប់ផងឃើញប្រមាថ បាញ់សម្លាប់ ឯកឧត្ដមណាៗ យើងមិនបាច់បញ្ចេញឈ្មោះទេ រកឃើញ ចឹងត្រូវតែរកឲ្យឃើញ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ