នាយករដ្ឋមន្រ្តី៖ នេះហើយគឺខ្ញុំជា ហ៊ុន សែន ដែលពួកជនពាលកំពុងស្វែងរក

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​ក្រុម​គ្រួសារ (FB: លោក ហ៊ុន សែន)

បន្ទាប់ពីបាត់មុខមួយរយៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញរូបថតរបស់លោកនិង​ក្រុម​គ្រួសាររួមទាំងឧកញ៉ា គិត ម៉េង ដោយ​ទំនងជានៅក្រៅប្រទេស។ នេះបើតាមហ្វេសប៊ុក​របស់លោកនៅថ្ងៃទី១០ខែកក្កដា។

លោក ហ៊ុន សែន សរសេរថា «នេះហើយគឺខ្ញុំជា ហ៊ុន សែន ដែលពួកជនពាលកំពុងស្វែងរក ប៉ុន្តែប្រជាជនកម្ពុជាតែងចាត់ទុកថាម្នាក់នេះ (ហ៊ុន សែន) តែងតែរស់នៅរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា តាំងពីប្រជាជននៅក្រលំបាក១០០% រហូតមានការអភិវឌ្ឍដូចសព្វថ្ងៃ»។

លោក ហ៊ុន សែន មិនបានបង្ហាញមុខជាសាធារណៈតាំងពីក្រោយថ្ងៃដែលលោកបញ្ជាឲ្យចាត់​វិធានការលើ «បន្ទប់ស្ថានការណ៍» ពោលក្រោយពេលលោកចូលរួមរំលឹកខួបនៃការ​បង្កើត​គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៨មិថុនា។

ជាមួយគ្នានោះ ទីស្តីការគណៈរដ្ឋមន្រ្តីក៏បានប្រកាសលើកពេលប្រជុំចំនួនពីរប្រចាំសប្តាហ៍ជាប់ៗគ្នា។

ទោះជាយ៉ាងណា លោកនាយករដ្ឋមន្រ្តីបានឆ្លើយតបក្នុងហ្វេសប៊ុករបស់លោកកាលពីម្សិលមិញថា «តើខ្ញុំត្រូវតែប្រាប់មនុស្សគ្រប់គ្នាពិសេសពួកជនពាលថា ខ្ញុំកំពុងស្ថិតនៅទីនេះ ឬទីនោះដែរឬទេ? ទោះខ្ញុំផ្ទេរសិទ្ធិឬមិនផ្ទេរសិទ្ធិ ទោះខ្ញុំស្ថិតនៅទីណា ក៏នៅតែមានលទ្ធភាពដឹកនាំកិច្ចការប្រទេសជាតិពិសេសបង្រ្កាបលើការបង្កចលាចលរបស់ក្រុមជនពាល ក្រុមជ្រុលនិយម ក្រុមពួកកូនអាក្បត់ជាតិបានដែរ បើចង់ដឹងសុំសាកល្បងមើល Sic!»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ