មន្ត្រីសិទ្ធិមនុស្សទើបត្រូវដោះលែងអំពាវនាវឲ្យរកអ្នកពាក់ព័ន្ធនឹងឃាតកម្មលើលោក កែម ឡី

សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​​ដែល​ទើប​ត្រូវ​បាន​ដោះ​លែង​នា​ពេល​ថ្មីៗ​នេះ បាន​អំពាវ​នាវ​ទៅ​សមត្ថកិច្ច​កម្ពុជា ឲ្យ​ពន្លឿន​ការ​ស្រាវ​ជ្រាវ​រក​អ្នក​ពាក់​ព័ន្ធ​នឹង​ករណី​ឃាតកម្ម​លើ​អ្នក​វិភាគ​នយោបាយ​ល្បី​ឈ្មោះ លោក​បណ្ឌិត កែម ឡី យក​ទៅ​កាត់​ទោស​ទៅ​តាមផ្លូវ​ច្បាប់។

មន្ត្រី​សិទ្ធិ​មនុស្ស​សមាគម​អាដហុក លោក យី សុខសាន្ត ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​មិថុនា បាន​ធ្វើ​ដំណើរ​ជាមួយ​ក្រុម​គ្រួសារ ទៅ​ចូល​រួម​បុណ្យ​ខួប ១​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ដែល​រៀបចំ​ធ្វើ​ឡើង​នៅ​ឯ​ឃុំ​លាយបូ ស្រុកត្រាំកក់ ខេត្ត​តាកែវ នៅ​ព្រឹក​ថ្ងៃ​នេះ។

នៅ​គណនី​ហ្វេសប៊ុក​របស់​លោក លោក យី សុខសាន្ត បាន​រៀបរាប់​ថា លោក​បណ្ឌិត កែម ឡី បាត់​បង់​តែ​រូប​កាយ តែ​កេរ្តិ៍​ឈ្មោះ​នៅ។ លោក​សោក​ស្ដាយ​ចំពោះ​ការ​បាត់​បង់​អ្នក​វិភាគ​រូប​នេះ ដែល​លោក​ថា បាន​លើក​ទឹក​ចិត្ត​ដល់​គ្រួសារ​លោក បន្ទាប់​ពី​រូប​លោក​ត្រូវ​បាន​ចាប់​ដាក់​ឃុំ។

លោក យី សុខសាន្ត រៀបរាប់​ថា​៖ “…ក៏​សូម​សំណូម​ពរ​ឲ្យ​សមត្ថកិច្ច​ពន្លឿន​[ការ]​ស្រាវ​ជ្រាវ​រក​អ្នក​ពាក់​ព័ន្ធ មក​កាត់​ទោស​តាម​ផ្លូវ​ច្បាប់​ឲ្យ​បាន”

លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា​ឆ្នាំ​មុន តែ​ជាង ១​ខែ​ក្រោយ​ពី​លោក យី សុខសាន្ត និង​សហការី​របស់​លោក ៣​រូប​ទៀត ត្រូវ​បាន​ចាប់​ខ្លួន ក្រោម​ការ​ចោទ​ថា បាន​សូក​ប៉ាន់​សាក្សី នៅ​ក្នុង​សំណុំ​រឿង​នាង ខុម ចាន់តារាទី ហៅស្រីមុំ ដែល​គេ​ទម្លាយ​ថា មាន​ទំនាក់​ទំនង​ស្នេហា​ដ៏​ចម្រូង​ចម្រាស់​ជាមួយ​មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ