លូកលើរលាក លូកក្រោមរលាក អ៊ុំ ចំរើន ត្រូវអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតលើរេញអន្តរជាតិ

កីឡាករកម្ពុជា អ៊ុំ ចំរើន (សុខ ឆាយ)

ការប្រកួតអន្តរជាតិនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីព្រឹកថ្ងៃ២ កក្កដា មានការកត់សម្គាល់យ៉ាងខ្លាំងដោយសារតែកីឡាករល្បីឈ្មោះ អ៊ុំ ចំរើន ត្រូវបានលោកអាជ្ញាកណ្ដាលបញ្ឈប់អោយប្រកួតក្នុងទឹកទី៤ ដោយសារតែការប្រកួតរបស់គេជាមួយកីឡាករថៃ មិនអាចទៅរួចក្នុងរយៈពេល៤ទឹក។

យ៉ាងណាមិញកីឡាករកម្ពុជាមិនត្រូវបាន​​គេរិះគន់ថាធ្លាក់ដៃសម្រាប់ការប្រកួតនោះទេ ដោយសារតែគូប្រកួតជាកីឡាករថៃរបស់គេគឺជាម្ចាស់ជើងឯករងប្រចាំនៅប៉ុស្ដិ៍លេខ៣កាលពីពេលថ្មីមិនធម្មតា។

ការប្រកួតដែលបានធ្វើក្រោមក្រសែភ្នែកអ្នកទស្សនាយ៉ាងច្រើនកុះករនាថ្ងៃនោះមានការតាមដានពីអ្នកស្នេហាវិស័យប្រដាល់យ៉ាងខ្លាំង ដោយសារតែកីឡាករកម្ពុជាដែលមានមុខឡើងប្រកួតគឺ អ៊ុំ ចំរើន ដែលជាជើងខ្លាំង និងល្បីឈ្មោះរបស់ប្រទេសកម្ពុជា ឡើងប៉ះជាមួយកីឡាករថៃឈ្មោះ Khun Phen ដែលកាលមកប្រកួតនៅកម្ពុជាលើកក្រោយបានស្មើពិន្ទុជាមួយកីឡាករ រឿង សោភ័ណ្ឌ។

ការប្រកួតរបស់ពួកគេ​​ត្រូវបានប្រកាសថានឹងផ្ដល់ប្រាក់បន្ថែមមួយលានរៀល អោយដល់កីឡាករកម្ពុជាអោយតែកីឡាករកម្ពុជាអាច​​វាយ​អោយកីឡាករថៃសន្លប់មុនចប់ទឹកទី៣ ប៉ុន្តែនៅពេលការប្រកួតជាក់ស្ដែង​គឺកីឡាករកម្ពុជាចូលមិនចុះនឹងកណ្ដាប់ដៃដ៏ខ្លាំងរបស់កីឡាករថៃនោះទេ។

ក្នុងទឹកទី១កីឡាករកម្ពុជាគ្រាន់តែមានឱកាសវាយចូលបានខ្លះទៅលើកីឡាករថៃ ប៉ុន្តែឈានចូលដល់ទឹកទី២ការវាយសម្រុករបស់កីឡាករកម្ពុជាដ្បិតថាទទួលជោគជ័យខ្លះ ប៉ុន្តែលទ្ធផលបរាជ័យហាក់នៅមានកម្រិតដាច់ឆ្ងាយបើធៀបនឹងគូប្រកួតដោយសារតែកីឡាករថៃគេមានស្នៀតវាយប្រកួតបានល្អមុតជាង។

ក្នុងទឹកទី៣រឹតតែបង្ហាញពីការទ័លច្រករបស់កីឡាករ​​កម្ពុជា បន្ទាប់ពីកីឡាករថៃបញ្ចេញកណ្ដាប់ និងទាត់ធ្វេងស្ដាំបានរស់រវើកមិនធម្មតា។ នៅក្នុងទឹកនោះ​កីឡាករថៃក៏បានវាយសន្ធាប់​ធ្វើអោយជើងខ្លាំងរបស់កម្ពុជារាប់ដល់៨ភ្លាមៗមួយលើកផងដែរ ក្រោយការវាយត្រូវប៉ុន្មានដៃរបស់កីឡាករថៃបណ្ដាលអោយ អ៊ុំ ចំរើន បែកអំពិលអំពែក ហើយវង្វេងស្មារតី។ ឆ្លងផុតទឹកទី៣ កីឡាករកម្ពុជាមិនត្រឹមតែបាត់ឱកាសទទួលបានទឹកប្រាក់១លានរៀលបន្ថែមពីលើតម្លៃខ្លួនប៉ុណ្ណោះ ប៉ុន្តែក៏ត្រូវកីឡាករថៃវាយអោយរាប់ដល់ទៅ២ដងបន្តបន្ទាប់គ្នាទៀតដែរ។

នៅក្នុងទឹកនេះគេឃើញ អ៊ុំ ចំរើន ប្រឹងទប់ជំហរនិងវាយលុក​ដើម្បីស្ដារកិត្តិយសជាងជើងខ្លាំងម្នាក់លើសង្វៀនយ៉ាងខ្លាំង ប៉ុន្តែបានត្រឹមតែខកចិត្តប៉ុណ្ណោះ ដោយសារតែលូកខាងលើក៏ត្រូវសងដោយកណ្ដាប់ដៃរបស់គូប្រកួតហើយលូកខាងក្រោមក៏ត្រូវកីឡាករថៃទាត់ចូលឡើងទក់សាច់នៅលើសង្វៀន។

នៅចុងទឹកទី៤កីឡាករថៃកាន់តែវាយសម្រុកបានល្អ ខណៈដែលលោកអាជ្ញាកណ្ដាលបើទោះជាខំព្យាយាមជួយដល់កីឡាករកម្ពុជាអោយកុំត្រូវច្រើនយ៉ាងណាក៏នៅតែទៅមិនរួចហើយចុងក្រោយ​កណ្ដាប់ដៃរបស់ថៃកាន់តែមានទម្ងន់ធ្ងន់ធ្វើអោយ​កីឡាករកម្ពុជាទប់ជំហរតស៊ូលែងបាន។

កីឡាករកម្ពុជាត្រូវគេឃើញដួលខ្ពកច្រើនលើកដោយ២លើកចុងក្រោយ​​ឈានដល់​លោកអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតតែម្ដងដើម្បបញ្ច្រៀសគ្រោះថ្នាក់នៅក្រោយការប្រកួត។

ក្រោយគ្រាចុះពីលើរេញហើយសម្រួលចលនាបានមួយ​សន្ទុះ ជើងខ្លាំង អ៊ុំ ចំរើន បានអះអាងថានេះជាលើកទី១ដែលលោកឡើងប្រកួតលើរេញអន្តរជាតិ ហើយប៉ះគូប្រកួតដែលធ្វើអោយលោកត្រូវលោកអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួត ក្នុងពេលដែលលោក​ក៏សារភាព​ថាខ្លួនទៅលែងរួច ក្រោយពីលូកលើក៏រលាកលូកក្រោមក៏រលាក។ លោកថាកីឡាករ Khun Phen លោកមិនដែលបានសាកកណ្ដាប់ដៃពីមុនមកទេ ហើយលោកក៏ប្រកាសថាខ្លួនប្រឹងអស់ពីសមត្ថភាពផងដែរមុនពេលមានការបញ្ឈប់អោយលោកប្រកួតនៅទឹកទី៤។

លោកមិនមានគម្រោងសងសឹកជាមួយកីឡាករថៃរូបនេះទេ តែបើមានការផ្គូរផ្គងជាថ្មី គឺលោកនឹងពិចារណា។

លោកថាកីឡាករថៃពិតជាល្អខុសពីកីឡាករបរទេសដែលលោកបានជួប​ជាពិសេសជង្គង់របស់គេ​ល្អដែលធ្វើអោយលោកពិបាកចូលកៀក។ ក្នុងនោះសូម្បីតែលោកប្ដូរជំហរមកទាត់ក៏សារភាពថាចូលមិនចុះនោះដែរ ក្នុងពេលដែលទាត់លើទាត់ក្រោមសុទ្ធតែចូលមិនចុះដូចគ្នា។

លោក ថៃ អ៊ូ អ្នកដឹកនាំកីឡាករថៃមកប្រកួតនៅសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍បានអះអាងថា កីឡាករថៃ Khun Pheng នៅក្នុងប្រទេសថៃគឺជើងខ្លាំងម្នាក់ ដោយការប្រកួតរបស់គេម្ដងៗនៅលើសង្វៀនថៃគឺស៊ីថ្លៃរហូតដល់៦ម៉ឺនបាតប្រហាក់ប្រហែលនឹង២ពាន់ដុល្លារសម្រាប់មួយប្រកួត។ ​​យ៉ាងណាមិញ លោកថាគេឡើងមកប្រកួតនៅក្នុងប្រទេសកម្ពុជាបានទទួលតម្លៃខ្លួនត្រឹមតែ១ពាន់ដុល្លារប៉ុណ្ណោះ ដោយសារតែគេយល់ថាតម្លៃខ្លួននៅក្នុងសង្វៀនកម្ពុជាគឺមិនមានកម្រិតលើសហ្នឹងដែរ។

លោកថាកីឡាករថៃដែលប្រកួតជាមួយ អ៊ុំ ចំរើន ទើបឡើងប្រកួតខ្សែក្រវាត់ហើយទទួលបានតំណែងជាជើងឯករងនៅក្នុងប៉ុស្ដិ៍លេខ៣ថៃប៉ុណ្ណោះ ទើបជ័យជម្នះរបស់គេលើកីឡាករ អ៊ុំ ចំរើន មិនមែនជារឿងចម្លែក។

យ៉ាងណាមិញលោកថាមុនពេលការប្រកួតចាប់ផ្ដើម លោកមិនបានរំពឹងថាកីឡាករ អ៊ុំ ចំរើន ត្រូវលោកអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតត្រឹមទឹកទី៤នោះទេ ដោយសារតែគេមានប្រវត្តិវាយឈ្នះកីឡាករថៃល្អដែលលោកយកមកនិងជាជើងខ្លាំងម្នាក់ដែលកម្រនឹងចាញ់កីឡាករល្អនោះផងនាពេលកន្លងមក។

លោកថាខ្លួនរំពឹងត្រឹមថា កីឡាករ Khun Phen នឹងយកឈ្នះដោយពិន្ទុឬស្មើលទ្ធផលគ្នាប៉ុណ្ណោះ ទើបលោកយល់ថាលទ្ធផលចាញ់ដោយបោះបង់ការប្រកួតក្នុងទឹកទី៤របស់ អ៊ុំ ចំរើន គឺជារឿងភ្ញាក់ផ្អើលមួយដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ