បទពិពណ៌នា៖ អាគារប៊ុលឌីង «ស» នឹងរលាយបាត់រូប ទោះពលរដ្ឋ៧គ្រួសារមិនព្រមទទួលសំណង

អាគារប៊ុលឌីង «ស»

អាគារប៊ុលឌីង «» ដែលមានអាយុកាលប្រមាណជាង៥០ប្លាយឆ្នាំមកហើយ នឹងត្រូវគេវាយកម្ទេចចោល នៅពាក់កណ្ដាលខែកក្កដា ឆ្នាំ២០១៧នេះ ខណៈដែលពលរដ្ឋមួយចំនួនថា ពួកគេមិនព្រមទទួលយកសំណងជាថ្នូរនឹងការចាកចេញឡើយ។

អាគារសដ៏ចំណាស់មួយនេះ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានចម្ងាយប្រហែល៥០០ម៉ែត្រ ភាគខាងត្បូងពីព្រះបរមរាជវាំង ចំកណ្ដាលរាជធានីភ្នំពេញ។

បើមើលពីសភាពអាគារនៅពេលបច្ចុប្បន្ននេះ លោកអ្នកប្រហែលជានឹងស្រឡាំងកាំងក្នុងចិត្ត ព្រោះអាគារប៊ុលឌីង «» មានសភាពក្លាយជាពណ៌ខ្មៅ ស្ងាត់ជ្រងំ និងមានក្លិនអាសោចភាយចេញពីគំនរសំរាម ដែលប្រជាពលរដ្ឋបន្សល់ទុក ដោយគ្មានរបៀបរៀបរយ និងមិនបានបោសសម្អាតឲ្យស្អាត បន្ទាប់ពីពលរដ្ឋភាគច្រើនយល់ព្រមចាកចេញ។

នៅក្នុងបន្ទប់នីមួយៗ នៃអាគារប៊ុលឌីង មើលទៅហាក់ដូចជា ផ្ទះខ្មោច ស្ងាត់ឲ្យជ្រៀប គ្មានសំឡេងមនុស្សទេ ស្របពេលអាជ្ញាធគ្រោងវាយកម្ចេចចោលនៅពាក់កណ្តាលខែកក្កដានេះ។

ចំណែក នៅតាមដងផ្លូវខាងមុខអាគារវិញ ក៏មិនសូវមានម៉ូតូ ឡាន និងអ្នកធ្វើដំណើរច្រើនដែរ គឺមានតែរ៉ឺមក់ ម៉ូតូកង់បី ចតនៅមុខផ្ទះប្រជាពលរដ្ឋ ដែលកំពុងរៀបចំអ៊ីវ៉ាន់ និងសម្ភារៈផ្សេងៗ ត្រៀមដឹកចេញទៅលំនៅឋានថ្មី។​ ហើយអ្នករស់នៅអាគារនេះប្រមាណជាង២០គ្រួសារ ថា ពួកគេនៅពុំទាន់រើចេញទេ ដោយសារចង់បន្ដប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ និងខ្លះទៀតអង្គុយជជែកគ្នាលេងខាងមុខផ្ទះ ដោយថា ពួកគេនឹងរើចេញក្នុងរយៈពេល២ថ្ងៃទៀត មុនគេវាយកម្ទេចអាគារចោល។

ក្រុមប្រជាពលរដ្ឋទាំងនោះ មានខ្លះកំពុងលក់ចាបហួយ ខ្លះលក់គុយទាវ កាហ្វេនិងបាយ ហើយខ្លះទៀតលក់ដូរមុខរបរបន្ដិចបន្ដួច ដោយហាក់ដូចជាមិនមានការព្រួយបារម្ភពីបញ្ហាសុខភាពរបស់ពួកគេឡើយ។

សភាពចាស់ទ្រុឌទ្រោម និងក្លិនឆ្អាបភាយចេញពីអាគារនេះ មិនបានធ្វើឲ្យអ្នកធ្វើដំណើរ និងភ្ញៀវទេសចរ ខ្លាចរអារ មិនហ៊ានទៅទស្សនាឡើយ។ ប៉ុន្ដែក៏មានមនុស្សជាច្រើន រួមទាំងអ្នកសារព័ត៌មាន មកពីស្ថាប័នផ្សេងៗ បានចុះទៅផ្ដិតយករូបភាព និងយកព័ត៌មានផងដែរ។

នៅប៉ុន្មានថ្ងៃមុនការវាយកម្ទេចអាគារនេះចោល គេក៏សង្កេតឃើញមានក្រុមអាជ្ញាធរ និងក្រុមហ៊ុនវិនិយោគ ចុះវាស់វែងទីតាំង និងត្រួតពិនិត្យអាគារជាញឹកញាប់។​

បើយើងប្រៀបធៀបអាគារសនេះ ជាមួយនឹងអាគារផ្សេងទៀត ដែលសង់ឡើងព្រោងព្រាតនៅក្បែរនោះ គេនឹងឃើញថា វាខុសគ្នាដាច់ស្រឡះតែម្ដង។ ផ្នែកខ្លះនៃអាគារបានបាក់បែក ជាបំណែកៗ ហើយពណ៌ដើមរបស់វា បានរលុបអស់ និងឡើងពណ៌ក្រម៉ៅ ដុះស្លែពេញ ហើយកាន់តែសឹករិចរិល ខូចទ្រង់ទ្រាយស្ទើរទាំងស្រុងទៅហើយ។

បើតាមឯកសារ អាគារសនេះមានឈ្មោះដើមថា «អាគារស្នាក់នៅសាលាក្រុង» ត្រូវបានកសាងនៅចន្លោះទសវត្សទី៥០ និង៦០ ពោលគឺស្ថាបនាឡើងក្នុងជំនាន់ សម្ដេច សីហនុ កាលទ្រង់ជាប្រមុខរដ្ឋសម័យសង្គមរាស្ដ្រនិយម រវាងឆ្នាំ១៩៥៣ដល់ឆ្នាំ១៩៧០ ក្រោយពេលដែលកម្ពុជាទទួលបានឯករាជ្យពីអាណានិគមបារាំង។

កាលនោះ ដោយសារកំណើនប្រជាជនសម្រុកមករស់នៅក្នុងទីក្រុងច្រើន សម្ដេច សីហនុ បានផ្ញើលិខិតមួយជូនអភិបាលក្រុងលោក ទេព ផន ដោយទ្រង់ស្វែងយល់ថា ទីក្រុងភ្នំពេញ ត្រូវតែកសាងអាគារច្រើនបន្ទប់ ដែលមានតម្លៃថោកសមរម្យសម្រាប់ជួល ឬលក់ដល់គ្រួសារ ដែលមានប្រាក់ចំណូលទាបទៅមធ្យម។​

ក្រោមហេតុផលនេះ គម្រោង «អគារស្នាក់នៅសាលាក្រុង» ឬតមកហៅថា «អាគារប៊ូឌីង» ក៏ត្រូវបានបង្កើត និងរចនាឡើងដោយស្ថាបត្យករខ្មែរ លោក លូ បានហាប់ និងស្ថាបត្យកររុស្ស៊ី លោក ឡាឌីម៊ា បូឌៀនស្គី ដោយបានសម្ពោធ ឲ្យប្រើជាផ្លូវការនៅឆ្នាំ១៩៦៣។ អគារប៊ូឌីងនេះមានកម្ពស់៤ជាន់ និង៤៦៨បន្ទប់ ហើយត្រូវបានផ្តល់ជូនប្រជាជនដែលមានចំណូលពីទាបទៅមធ្យមស្នាក់អាស្រ័យនៅក្នុងទីក្រុង។

ប៉ុន្ដែដោយសារវ័យចំណាស់របស់អាគារ និងបារម្ភពីសុវត្ថិភាពប្រជាពលរដ្ឋ រដ្ឋាភិបាលបានគិតគូយ៉ាងដិតដល់លើបញ្ហានេះ ដោយសន្យាថា នឹងអភិវឌ្ឍអាគារនៅហ្នឹងកន្លែងតែម្ដង។​

តំណាងប្រជាពលរដ្ឋ ធ្លាប់បានឲ្យដឹងថា មុនរដ្ឋាភិបាលប្រកាសអភិវឌ្ឍ និងកសាងអាគារ «» នេះឡើងវិញ គឺពលរដ្ឋរស់នៅអាគារនេះ មានចំនួន៥៦០គ្រួសារ ភាគច្រើនជាសិល្បៈករ សិល្បៈការិនី នាយទាហ៊ាន មន្ដ្រីរាជការ អាជីវករ អ្នកលក់អ៊ីវ៉ាន់ចាបហួយ ជាដើម។ល។

ទោះជាការប្រកបរបរចិញ្ចឹមជីវិតប្រព្រឹត្តទៅល្អប្រសើរ សម្រាប់ពលរដ្ឋភាគច្រើន ប៉ុន្ដែពួកគាត់ក៏បារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ដោយភ័យខ្លាចការបាក់រលំ ឬស្រុតអាគារដោយប្រការណាមួយ។

ការណ៍នេះ ញាំងឲ្យអាជ្ញាធរបង្កើនការយកចិត្តទុកដាក់ ចាត់វិធានការកែលម្អអាគារចំណាស់មួយនេះឡើងវិញ ដោយបារម្ភថា ពលរដ្ឋអាចនឹងរងគ្រោះថ្នាក់ដល់អាយុជីវិត បើមានការបាក់រលំមែន។

ជុំវិញគម្រោងអភិវិឌ្ឍអាគារប៊ុលឌីងនេះ ក្រុមប្រជាពលរដ្ឋបានតវ៉ា និងទាមទារសំណងសមរម្យ ដោយខ្លះក៏ភ័យខ្លាចពីការបណ្ដេញចេញពីលំឋានដោយបង្ខំដូច ករណីតំបន់បឹងកក់ និងបុរីកីឡា។

ប៉ុន្ដែបន្ទាប់ពីមានការសម្រួបសម្រួល រវាងប្រជាពលរដ្ឋ ក្រុមហ៊ុនវិនិយោគ និងក្រសួងរៀបចំដែនដី កាលពីខែឧសភាឆ្នាំ២០១៧កន្លងទៅ ពលរដ្ឋប្រមាណ៩៤ភាគរយ បានសម្រេចចិត្តទទួលយកសំណងជាថ្នូរនឹងការចាកចេញ។ ករណីនេះ រដ្ឋាភិបាលបានផ្ដល់សំណងឲ្យអ្នករស់នៅអាគារប៊ូឌីញ «» ​ក្នុង១​ម៉ែត្រការ៉េ ​​១ ៤០០​​ដុល្លារ​ និងសន្យាបន្ថែមទឹកប្រាក់ចំនួន១០០ដុល្លារទៀត ក្នុងមួយគ្រួសារសម្រាប់ការរើផ្ទះចេញពីអគារ។​

បើតាមសេចក្ដីប្រកាស ការវាយកម្ទេចអាគារប៊ុលឌីង នឹងធ្វើឡើងនៅថ្ងៃទី១៧កក្កដា ខណៈដែលប្រជាពលរដ្ឋចំនួន៧គ្រួសារ ថា មិនព្រមចាកចេញនោះទេ ព្រោះប្រាក់សំណងតិចពេក។

មុនពេលដែលអាគារនេះនឹងត្រូវវាយបំផ្លាញចោល ពលរដ្ឋម្នាក់គឺអ្នកស្រី សុខ នី អាយុ៤៨ឆ្នាំ ឲ្យអ្នករាយការណ៍ព័ត៌មានដឹងថា ក្រុមគ្រួសារអ្នកស្រីនឹងរស់នៅទីនេះបន្ដទៀត ព្រោះសំណងតិចពេក មិនអាចឲ្យអ្នកស្រីរកទិញផ្ទះថ្មី ដើម្បីរស់នៅសមរម្យដូចគេឯង។ អ្នកស្រីថា៖ «ចាស់ សំណងវាបានតិច យើងរកលុយតិចបន្ថែម វាអត់មានលុយ បន្ថែមទិញហ្នឹងណា។​ តម្លៃហ្នឹង វាទទួលយកបាន ប៉ុន្ដែផ្ទះយើងវាការ៉េតូច វាបានលុយតិច បើគេការ៉េធំ វាបានលុយច្រើន ពេលយើងការ៉េតូច បានលុយតិច យើងដើររកទិញផ្ទះ វាអត់បាន​»។

អង្គុយជជែកគ្នាលេង ក្រោមដើមឈើមួយដើម ដែលផ្ដល់ជាម្លប់ត្រជាក់បង្គួរ ប្រជាពលរដ្ឋប្រមាណជិត១០នាក់ លើកឡើងថា ទោះពលរដ្ឋភាគច្រើនបានចាកចេញក្ដី ប៉ុន្ដែអ្នករស់នៅទីនេះចំនួន៧គ្រួសារ មិនព្រមទទួលយកសំណងទេ ដោយថា ផ្ទះរបស់ពួកគាត់មានទំហំតូច ដូច្នេះប្រាក់សំណង ដែលទទួលបាន ក៏តិចតួចជាងគេ។ «២ម៉ឺនអីអញ្ចឹង ទៅទិញផ្ទះណាកើត មានតែទៅស្រុកវិញ ហើយកូនសុទ្ធតែរៀនសូត្រនៅហ្នឹង ធ្វើការនៅហ្នឹង និយាយទៅសុទ្ធតែគ្រូបង្រៀន ហើយទាហ៊ានអីញ្ចឹង។ ថ្ងៃ១០ប៉ុន្មាន ក៏អត់រើដែរ រើតែអាអ្នកចេញតើ អាអ្នកយើងនៅ មានរើណា ម្ចាស់ផ្ទះគេ ស្រេចតែគេ ក្រែងយើងលក់ដូរនេះ មិនមែនជាគម្រោងរបស់រាជរដ្ឋាភិបាលណា»។

ក្រុមប្រជាពលរដ្ឋទទូចឲ្យរដ្ឋាភិបាល និងក្រុមហ៊ុន ​តម្លើងថ្លៃសំណងដល់ពួកគាត់ដែលនៅសេសសល់ឲ្យបានខ្ពស់ជាងមុនបន្ដិច ដោយពួកគាត់ថា នឹងស៊ូទ្រាំរស់នៅទីនោះបន្ដទៀត ទោះបីជាអាជ្ញាធរវាយកម្ទេចអាគារចាស់នេះចោលក៏ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ