ក្រុមអង្គការសង្គមស៊ីវិលជាង ១០០ស្ថាប័ន បានអំពាវនាវឲ្យមានការស៊ើបអង្កេតដោយឯករាជ្យទៅលើករណីឃាតកម្មលើអ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាព លោកបណ្ឌិត កែម ឡី ដែលការអំពាវនាវនេះ ត្រូវបានធ្វើឡើងស្របពេលដែលខួប ១ឆ្នាំនៃឃាតកម្មនេះ នឹងចូលមកដល់នៅសប្ដាហ៍ក្រោយនេះ។
លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃចែស នៅក្នុងម៉ាតការ៉ាស់សាំងកាល់តិច ស្ថិតនៅម្ដុំស្តុបបូកគោ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំមុន។
ក្នុងសេចក្ដីថ្លែងការណ៍រួមមួយនៅថ្ងៃនេះ ក្រុមអង្គការសង្គមស៊ីវិលចំនួន ១០៧ស្ថាប័ន បានលើកឡើងថា យុត្តិធម៌នៅមិនទាន់មាននៅឡើយទេ សម្រាប់សពអ្នកវិភាគនយោបាយរូបនេះ រួមទាំងក្រុមគ្រួសារ មិត្តភក្តិ និងសហការីរបស់លោក។
ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ បានបន្តថា ការស៊ើបអង្កេតទៅលើឃាតកម្មលើលោកបណ្ឌិត កែម ឡី នៅមិនទាន់មានតម្លាភាពនៅឡើយទេ ហើយមន្ទិលសង្ស័យជាច្រើននៅក្នុងសំណុំរឿងនេះ ក៏នៅមិនទាន់មានការបកស្រាយផងដែរ។
ចាប់តាំងពីឃាតកម្មបានកើតឡើង ខ្មាន់កាំភ្លើងឈ្មោះ អឿត អាង ហៅខ្លួនឯងថា ជួប សម្លាប់ តែម្នាក់ប៉ុណ្ណោះ ត្រូវបានចាប់ខ្លួន និងកាត់ទោស ប៉ុន្តែ ក្រុមអង្គការសង្គមស៊ីវិលថា មានវីដេអូភស្តុតាងដែលអាចបញ្ជាក់ថា មានអ្នកសមគំនិតជាប់ពាក់ព័ន្ធនៅក្នុងឃាតកម្មនេះ។
ក្រុមអង្គការសង្គមស៊ីវិលបានអំពាវនាវឲ្យមានការស៊ើបអង្កេតដោយឯករាជ្យ មានការចូលរួមពីសំណាក់អ្នកជំនាញអន្តរជាតិ រួមជាមួយការបង្ហាញភស្តុតាងឲ្យបានពេញលេញក្នុងនោះមានទាំងវីដេអូនៃកាមេរ៉ាសុវត្ថិភាពនៅការ៉ាស់សាំងរបស់ក្រុមហ៊ុនកាល់តិចផងដែរ។
ក្រុមអង្គការសង្គមស៊ីវិលលើកឡើងថា ប្រសិនបើនៅតែគ្មានការស៊ើបអង្កេតដោយឯករាជ្យទេ នោះជំនឿទុកចិត្តរបស់សាធារណជនលើប្រព័ន្ធយុត្តិធម៌ អាចនឹងកាន់តែបាត់បង់ថែមទៀត ហើយក្រុមគ្រួសារ និងមិត្តភក្តិរបស់លោក កែម ឡី នៅតែមិនទទួលបានយុត្តិធម៌ដដែល៕