ម៉ៅ ស៊ីណាត រំលឹកក្បាច់គុនចាស់

អ្នកនាង ម៉ៅ ស៊ីណាត (វង្ស សុម៉ាលីន)

មនុស្សភាគបានស្គាល់ត្រឹមថា អ្នកនាង ម៉ៅ ស៊ីណាត គឺជាតារាចម្រៀងនិងជាតារាមួយរូបដែលចូលចិត្តលេងស្ទីលក្រមិចក្រមើមក្នុងពេលច្រៀងរាំប៉ុណ្ណោះ ដោយមិនធ្លាប់ដឹងថាអ្នកនាងគឺជាពិធីការិនីដែលមានវោហាស័ព្ទល្អម្នាក់ មុនក្លាយជាតារាចម្រៀងល្បីនោះទេ។

អ្នកនាងប្រកាសទទួលអាជីពពិធីការិនីជាថ្មីនៅចុងសប្ដាហ៍នេះ ដោយអះអាងថាគឺដើម្បីរំលឹកក្បាច់គុនចាស់។អ្នកគាំទ្រសិល្បៈមិនច្រើនប៉ុន្មានទេ ដឹងថាអ្នកនាង ម៉ៅ ស៊ីណាត ជោគជ័យក្នុងអាជីពពិធីការិនីមុនពេលអ្នកនាងត្រូវបានទទួលស្គាល់ជាអ្នកចម្រៀង។ អំឡុង១២ឆ្នាំមុន អ្នកនាងគឺជាពិធីការិនីដែលមានការទទួលស្គាល់ម្នាក់ប្រចាំនៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍៩ ប៉ុន្តែមកពីអ្នកនាងទទួលការងារនោះបានរយៈពេលខ្លី ហើយស្រាប់តែមកប្រឡូកអាជីពចម្រៀងវិញ ទើបអាជីពដំបូងរបស់អ្នកនាងត្រូវមហាជនបំភ្លេច។

ក្នុងអាជីពដំបូងនោះ អ្នកនាងត្រូវគេអោយកាន់កម្មវិធីបន្តផ្ទាល់សំណូមពរបទចម្រៀង ដោយកម្មវិធីនោះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែវោហារស័ព្ទដ៏សំបូរបែប និងសំលេងពីរោះរបស់អ្នកនាង។

ប៉ុន្តែអ្នកនាងលេចធ្លោក្នុងកម្មវិធីនោះតែមួយរយៈខ្លីប៉ុណ្ណោះក៏បានដកខ្លួន ដោយសារអ្នកនាងចូលកុងត្រាច្រៀងនៅក្នុងផលិតកម្មមួយ ដែលតម្រូវអោយអ្នកនាងសម្រេចចិត្តបោះបង់អាជីពពិធីការិនី ដោយបោះចោលរហូតតែម្ដងមកទល់នឹងបច្ចុប្បន្ន។ អ្នកនាងថាខ្លួនបានហក់ចូលសិល្បៈដំបូងបំផុតក្នុងនាមជាអ្នកចម្រៀងអាហ្វែនិងក្រោយមកក៏បានច្រៀងក្នុងរង្គសាលមួយ។

ដោយសារអ្នកនាងឩស្សាហ៍កាន់ក្បាលមេក្រូធ្វើពិធីការិនីពេលមានកម្មវិធីក្នុងរង្គសាល ទើបខាងផលិតករប៉ុស្តិ៍លេខ៩អោយអ្នកនាងចូលកាន់កម្មវិធីបន្តផ្ទាល់ក្នុងកម្មវិធីសំណូមពរបទចម្រៀងតាមទូរស័ព្ទនៅអំឡុងឆ្នាំ២០០៥។ អ្នកនាងថាខ្លួនបានក្លាយជាតារាចម្រៀង ដែលមានឱកាសឡើងឆាកទូរទស្សន៍ដោយសារតែមហាជនស្គាល់ក្នុងអាជីពពិធីការិនីនឹងដែរ ទើបអ្នកនាងយល់ថាជារឿងសោកស្ដាយដែលអ្នកនាងបោអចោលអាជីពដើមរបស់ខ្លួន។

អ្នកនាងថា ហេតុផលកុងត្រា និងជាប់ច្រៀងរហូតដល់ថ្នាក់មិនមានពេលអោយឋាងទូរទស្សន៍អោយទៀងថ្ងៃដូចមុនគឺជាកត្តាដែលអ្នកនាងមិនមានការងារជាពិធីការិនី។

អ្នកនាងនិយាយ “អាជីពហ្នឹង(ពិធីការិនី) ការពិតស្រលាញ់ តែដោយសារកាលហ្នឹងខ្ញុំជាប់ច្រៀងរវល់ពេក ហើយទ់មានពេលទទួលកាន់កម្មវិធីអោយគេម្មង ទើបអុីចឹងហើយទើបអ្នកខ្លះអត់ដឹងថា ម៉ៅ សុីណាត ដំបូងបំផុតធ្វើពិធីការិនី”។

អ្នកនាងនឹងទទួលយកការងារនេះជាថ្មីម្ដងទៀត ដោយគ្រោងបង្ហាញខ្លួនក្នុងកម្មវិធីកិច្ចសម្ភាសន៍បន្តផ្ទាល់មួយ នៅល្ងាចថ្ងៃសុក្រសប្ដាហ៍នេះតែម្ដង ជាមួយអ្នកនាង លី ម៉ារីណា។ អ្នកនាងថាកម្មវិធីដែលអ្នកនាងទើបបានយល់ព្រមទទួលនោះ គឺកម្មវិធីសម្ភាសន៍តារានៅលើផេកមួយ ដោយកម្មវិធីនេះទទួលបានការចាប់អារម្មណ៍ជាច្រើនសប្ដាហ៍មកហើយ ក្នុងពេលពិធីករចាស់មិនទាន់ត្រូវបានផ្លាស់ប្ដូរ ហើយជ្រើសអ្នកនាងវិញ។ កម្មវិធីនេះត្រូវបានប្រកាសថាបន្តផ្ទាល់រៀងរាល់ថ្ងៃព្រហស្បតិ៍វេលាម៉ោង៦កន្លះ ប៉ុន្តែដោយសារតម្រូវតាមតារាកិត្តិយសទើបប្ដូរថ្ងៃបន្តផ្ទាល់នៅថ្ងៃសុក្រចំនួន២សប្ដាហ៍ ដែលត្រូវចំពេលអ្មកនាងចូលកាន់កម្មវិធីជំនួសអវត្តមានរបស់ពិធីករចាស់ដែលបានលាឈប់។

អ្នកនាងថាកម្មវិធីនោះមានឈ្មោះថា “Konsan Talkshow” ដោយពិធីករចាស់គឺ អ្នកនាង លី ម៉ារីណា និងពិធីករលោក នាង វ៉ាងសាន់ ដែលជាពិធីកររបស់ទូរទស្សន៍ហង្សមាស។ យោងតាមបង្ហើប អ្នកនាងថា ពិធីករចាស់សម្រេចចិត្តលាឈប់ ដោយសារហង្សមាសទើបនឹងបានដឹង ហើយតម្រូវមិនអោយ លោក នាង វ៉ាងសាន់ ទទួលធ្វើដោយសារតែលោកគឺជាពិធីករកុងត្រា។ អ្នកនាងថាខ្លួនត្រូវបានផលិតករទាក់ទងចំនួនច្រើនថ្ងៃមកហើយដោយអ្នកនាងទើបតែព្រមព្រៀងទទួលយកកាលពីថ្ងៃច័ន្ទដើមសប្ដាហ៍។ អ្នកនាងថាខ្លួននឹងចាប់អាជីពពិធីការិនីជាថ្មី តែមិនចាប់រហូតភ្លេចកូនភ្លេចផ្ទះ ដូចគ្នានឹងអាជីពចម្រៀងនោះទេ ក្នុងពេលដែលអ្នកនាងប្រកាសថាការងារសិល្បៈគឺនឹងទទួលត្រឹមតែតិចតួចដើម្បីទុកពេលមើលថែកូន។

អ្នកនាង ម៉ៅ ស៊ីណាត បញ្ជាក់ថា អ្នកនាងនឹងចាប់អាជីពពិធីការិនីដូចគ្នានឹងការបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍កាលពី១២ឆ្នាំមុន តែការទទួលពេលនេះមិនមែនដើម្បីចង់ល្បីនោះទេ គឺគ្រាន់តែដើម្បីបំពេញការស្រលាញ់ និងចង់រំលឹកក្បាច់គុនចាស់ប៉ុណ្ណោះ។

អ្នកនាងសុខចិត្តទុកកូនអោយអ្នកផ្ទះមើល ដោយសារបានសម្រេចចិត្តទទួលយកអាជីពពិធីការិនីនិងដោយសារតែកត់សម្គាល់ថាកម្មវិធីនោះជាកម្មវិធីសិល្បៈទាក់ទាញ ហើយត្រូវនឹងការចូលចិត្តរបស់ខ្លួន។ យ៉ាងណាមិញ អ្នកនាងក៏បារម្ភខ្លាចការនិយាយស្ដីមិនបានល្អដូចកាលពី១២ឆ្នាំមុនផងដែរ ក្នុងពេលដែលអ្នកនាងបោះចោលអាជីពនោះយូរពេក។ អ្នកនាងថាខ្លួនមិនមានកុងត្រាជាមួយកម្មវិធីនោះទេ ប៉ុន្តែបើការនិយាយរបស់ទទួលបានការគាំទ្រ មិនមានការរិះគន់ នោះអ្នកនាងនឹងចាប់រហូត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ