វិភាគ៖ តើ​ថវិកា​លោក ហ៊ុន សែន ជួយ​បន្សាប​អ្នក​គាំ​ទ្រ​លោក កែម ឡី ឲ្យ​បំភ្លេច​ចោល​ការ​ស្វែង​រក​យុត្តិធម៌​ឬទេ?

រូបសំណាក់លោក កែម ទ្បី (រូបភាពពីហ្វេសប៊ុក)

ជា​ការ​ពិត ការ​រៀបចំ​បុណ្យ​ខួប១​ឆ្នាំ គឺ​ជា​ព្រឹត្តិការណ៍៍​ដ៏​សំខាន់​ ជាការ​ចង​ចាំ​ដល់​លោក​បណ្ឌិត កែម ឡី បន្ទាប់​ពី​រូប​លោក​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ទាំង​កណ្ដាល​ថ្ងៃ​ចែស កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា​ឆ្នាំ​មុន នៅ​កណ្ដាល​រាជ​ធានី​ភ្នំពេញ។ ប៉ុន្តែ អ្វី​ដែល​រឹង​រឹត​តែ​ចម្រូង​ចម្រាស់​បន្ថែម​ទៀត​ទៅ​លើ​បុណ្យ​ខួប ១​ឆ្នាំ​នោះ គឺ​ការ​ជួយ​ឧបត្ថម្ភ​ជា​ថវិកា​ច្រើន​ម៉ឺន​ដុល្លារ​ពី​សំណាក់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​ត្រូវ​បាន​ចុះសារព័ត៌មាន​ស្និទ្ធ​នឹង​បក្ស​កាន់​អំណាច​ចុះ​ផ្សាយ​កាល​ពី​សប្ដាហ៍​មុន។

សារព័ត៌មាន Fresh News ដែល​តែង​តែ​អះ​អាង​ថា បាន​សម្ភាស​ផ្ដាច់​មុខ​ជាមួយ​លោក ហ៊ុន សែន លើ​​បញ្ហា​សំខាន់ៗ​នោះ បាន​ចុះ​ផ្សាយ​ថា នាយក​ប្រតិបត្តិ​នៃ​អង្គភាព​សារព័ត៌មាន​នេះ លោក លឹម ជាវុត្ថា បាន​យក​ថវិកា​ ៥​ម៉ឺន​ដុល្លារ ទៅ​ប្រគល់​ជូន​ម្ដាយ និង​ប្អូន​ប្រុស​នៃ​សព​លោក កែម ឡី នៅ​ឯ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា​នេះ។ សារព័ត៌មាន​នេះ​ចុះ​ផ្សាយ​ថា ថវិកា​នោះ​បាន​មក​ពី​ការ​ឧបត្ថម្ភ​ពី​លោក ហ៊ុន សែន សម្រាប់​សាង​សង់​ចេតិយ​ដំកល់​សព​លោក កែម ឡី។

នេះ​គឺ​ជា​ការ​ឧបត្ថម្ភ​ជា​ថវិកា​ជា​លើក​ទី​ពីរ​​ពី​សំណាក់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បន្ទាប់​​ពី​​សារព័ត៌មាន​ Fresh News ចុះ​ផ្សាយ​ថា លោក​បាន​ជួយ​ថវិកា ១​ម៉ឺន​ដុល្លារ​ម្ដង​រួច​មក​ហើយ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា​នេះ ក្រោយ​ពី​ប្អូន​ប្រុស​លោក កែម ឡី គឺ​លោក កែម រិទ្ធិសិទ្ធ អះ​អាង​ថា ជំពាក់​ថ្លៃ​បបរ ៧​ពាន់​ដុល្លារ អំឡុង​ពេល​រៀបចំ​បុណ្យ​ខួប ១​ឆ្នាំ។ សរុប​ទៅ លោក ហ៊ុន សែន បាន​ជួយ​ជា​ថវិកា​ចំនួន ៦​ម៉ឺន​ដុល្លារ​ហើយ ដល់​សាច់​ញាតិ​សព​លោក កែម ឡី នៅ​ក្នុង​រយៈ​ពេល​ត្រឹម​តែ ១​សប្ដាហ៍​ប៉ុណ្ណោះ។

តើ​ការ​ជួយ​ឧបត្ថម្ភ​ជា​ថវិកា​ពី​សំណាក់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន អាច​ជួយ​បន្សាប​អ្នក​គាំ​ទ្រ​លោក កែម ឡី ឲ្យ​បំភ្លេច​ចោល​ការ​ស្វែង​រក​យុត្តិធម៌​ឬ​ទេ?

សម្រាប់​ស្ថាបនិក​បណ្ដាញ​ព្រះ​សង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះ​តេជ​គុណ ប៊ុត ប៊ុនតិញ ដែល​សកម្ម​នៅ​ក្នុង​បុណ្យ​សព​លោក កែម ឡី កាល​ពី​ឆ្នាំ​មុន​នោះ ព្រះ​អង្គ​ពុំ​សាទរ​នោះ​ឡើយ​ចំពោះ​ការ​បរិច្ចាគ​ថវិកា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។ ពុំ​សាទរ នោះ​ក៏​ព្រោះ​តែ​ព្រះ​អង្គ​​យល់​ថា សកម្មភាព​បែប​នេះ​របស់​លោក ហ៊ុន សែន ពុំ​បាន​ផ្ដល់​ផល​ចំណេញ​ទៅ​ដល់​ប្រជាជន​ខ្មែរ​ទាំង​មូល​នោះ​ឡើយ ហើយ​ផ្ទុយ​ទៅ​វិញ ព្រះ​អង្គ​យល់​ថា វា​បាន​ផ្ដល់​ផល​ចំណេញ​ទៅ​ដល់​បុគ្គល​ជា​អ្នក​​នយោបាយ​តែ​ប៉ុណ្ណោះ។

ព្រះ​តេជ​គុណ ប៊ុត ប៊ុនតិញ ​ធ្លាប់​ទទួល​បាន​ការ​កោត​សរសើរ​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន សម្រាប់​កិច្ចការ​ការពារ​បរិស្ថាន​កាល​ពី​ឆ្នាំ​។ ទោះជាយ៉ាងណា សម្រាប់​ការ​ឧបត្ថម្ភ​ជា​ថវិកា​របស់​លោក​ ហ៊ុន សែន ព្រះ​សង្ឃ​អង្គ​នេះ បាន​ប្រៀបប្រដូច​ទៅ​នឹង​ការ​ចែក​ស្ករ​គ្រាប់​ដូច្នោះ​ដែរ និង​មិន​មែន​ជា​រឿង​សំខាន់​សម្រាប់​ប្រជាជាតិ​ខ្មែរ​នោះ​ទេ។ ​ព្រះ​អង្គ​យល់​ថា រឿង​ដែល​សំខាន់ គឺ​ប្រជា​ជន​ខ្មែរ​មួយ​ប្រទេស​មាន​សេចក្ដី​សុខ ហើយ​ទទួល​បាន​យុត្តិធម៌។

ជា​​សមាជិក​មួយ​រូប​​ក្នុង​ចំណោម​សមាជិក ៥​រូប​ទៀត​នៃ​គណៈកម្មការ​សាង​សង់​ចេតិយ​សព​លោក​បណ្ឌិត កែម ឡី លោក សៅ កុសល បាន​ប្រាប់​ថា ថវិកា​ដែល​ឧបត្ថម្ភ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នោះ ត្រូវ​បាន​រៀបចំ​ដាក់​បញ្ចូល​ក្នុង​គណនី​ធនាគារ​រួច​រាល់​ហើយ ហើយ​ការ​ចាត់​ចែង​ថវិកា​នៅ​ក្នុង​គណនី​ធនាគារ​នោះ នឹង​ត្រូវ​មាន​ការ​ឯកភាព​ពី​សមាជិក​យ៉ាង​តិច ៣​រូប នៅ​ក្នុង​ចំណោម​សមាជិក​ទាំង​អស់។

លោក​យល់​ថា ការ​ឧបត្ថម្ភ​នោះ គឺ​ជា​អំពើ​បុណ្យ ប៉ុន្តែ យ៉ាង​នេះ​ក៏​ដោយ លោក សៅ កុសល នៅ​តែ​លើក​ឡើង​ពី​តម្លៃខ្ពស់​បំផុត​នៃ​​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ ដោយ​តម្លាភាព សម្រាប់​ស្វែង​រក​យុត្តិធម៌​ដល់​សព​អ្នក​វិភាគ​នយោបាយ​លោក កែម ឡី។ សម្រាប់​លោក ការ​បរិច្ចាគ​ថវិកា​មិន​អាច​លុប​លាង​នូវ​អំពើ​បាប​បាន​នោះ​ទេ ហើយ​ថវិកា​នេះ​ទៀត​សោត ក៏​មិន​អាច​ត្រូវ​បាន​ប្រើ​សម្រាប់​យក​ទៅ​ទិញ​យុត្តិធម៌​បាន​នោះ​ឡើយ។

អ្នក​ស្រាវ​ជ្រាវ​ផ្នែក​នយោបាយ​ លោក​សាស្ត្រាចារ្យ ឯម សុវណ្ណារ៉ា មើល​ឃើញ​ថា អ្វី​ដែល​លោក ហ៊ុន សែន បាន​ធ្វើ​សម្រាប់​សាច់​ញាតិ​នៃ​សព​លោក​បណ្ឌិត កែម ឡី គឺ​ជា​អកប្បករិយា​មួយ​ស្រប​ទៅ​តាម​ទម្លាប់​ប្រជាជន​ខ្មែរ​ដែល​តែង​តែ​ជួយគ្នា​នៅ​ក្នុង​គ្រា​លំបាក ប៉ុន្តែ ជំនួយ​នេះ គួរ​តែ​ត្រូវ​បាន​ធ្វើ​ឡើង​តាំង​ពី​ឆ្នាំ​មុន បន្ទាប់​ពី​លោក កែម ឡី ត្រូវ​បាន​បាញ់​សម្លាប់ ហើយ​ត្រូវ​រៀបចំ​​ធ្វើ​បុណ្យ។

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​រូប​នេះ យល់​ឃើញ​ថា ជំនួយ​ឧបត្ថម្ភ​ជា​ថវិកា​នេះ វា​ក៏​ស្រប​ទៅ​នឹង​ទស្សនៈ​មួយ​របស់​ប្រជាជន​កម្ពុជា​យើង ដែល​និយាយ​ថា “ហុច​របស់​ស្រណោះ​ដៃ”។ ដោយសារ​តែ​ទស្សនៈ​នេះ លោក ឯម សុវណ្ណារ៉ា ជឿ​ថា អ្នក​ទទួល​បាន​ជំនួយ​នេះ នឹង​ភ្លេច​បញ្ហា​មួយ​ចំនួន ហើយ​នឹង​នឹក​ដល់​គុណ​សម្បត្តិ និង​អត្ថប្រយោជន៍​ដែលត្រូវបាន​គេ​ផ្ដល់​ឲ្យ ហើយ​ដោយសារ​តែ​ផ្នត់​គំនិត​បែប​នេះ​ផង​ដែរ ទើប​​អ្នក​នយោបាយ​ខ្មែរ​ឆ្លៀត​ប្រើ​ប្រាស់​ម្ដង​ម្កាល នៅ​ក្នុង​នយោបាយ​កម្ពុជា។

ទោះជាយ៉ាងណា​ក៏​ដោយ លោក​យល់​ថា ជំនួយ​ជា​ថវិកា​នេះ អាច​ជួយ​រំសាយ​ទុក្ខ​នៅ​ក្នុង​ចំណោម​អ្នក​គាំ​ទ្រ​លោក កែម ឡី ប៉ុន្តែ មិន​អាច​បំបាត់​ទុក្ខ​របស់​ពួកគេ​បាន​ឡើយ ជា​ពិសេស​ ក៏​មិន​អាច​ទាញ​ពួក​អ្នក​គាំ​ទ្រ​ទាំង​នោះ ឲ្យ​ងាក​ទៅ​គាំ​ទ្រ​គណបក្ស​កាន់​អំណាច​វិញ​នោះ​ឡើយ។

ជា​រួម​មក​ មិន​ថា​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ឧបត្ថម្ភ​ថវិកា​ប៉ុណ្ណា​នោះ​ទេ ក៏​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​រាប់​រយ​ស្ថាប័ន នៅ​តែ​បន្ត​ទាមទារ​ទៅ​អាជ្ញាធរ​កម្ពុជា ឲ្យ​បង្កើត​ក្រុម​ស៊ើប​អង្កេត​​ឯករាជ្យ​មួយ​ ដោយ​មាន​ការ​ចូល​រួម​ពី​អ្នក​ជំនាញ​អន្តរជាតិ ទៅ​លើ​ករណី​ឃាតកម្ម​​អ្នក​វិភាគ​នយោបាយ​ល្បី​ឈ្មោះ លោក​បណ្ឌិត កែម ឡី។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ បាន​លើក​ឡើង​ជា​រួម​ថា ករណី​ឃាតកម្ម​នេះ មិន​ត្រូវ​បាន​ស៊ើប​អង្កេត​ឲ្យ​បាន​ពេញ​លេញ ដែល​អាច​ផ្ដល់​​យុត្តិធម៌​នៅ​ឡើយ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ