បក្ស​ប្រឆាំង​សម្រេច​ដក​រូប​លោក សម រង្ស៊ី និង លោក កឹម សុខា

គណបក្ស​សង្គ្រោះ​ជាតិ​ សម្រេច​ដក​រូប​ចាប់​ដៃ​គ្នា​រវាង​លោក កឹម សុខា និង​លោក​ សម រង្ស៊ី ចេញពីស្លាកគណបក្ស ដោយ​ថា ​ដើម្បី​គេចចេញពីការ​ចោទប្រកាន់​ នៅពេល​ដែល​ច្បាប់ស្តីពីគណបក្ស​នយោបាយ​ថ្មី នឹងប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ។

នៅពេល​ថ្មី​នេះ ​សមាជិក​រដ្ឋសភា និង​ព្រឹទ្ធិសភា ដែល​មក​ពី​គណបក្ស​ប្រជា​ជន បាន​អនុម័ត​យល់​ព្រមទៅ​លើ​ច្បាប់​ស្តីពីបក្ស​នយោបាយ​ដែល​លោក ហ៊ុន សែន​ បាន​ស្នើ​ឲ្យ​ធ្វើ​វិសោធន​កម្ម​ជា​លើក​ទី​ពីរ។

អនុប្រធានគណបក្សសង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ប្រាប់អ្នក​សារព័ត៌មាន​ ​បន្ទាប់​ពី​កិច្ចប្រជុំ​សមាជិកនៅ​រសៀល​ថ្ងៃ​ទី២៥ខែកក្កដាឆ្នាំ២០១៧ នេះ​ថា គណបក្ស​បាន​សម្រេច​​ដក​រូប​ចាប់​ដៃ​គ្នា​រវាង​ លោក កឹម សុខា និង ​លោក​ សម រង្ស៊ី ដោយ​ជំនួ​​ស​​មក​វិញ​ដោយ​ពាក្យ​ស្លោកថា «រួមគ្នាសង្គ្រោះជាតិយើង»​ វិញ ឲ្យ​បាន​ត្រឹម​ថ្ងៃ​ទី​៣០ខែ​កញ្ញា​ខាង​មុខ ដោយ​ឡែក រូប​សញ្ញា​ព្រះ​អាទិត្យ គឺ​គណបក្សទុក​នៅ​ដដែល។

លោក អេង ឆៃអ៊ាង ឲ្យដឹង​ទៀតថា ការឈប់ប្រើប្រាស់រូបចាប់ដៃគ្នានៃមេដឹកនាំកំពូលទាំងពីរនេះ ​​គឺដើម្បី​បញ្ចៀ​ស​​ពីការ​ចោ​ទប្រកាន់ណា​មួយ តាម​អំណាចច្បាប់​ស្តីពី​គណបក្សនយោបាយ​ ដែលគ្រោងនឹងដាក់ឲ្យប្រើប្រាស់នៅពេលខាងមុខ​នេះ​។

​នៅក្នុង​សេចក្តី​ថ្លែ​ការ​ណ៍​កាលពី​ថ្ងៃ​ទី១០កក្កដា គណបក្ស​ប្រឆាំង បានហៅ​​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយជាលើកទី២នេះ ​​ថា មាន​ចរិកនយោបាយ គាបសង្កត់សិទ្ធិបុគ្គល និងគណបក្សនយោបាយ ធ្វើឲ្យខ្មែរបែកបាក់គ្នា ហើយ​ថា​ច្បាប់​នេះ ផ្ទុយនឹងគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្សដែលធានាដោយរដ្ឋធម្មនុញ្ញ ក៏​ប៉ុន្តែ​តំណារាស្ត្រ​គណបក្ស​ប្រជា​ជន ​បាន​ការ​ពារ​ថា ច្បាប់​នេះ ​ធ្វើ​ឡើង​ស្រប​តាម​រដ្ឋ​ធម្ម​នុញ្ញ ពង្រឹង​នីតិរដ្ឋ និង​រក្សា​សន្តិ​សុខ​ជូនប្រជា​ពល​រដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ