ក្រសួងអប់រំថានឹងឲ្យសិស្សពិការប្រឡងក្នុងបន្ទប់ដាច់ដោយឡែក

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន (ថាញ់ ចន្ទសុធារី)

រដ្ឋមន្ដ្រីក្រសួងអប់រំថា គ្រោងនឹងរៀបចំបន្ទប់ផ្សេង ឲ្យសិស្សពិការអាចប្រឡងដាច់ដោយ​ឡែកពីសិស្សដទៃទៀត ដើម្បីជួយសម្រួលដល់ពួកគាត់។

ក្នុងសន្និសីទសារព័ត៌មានមួយនៅព្រឹកថ្ងៃទី១០ កក្កដា ២០១៧ រដ្ឋមន្ដ្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន បានថ្លែងថា ក្រសួងនឹងរៀបចំសម្រាប់សិស្ស ដែលពិការភ្នែក គ ឬថ្លង់ អាចប្រឡងនៅក្នុងបន្ទប់​ដាច់​ដោយ​ឡែកពីសិស្សផ្សេងទៀត ដោយសារអ្នកដែលពិការភ្នែក ពុំអាចមើលអក្សរក្នុងវិញ្ញាសារឃើញទេ ដូច្នេះ ក្រសួងនឹងរៀបចំពួកអ្នកពិការទាំងនោះ​នៅក្នុងបន្ទប់មួយជាមួយគ្នា ដោយមានអនុរក្ស ដែលអាចបកប្រែ និងពន្យល់ឲ្យពួកគាត់យល់ពីវិញ្ញាសារប្រលង។ លោកថា ក៏នឹងមានគ្រូជំនាញ អាចកែវិញ្ញាសាសម្រាប់ពួកគេផងដែរ។​

លោកបន្ថែមថា ​នៅឆ្នាំ២០១៧ សិស្សពិការមានចំនួន១៦នាក់ ក្នុងនោះ សិស្សពិការភ្នែក១៦នាក់ និង គ ថ្លង់២នាក់ ដូចជា នៅរាជធានីភ្នំពេញ កំពង់ចាម បាត់ដំបង និងសៀមរាបជាដើម។

លោកលើកឡើងថា៖ «សិស្សពិការនឹងត្រូវដាក់នៅក្នុងបន្ទប់មួយដាច់ដោយឡែក​ដោយនៅទីនោះមានសុទ្ធតែអ្នក​ពិការដូចគ្នា ជារួមគ្រប់​មណ្ឌល​គឺត្រូវរក្សាមណ្ឌលមួយដាច់​ដោយឡែកសម្រាប់អ្នកពិការ។​ យើងមានបញ្ជីឈ្មោះ​បេក្ខជនពិការភ្នែក ហើយមានអនុរក្ស មានគ្រូដែលមានជំនាញបង្រៀនសិស្សពិការភ្នែក គ ថ្លង់ ដើម្បីឲ្យសិស្សយល់​ដឹងពីតម្រូវការ ហើយយើងធ្វើការកែដោយគ្រូពិការភ្នែក ឬក៏គ្រូដែល គ ថ្លង់ តាមអត្រាកំណែពិសេស»។

លោក ហង់ ជួនណារ៉ុន ក៏បានអំពាវនាវឲ្យបេក្ខជនប្រលងទាំងអស់ខិតខំប្រឹងប្រែងរៀនសូត្រឲ្យកាន់តែខ្លាំង ដោយហេតុថាវិញ្ញាសារ និងដំណើរការប្រឡងកាន់តែតឹងរ៉ឹងពីមួយឆ្នាំទៅមួយឆ្នាំនិងពុំមានការបន្ធូរបន្ថយឡើយ។

បើតាមសេចក្ដីប្រកាស ការប្រលងសញ្ញាប័ត្រទុតិយភូមិនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២១ សីហា ឆ្នាំ២០១៧ ដោយមានរយៈពេលពីរថ្ងៃ និងបេក្ខជនចូលរួមប្រឡងសរុបចំនួនជាង១០ម៉ឺននាក់(១០៣ ១១២នាក់)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ