រដ្ឋាភិបាលឲ្យធានានិរន្តរភាពមន្ទីរពេទ្យគន្ធបុប្ផាទោះអស់ជំនួយពីបរទេស

មន្ទីរពេទ្យគន្ធបុប្ផាសៀមរាបកាលពីពេលកន្លងទៅ

លោកនាយករដ្ឋមន្ត្រី បញ្ជាឲ្យក្រសួងពីរទទួលខុសត្រូវ លើការចំណាយទាំងអស់ដល់ដំណើរ​ការមន្ទី​រ​ពេទ្យ​គន្ធបុប្ផា ដោយថាបើទោះបីប្រទេសស្វីសឈប់ផ្តល់ជំនួយក៏ដោយ។

មន្ទីរពេទ្យគន្ធបុប្ផា បានដំណើរការច្រើនឆ្នាំមកហើយនៅកម្ពុជា ដោយមន្ទីរពេទ្យនេះផ្តល់​​សេ​វាព្យា​បា​​​​លឥតគិតថ្លៃ ជួយសង្គ្រោះកុមារកម្ពុជារាប់ម៉ឺនាក់ក្នុង១ឆ្នាំៗ។ បើតាមរបាយការណ៍នានា ថវិ​កាសម្រា​​ប់​ដំ​​ណើ​រការ របស់មន្ទីរពេទ្យ មួយភាគធំ ប្រ​​​ទេ​​សស្វី​ស​​ជាអ្នកឧបត្ថម្ភ។

ក្នុងពិធី​សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ​២០១៦​-២០២៥ » នាថ្ងៃទី២៤ខែកក្កដានេះ លោក ហ៊ុន សែន រំឭកថា កន្លងទៅលោក​ធ្លាប់និ​យាយជា​មួយមេ​ដឹក​នាំ​​​​ប្រ​ទេសស្វីសថា កម្ពុជាពេលនេះមានលទ្ធភាព ធានាដល់ដំណើរការ របស់មន្ទីរពេទ្យគន្ធបុប្ផាបាន  ទោះបីម្ចាស់ជំនួយ សម្រេចដកខ្លួនចេញក៏ដោយ។

លោកថា៖ «ជួបជាមួយនឹងប្រធានាធិបតីស្វីសកាលពីដើមឆ្នាំនេះ ខ្ញុំក៏បានលើកឡើងទៅលើការទទួល​ខុសត្រូ​វរបស់យើង។ ដូច្នេះរវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល ត្រូវតែធានា​ថា មន្ទី​រពេ​ទ្យ[​គន្ធបុប្ផា​]មួ​យនេះ​ បើទោះបីអត់ជំនួយពីស្វីស អត់ជំនួយពីខាងផ្នែកដៃគូ យើងនៅតែធានាថា មន្ទីរពេ​ទ្យនេះ​ នៅតែ​ធានានូ​វសេវាធម្មតា [ព្យាបាលឥតគិតថ្លៃ] ដូចពេលនេះ។ យើងមានល​ទ្ធភាពធ្វើកិ​ច្ចកា​រងារនេះ ដែល​ជួយយ៉ាងច្រើនទៅដល់កុមារ»។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាព លោក យង់ គិមអេង បានស្វាគម​ន៍ចំពោះ​ការប្តេជ្ញាចិត្ត របស់រដ្ឋាភិបាលនេះ។ ប៉ុន្តែលោកជំរុញឲ្យរដ្ឋាភិបាល ត្រូវបង្កើតយន្តការ តាមដាន​ស​កម្មភាព បន្ថែ​មទៀត ក្រោយពីអ្នកគ្រប់គ្រងជាជនបរទេសដកខ្លួនចេញ នោះលោកថាទើប​អាចធានាគុណ​ភា​ពនៃការ​ផ្តល់សេវា។

លោកថា៖ «ការផ្ទេរពីអ្នកផ្តល់ជំនួយ[បរទេស]មករដ្ឋនេះ កន្លងមកយើងឃើញថា​គុណភាពមិនសូវជាមា​ន ដូចជាម​ន្ទីរពេទ្យ គាំពារមាតា និងទារក ដែលយើងហៅថាពេទ្យជប៉ុនហ្នឹង។ កាលពីជប៉ុនគេនៅជួ​យនៅ​អីហ្នឹ​ង ឃើញថាមន្ទីរពេទ្យហ្នឹង ដើរល្អ[គុណភាពសេវាល្អ]មែនទែនបាទ។ ដល់ពេលជប៉ុនឈប់ជួ​យទៅ រៀ​ង​​ទ្រេ​តទ្រោតបន្តិច [គុណភាពសេវាធ្លាក់ចុះ]។ ប៉ុន្តែចំពោះ គន្ធបុប្ផានេះ យើង​អត់ច​ង់ឃើញអញ្ចឹងទេ យើងចង់ឃើញ រក្សានូវល្បឿនសេវា រក្សានូវប្រ​សិទ្ធភា​ពហ្នឹ​ង ឲ្យ​វា​កាន់​តែខ្លាំងជាងមុន»។

អ្នកស្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី លើកឡើងថា ជាការល្អមួយដែលរដ្ឋា​ភិបា​លប្រកា​សទទួ​លខុ​សត្រូវ ធានាដល់និរន្តភាពនៃមន្ទីរពេទ្យផ្តល់សេវាឥតគិតថ្ងៃដល់ពលរដ្ឋក្រីក្រនេះ។ ប៉ុន្តែ​លោក​ថា រដ្ឋាភិ​បាលគួរបង្កើតឲ្យមានមន្ទីរពេទ្យល្អដូចនេះច្រើនទៀត ដើម្បីកុំឲ្យពល​រដ្ឋច្រើ​នខេត្ត​សម្រុកម​ក​រកក​​ន្លែង​ព្យា​បាលតែមួយ។

លោកថា៖ «ខ្ញុំចង់ឃើញមន្ទីរពេទ្យបែបហ្នឹង បង្កើតបាន យ៉ាងតិចពីរ ឬបីកន្លែងបន្ថែមទៀត នៅទូទាំ​ងប្រ​ទេ​​​​សខ្មែ​រដើម្បីងាយស្រួលនិងសម្រួលដល់មាតាបីតាកុមារដែលធ្វើដំណើរពីឆ្ងាយ ទៅដល់មន្ទីរពេទ្យហ្នឹង»។

បើតាមលោក មាស នី មន្ទីរពេទ្យគន្ធបុប្ផាបានបង្កើតឡើងជិត៣០ឆ្នាំមកហើយ ជួយសង្គ្រោះកុមារក្រីក្រ ដោយឥតយកថ្លៃ បានរាប់លាននាក់។

ប្រធានមន្ទីរពេទ្យគន្ធបុប្ផា ជាជនជាតិស្វីស លោក បេអ៊ាត រិចណ័រ បានលាឈប់ពីតំណែងក្រោមហេតុផលលោកមានជំងឺ។មុនពេលលាឈប់លោកធ្លាប់បង្ហាញការព្រួយបារម្ភថា មន្ទីរពេ​ទ្យនេះ អាចនឹងធ្លាក់​ចុះ​​សេវា​​​ជួ​យសង្គ្រោះដល់កុមារកម្ពុជា នៅពេលដែលម្ចាស់ជំ​នួយនៅប្រទេ​សស្វី​ស បា​នកាត់​​បន្ថយ​ប្រាក់​​ឧត្តមជាបន្តបន្ទាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ