បទយកការណ៍៖ កម្មការិនីប្រឈមបញ្ហាសុខភាព ព្រោះបរិភោគអាហារមិនមានគុណភាព

នៅសងខាងផ្លូវបេតុង មុខរោងចក្រមួយខាងលិចរាជធានីភ្នំពេញ មើលទៅហាក់ដូចជាផ្សារតូចមួយអញ្ចឹង ដោយមានអ្នកលក់តាមតូប តូចៗ ទទឹងប្រហែលមួយម៉ែត្រ តម្រៀបជាប់របងរោងចក្រសំរាប់ដាក់តាំងលក់ម្ហូបអាហារ អមដោយមានកង់ ម៉ូតូ រ៉ឺម៉ក ដែលដឹកបន្លែ ផ្លែឈើមកចតលក់ និងខ្លះទៀតដាក់ម្ហូបក្នុងចានដែក​និងថាសអង្គុយលក់លើផ្លូវក៏មាន។

ម៉ោង១១ថ្ងៃត្រង់ ជាម៉ោងដែលកម្មករសម្រាកពីការងារដើម្បីញ៉ាំបាយ។ កម្មករស្ត្រីភាគច្រើននាំគ្នាមកចោមរោមទិញអាហារដែលគេបានរៀបចំទុក មានសម្លរ ឆា និងបាយដែលគេច្រកថង់ផ្លាស្ទិចហើយស្រេចៗ។ អ្នកខ្លះ ទិញហើយអង្គុយញ៉ាំក្នុងរោងជាប់របងរោងចក្រ អ្នកខ្លះទិញយកទៅញ៉ាំនៅបន្ទប់ជួលដែលនៅក្បែររោងចក្រ។ ពួកគេខ្លះមានគ្នាបួនប្រាំនាក់ទិញម្ហូបម្នាក់មួយមុខ និងបាយមួយថង់មកដាក់រួមគ្នាបរិភោគ។

មាឌដំបង សម្បុរស ធ្មេញមានដាំត្បូងពណ៌សមួយគ្រាប់តាមបែបសម័យថ្មី ទើបដើរចេញពីកន្លែងការងារ កញ្ញា ទៀ ចាន់ណា មកពីខេត្តកំពង់ធំ ធ្វើការរោងចក្រនៅជិតភូមិព្រៃទាជិតបីឆ្នាំហើយ។ ដូចមិត្តរួមការងារទូទៅដែរ ចាន់ណា ចំណាយថ្លៃបាយពេលថ្ងៃអស់ ១ ៥០០រៀល ទៅ ២ ០០០រៀល សម្រាប់ម្ហូបមួយមុខ និងបាយមួយថង់ ពេលថ្ងៃត្រង់មុខរោងចក្រ។

កញ្ញាថា ដោយសារតែពេលថ្ងៃ បានសម្រាកតែមួយម៉ោងទើបធ្វើដូចនេះ។ បើពេលល្ងាច ចាន់ណា ថា គឺទិញម្ហូបយកទៅធ្វើនៅបន្ទប់ជួលខ្លួនឯង ដែលត្រូវចំណាយអស់ ៣ ០០០រៀល ហើយបានលៃម្ហូបសម្រាប់ពេលព្រឹកផង ឯបាយ ត្រូវយកអង្ករមកពីស្រុកដើម្បីដាំ។

ចាន់ណា បន្តថា រូបនាង ធ្លាប់មានបញ្ហាសុខភាព ដោយសារទទួលទានអាហារទាំងនេះកាលពីពេលកន្លងមក ដោយថា មិនឃើញមានម្ហូបណាល្អជាងនេះលក់ទេ។

ចាន់ណា បន្ថែមថា រូបនាងមិនពេញចិត្តនឹងស្ថានភាពនេះទេ ព្រោះប្រាក់ខែតិច ត្រូវចំណាយលើគ្រួសារផង ខ្លួនឯងផង។ ចាន់ណា មិនដឹងធ្វើបែបណាល្អក្រៅពីនេះទេ តែថា សូមកុំឲ្យអាហារមានជាតិគីមី។ «ជួនកាលរាគទៅ ឈឺពោះទៅ ឈឺក្បាល! កាលហ្នឹងខ្ញុំញ៉ាំអន្សម គេលក់មួយប្រាំរយ។ ប្រហែលពីរម៉ោងធ្វើទុកចុកវិល ផ្សំថ្នាំពេទ្យក៏អត់បាត់ ក៏មកដេកក្នុងបន្ទប់។ ម្ហូបហ្នឹងវាថោកដែរ»។

នៅឯបន្ទប់ជួលតូចមួយ នៅក្បែររោងចក្រស្បែកជើងក្នុងតំបន់ទឹកថ្លាឯនេះវិញ ស្រ្តីពរពោះម្នាក់ កំពុងទទួលទានបាយថ្ងៃត្រង់ជុំប្តី និងកូនពីរនាក់ទៀត។ អ្នកស្រី សុខ អៀង ធ្វើការរោងចក្រ៧ឆ្នាំហើយ។ អ្នកស្រី ត្រូវទិញម្ហូបមុខរោងចក្រមកញ៉ាំនៅបន្ទប់ជួល ពេលថ្ងៃជុំគ្រួសាររៀងរាល់ថ្ងៃពេលម៉ោងសម្រាក ដោយជួនកាលត្រូវទិញម្ហូបមកធ្វើខ្លួនឯងដែរ តែបានតែម្ហូបឆាតែប៉ុណ្ណោះ ព្រោះពេលខ្លី។ អ្នកស្រី សុខ អៀង ឲ្យដឹងទៀតថា បើសិនជាថ្ងៃណាប្តី និងកូនមិននៅ អ្នកស្រី ត្រូវនៅញ៉ាំបាយមុខរោងចក្រដូចកម្មការិនីទូទៅដែរ។ អ្នកស្រីថា អាហារសព្វថ្ងៃនេះមិនល្អទេ គឺគ្រាន់តែហូបបណ្តោះអាសន្នឲ្យមានកម្លាំងធ្វើការតែប៉ុណ្ណោះ។ «ខ្ញុំថាដូចមិនសូវមានអនាម័យដែរ បើតាមខ្ញុំមើលទៅរាងរញ៉េរញ៉ៃតែម្តង ប៉ុន្តែមិនដឹងថាធ្វើម៉េច កាលណាតែទៅផ្សារវាយូរ។ ម្ហូបដាក់លាត បន្លែក្រាលនៅដី ម្ហូបច្រកថង់ក៏មិនល្អប៉ុន្មានដែរ ពេលដួសច្រកមានដីហ៊ុយ…»។

រាងតូចល្អិត តែសម្តីស្វាហាប់ អ្នកស្រី ហ៊ាង ចិន្តា ជាអនុប្រធានសម្ព័ន្ធសហជីពកម្ពុជា។ អ្នកស្រីថាកម្មករដឹងថា ម្ហូបអាហារលក់មុខរោងចក្រមិនសមរម្យនឹងហូប ប៉ុន្តែចាំបាច់ និងចៀសមិនផុត ដោយសារត្រូវទុកលុយចិញ្ចឹមក្រុមគ្រួសារ មិនអាចហូបតែមួយពោះរស់តែមួយខ្លួនបានទេ។ «បើសិនជាបានប្រាក់ខែខ្ពស់ជាងហ្នឹង ខ្ញុំគិតថា កម្មករមិនថាគេមិនថាខ្ញុំចង់ធ្វើឲ្យមានអនាម័យល្អបាន។ ប្រាក់ខែដដែលមិនដឹងគិតធ្វើម៉េច…»។

នៅឯមន្ទីរសម្រាកព្យាបាលនិងសម្ភព «មូលមិត្ត» ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិសែន​ជ័យ រាជធានីភ្នំ​ពេញ មានអ្នកជម្ងឺកកកុញតាំងពីជាន់ក្រោមដល់ជាន់លើ និងមានអ្នកអង្គុយរង់ចាំជាច្រើននាក់ទៀត។ មន្ទីរពេទ្យឯកជននេះ មានកម្មករស្ទើរតែ៩០ភាគរយមកព្យាបាល នេះបើតាមប្រធានរដ្ឋបាលនៅមន្ទីរពេទ្យមូលមិត្ត លោ​ក ស៊ុំ សុវិសាល ប្រាប់ឲ្យដឹង។

វេជ្ជបណ្ឌិតវ័យក្មេងរូបនេះ បញ្ជាក់ថា មានកម្មករដែលមានបញ្ហាចំណីអាហារមកព្យាបាលប្រហែល២០នាក់ ក្នុងចំណោមអ្នកមកព្យាបាលរាល់ថ្ងៃ២០០នាក់។ លោកថា មូលហេតុមកពីត្បិតត្បៀតក្នុងការហូបចុក ការញ៉ាំអាហារអត់មានអនាម័យ ដូចជាម្ហូបសល់ អាហារប្រភេទជ្រក់ ឬផ្អកម៉ាំ លៀសហាល ដែលអាចបង្ករទៅជាពុល និងគ្រុនពោះវៀន។ «សំណូមពរខ្ញុំ ចង់ឲ្យបងប្អូនកម្មករទាំងអស់ទទួលរបបអាហារឲ្យបានទៀងទាត់ និងជាប្រភេទអាហារសំបូរវីតាមីន។ គួរតែប្តូររបបអាហារ ទាក់ទងនឹងជ្រក់ ម៉ាំ ផ្អក អាចញ៉ាំមួយអាទិត្យម្តងចុះ បើរាល់ថ្ងៃឲ្យមានសម្លរ មានសាច់បន្លែលាយគ្នា។ មួយទៀតគឺអនាម័យ ត្រូវជ្រើសរើសអ្នកលក់ណាមានអនាម័យ បើឃើញរុយរោម កុំទិញ! សាច់ណាដែលសល់ សម្លរណាដែលសល់ កុំ!»។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ