អង្គការជាតិ-អន្តរជាតិ ស្នើឲ្យបង្កើតក្រុមស៊ើបអង្កេតឯករាជ្យលើ​ឃាតកម្មលោក កែម ឡី

លោកបណ្ឌិត កែម ឡី នៅក្នុងកម្មវិធីមួយរបស់វីអូឌី កាលពីលោកនៅមានជីវិត។

អង្គការ​ជាតិនិង​អន្តរជាតិ​ជិត២០០​ស្ថាប័នថ្មីៗ​នេះ បាន​ផ្ញើ​លិខិត​ចំហ​ទៅ​រដ្ឋ​មន្ត្រី​មហាផ្ទៃ លោក ស ខេង ដោយ​បាន​ស្នើ​សុំ​ឲ្យ​បង្កើត​ក្រុម​ស៊ើប​អង្កេត​មួយ​ ជុំ​វិញ​​ឃាតកម្ម​​លើ​អ្នក​វិភាគ​នយោបាយ​ល្បី​ឈ្មោះ លោក​បណ្ឌិត កែម ឡី។

ក្នុង​លិខិត​ចំហរចុះ​ថ្ងៃ​ទី​៧ ខែ​កក្កដា បណ្ដា​អង្គការ​ជាតិ និង​អន្តរជាតិ ១៦៤​ស្ថាប័ន បាន​បង្ហាញ​ក្ដី​បារម្ភ​ជា​ថ្មី​ម្ដង​ទៀត ​ជុំ​វិញ​ការ​វិវឌ្ឍ​តិច​តួច​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​នេះ ដោយ​ថា ការ​ស៊ើប​អង្កេត និង​សវនា ការ​ជំនុំ​ជម្រះ​មិន​ទាន់​គ្រប់​គ្រាន់ ដោយសារ​តែមាន​តែ​ជន​សង្ស័យ​ឈ្មោះ អឿត អាង តែ​ម្នាក់​ប៉ុណ្ណោះ ត្រូវ​បាន​តុលាការ​សម្រេច​ផ្ដន្ទា​ទោស ឬ​ចោទ​ប្រកាន់។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ ក៏​មាន​សមាជិកនៃអង្គការសហប្រជាជាតិប្រមាណ៥រូប​ផង​ បាន​ទាម​ទារ​​ឲ្យ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ឯករាជ្យ និង​ឥត​លម្អៀង​​​មួយ​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ ដើម្បី​បន្ត​បើក​ការ​ស៊ើប​អង្កេត​បន្ថែមទៀត។

ប្រាប់អ្នកសារព័ត៌មាននៅកន្លែងបា្ររព្ធពិធីដែលជាកន្លែងខ្មាន់កាំភ្លើងបាញ់សម្លាញ់លោក កែម ឡី ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត លើកឡើងថា ការបង្កើតឲ្យមានក្រុមស៊ើបអង្កេតឯករាជ្យនេះគឺជាមធ្យោបាយដ៏សំខាន់មួយ ដែលអាចផ្តល់ទំនុ​កចិត្តដល់សា​ធា​រ​​ណ​​​ជនឡើងវិញ និងការស្វែ​ងរ​ក​យុត្តិធម៌ សម្រាប់លោក​ កែម ឡី និងគ្រួសារ និងដើម្បីឲ្យប្រជាពលរដ្ឋរួមទាំងសហគមនអន្តរជាតិអស់មន្ទិលសង្ស័យចំពោះឃាតកម្មនេះ។

លោកថា «កន្លងមកយើងឃើញថាមានការរិះគន់យ៉ាងធ្ងន់ធ្ងរ ពីសំណាក់អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ទៅលើការស្វែងរកយុត្តិធម៌សម្រាប់លោកបណ្ឌិត កែម ឡី។ ចឹងបើយើងមានការស៊ើបអង្កេតដោយឯករាជ្យបន្ថែមទៀត ហើយបង្ហាញអំពីលទ្ធផលពីការស៊ើបអង្កេតទាំងអស់នឹងឲ្យមានជំនឿទុកចិត្តវាជួយបំបាត់ការរិះគន់វាធ្វើឲ្យប្រជាពលរដ្ឋជឿទុកចិត្តផងដែរ»។

លោកបន្តថា ការបង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ឯករាជ្យ ដើម្បីស្វែងរកយុត្តិធម៌ឲ្យលោក កែម ឡី នេះ លោកថា  វាជាការស្ដារមុខ​មាត់រដ្ឋាភិបាលផងដែរ។

ព្រះតេជព្រះគុណ លួន សាវ៉ាត ដែលបានចូលរួមក្នុងពិធីរំលឹកខួបនៃការបាញ់សម្លាប់នេះដែរ មានសង្ឃដីកាថា   សព្វថ្ងៃប្រជាពលរដ្ឋរាប់ពាន់នៅតែមានមន្ទិលសង្ស័យករណីឃាតកម្ម លើលោក កែម ឡី  ដោយថា ឃាតកម្មនេះអាចជាប់ពាក់ព័ន្ធជាមួយមនុស្សជាច្រើននាក់ទៀត។ ព្រះអង្គស្នើឲ្យរដ្ឋាភិបាលបង្កើតគណៈកម្មការ​ស៊ើប​អង្កេត​ឯករាជ្យ និង​ឥត​លម្អៀង​មួយ​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ។

ព្រះអង្គថា «អ្វីដែលមានភាពគ្រាន់តែជាឆាកល្ខោន យើងអត់ចង់បានចឹងទេ យើងចង់បានពិតប្រាកដដើម្បីបង្ហាញឲ្យប្រជាពលរដ្ឋបានអស់ចិត្ត ព្រោះអីលូវនេះ យើអត់អស់ចិត្តសោះ​ ថាមិនគួរណាលោកបណ្ឌិត កែម ឡី គាត់ស្លាប់ដោយសារ គ្រាប់កាំភ្លើង ហើយគ្រាប់កាំភ្លើងនេះមិនមែនសម័យប៉ុលពត សម័យសង្គ្រោមទេគឺសម័យសន្តិភាព កាំភ្លើងសម័យប្រជាធិបតេយ្យ ហើយមកបាញ់មនុស្សកណ្ដាលទីក្រុងភ្នំពេញ បាញ់មនុស្សកណ្ដាលផ្សារ កណ្ដាលមុខ កណ្ដាលកាំម៉ារ៉ា កណ្ដាលថ្ងៃ ថ្មាជឿថាកាំភ្លើងនេះមិនមែនកាំភ្លើងធម្មតាទេ គឺកាំភ្លើងមានការរៀបចំ មានផែនការសម្លាប់ឬ ក៏គម្រោងសម្លាប់ហើយឃាតករមិនមែនមានតែមួយទេ អាត្មាជឿថា​​មានច្រើនជាងនេះទៅទៀត»។

អ្នក​នាំពាក្យ​ក្រសួងមហាផ្ទៃ​លោក ខៀវ សុភ័គ មានប្រសាសន៍ថា លោកមិន​ជំទាស់​និងការ​ស្នើសុំ​របស់​អង្គការជាតិ និងអន្តរជាតិដែលស្នើសុំឲ្យបង្កើត​គណៈកម្មការ​ស៊ើប​អង្កេ​ត​ឯករាជ្យ ដើម្បី​បន្ត​បើក​ការ​ស៊ើប​អង្កេត​​បន្ថែមទៀតករណីឃាតកម្មលោក កែម ឡី។ ប៉ុន្តែលោកថា កម្ពុជា​មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីធ្វើកិច្ចការនេះ ដោយថា ​បើមានអន្តរជាតិចូលរួមស៊ើបអង្កេត នោះកម្ពុជា​នឹងស្ថិតនៅ​ក្រោម​អាណានិ​គ​ម​​​​បរទេស​។

លោកនិយាយថា «យើងមានស្ថាប័នរបស់យើងគ្រប់គ្រាន់ហើយ មានច្បាប់គ្រប់គ្រាន់​ ទំាងច្បាប់​នីតិវិធី ព្រ​ហ្ម​ទណ្ឌ ក្រមព្រហ្មទណ្ឌ​ មានតុលាការ មាននគរបាលគ្រប់គ្រាន់ ជាប្រទេសមួយធិបតេយ្យ ហើយទំរាន់​បាន​ជាប្រទេសធិបតេយ្យ តើយើងឆ្លងកាត់អ្វីខ្លះយើងដឹង​ហើយ​ ឆ្លងកាត់កិច្ចប្រជុំទីក្រុងប៉ារីសរហូតដល់​មានរដ្ឋធម្មនុញ្ញ ដូច្នេះខ្ញុំយល់ថា​បើការងារប៉ុណ្នឹង មានការស៊ើបអង្កេត​អន្តរជាតិចូល​ វានាំឲ្យ​ធិបតេយ្យ​ភាពរបស់យើងធ្លាក់ចូលទៅក្នុងអាណានិគម​និយមបរទេសទៀត​​»។

លើសពីនេះទៀត លោក សុភ័គ បានបញ្ជាក់ថា ករណីឃាតកម្មលើលោក កែម ឡី អាចបន្តស៊ើបអង្កេត​បាន ដរាបណាមានការស្នើសុំពីតុលាការ​ ដោយលោក​ថាសំណុំរឿងនេះកំពុង​ស្ថិតនៅក្នុង​ដៃតុលាការ​។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោកលី សុផាណា បានលើកឡើងប្រាប់អ្នកសារព័ត៌មានតាមតេឡេក្រាមថា ករណីសំណុំរឿងលោក កែម ឡី លោកមិនពន្យល់ច្រើនទេ ដោយលោកថាជារឿងសំងាត់នៃការស៊ើបសួរ និងអំណាចឯករាជ្យរបស់តុលាការសម្រាប់ចំណាត់ការរឿងក្តីព្រហ្មទណ្ឌ។ លោកនិយាយថា «ចំពោះសំណួរទាំងឡាយដែលពាក់ពន្ធ័នឹងការសើបសួរលើរឿងឃាតកម្មលោក កែម ឡី ខ្ញុំបានជម្រាបជូនអ្នកសារព័ត៌មានអំពីចំណាត់ការរឿងក្តីនេះតាំងពីពេលសវនាការមកម្ល៉េះនិងសូមអ្នកសារព័ត៌មានយល់អំពីនិតិវិធី វិធានការស្រាវជ្រាវ ការសំងាត់នៃការសើបសួរ និងអំនាចឯករាជ្យរបស់តុលាការសម្រាប់ចំណាត់ការរឿងក្តីព្រហ្មទណ្ឌ»។

គួររំឮកថា លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ទាំង​កណ្ដាល​ថ្ងៃ​ចែស នៅ​ក្នុង​ម៉ាតស្ថិត​ក្នុង​​ការ៉ាស់​សាំង​កាល់តិច នៅ​ម្ដុំ​ស្តុប​បូកគោ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា​ឆ្នាំ​មុន ពោលបើគិតត្រឹមថ្ងៃ​១០​កក្កដា​​នេះ​ មានរយៈពេល១ឆ្នាំ។

ទោះជាបែបនេះក្តី ​រហូត​មកដល់​បច្ចុប្បន្ន​នេះ មាន​តែ​ជន​សង្ស័យ​ឈ្មោះ អឿត អាង ហៅ​ខ្លួន​ឯង​ថា ជួប សម្លាប់ តែ​ម្នាក់​ប៉ុណ្ណោះ​ ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ​ក្រោយ​ឃាតកម្ម​។

ប៉ុន្តែ ក្រុម​អង្គការ​ស៊ីវិល​លើក​ឡើង​ថា សវនាការ​លើ​ជន​សង្ស័យ​រូប​នេះ ​មាន​ចន្លោះ​ប្រហោង និង​មាន​ចំណុច​​សង្ស័យ​ជាច្រើន ពាក់​ព័ន្ធទៅ​នឹង​មូល​ហេតុ​នៃ​ឃាតកម្ម​នេះ ដែល​ត្រូវ​បាន​ជន​សង្ស័យ​ឈ្មោះ អឿត អាង​​ ប្រាប់​ទៅ​សមត្ថកិច្ច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ