ក្រសួង៖ ខេត្ត​ចំនួន​៣ កំពុង​ប្រឈមកម្រិតទឹកជំនន់ខ្ពស់

អាជ្ញាធរជួយសង្រ្គោះប្រជាពលរដ្ឋដោយទឹកជំនន់នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ (រូបភាពហ្វេសប៊ុក)

ក្រសួងធនធានទឹកនិងឧតុនិយម ឲ្យដឹងថា មក​ដល់​ថ្ងៃទី២៦កក្កដាឆ្នាំ២០១៧ ទឹកជំនន់​នៅ​ខេត្ត​ចំនួន៣ បាន​ឡើង​រហូត​ដល់​លើស​ចំណុច​ប្រកាស​អាសន្ន ខណៈ​ខេត្ត​មួយ​ចំនួន​ទៀតអាចនឹង​ប្រឈម​ទឹក​ជំនន់​ខ្ពស់ផង​ដែរ​។

អ្នកនាំពាក្យក្រសួងធនធានទឹក លោក​ ចាន់​ យុត្ថា ប្រាប់វីអូឌីនៅថ្ងៃពុធនេះ​ថា ខេត្ត​ចំនួនបីគឺ ខេត្តឧត្តរមានជ័យ ព្រះវិហារ និងនិងស្ទឹង​ត្រែង ​កំពុងទទួល​រង​ជំនន់​ទឹក​ភ្លៀង​ធ្ងន់​ធ្ងរ​ រហូត​ដល់​លើស​ចំណុច​ប្រកាស​អាសន្ន​ ក្រោយ​​ភ្លៀងធ្លាក់ ​៣ថ្ងៃ​ជាប់ៗគ្នា។ លោក​បន្តថា ខេត្ត​ឧត្តរមានជ័យ ទឹក​អាង​តាម៉ុក ស្ថិត​ក្នុង​ស្រុក​អន្លង់វែង បាន​ហក់​ឡើង​ដល់​ទៅ ៣.៤០​ម៉ែត្រ​ ពោល​គឺ​លើស​ពី​កម្រិត​ប្រកាស​អាសន្ន ២.៩០​ម៉ែត្រ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ទេ។

បើ​តាម​ការ​ព្យាករណ៍​របស់​ក្រសួង ស្ថានភាព​ទឹក​ជំនន់​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ កំពុង​ឈាន​ដល់​​សភាព​ប្រកាស​​អាសន្ន​ ដោយទឹក​ជំនន់​អាច​ឡើង​ដល់កម្ពស់ ១១.០៥ម៉ែត្រ លើស​រយៈកំពស់​ប្រកាសអាសន្នគឺ ១០.៧០ម៉ែត្រ។ ហើយ​សម្រាប់​ខេត្ត​ក្រចេះ ទឹក​ក៏អាច​ឡើង​ដល់​កម្រិត​ប្រុង​ប្រយ័ត្ន​ដែរ នៅ​ថ្ងៃ៣០ខែកក្កដា ដោយ​កម្ពស់ទឹក​អា​ច​ឡើង​ដល់ ២២.០០ម៉ែត្រ។

សេចក្តី​ប្រកាសព័ត៌មានដាច់​ដោយ​ឡែក​កាល​ពីថ្ងៃ២៥ខែកក្កដា ឲ្យដឹងថា ភ្លៀង​ធ្លាក់​ជាប់​ៗគ្នាជា​ច្រើន​ថ្ងៃ បាន​ធ្វើ​ឲ្យ​ខេត្ត កំពង់​ធំ និងព្រះវិហារ ក៏ទទួល​រងគ្រោះ​ទឹក​ជំនន់នៅ​តំបន់​មួយ​ចំនួន ហើយទឹក​ជំនន់នេះ ​​​អាច​នឹងបន្ត​ឡើង បើ​ភ្លៀង​នៅ​បន្តធ្លាក់​ទៀត ខណៈដែល​ឥទ្ធិពល​ព្យុះសុនការ ​នៅ​តែ​បន្ត​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយនៅ​បណ្តា​ខេត្ត​ទាំង​នេះ និង​ខេត្តជុំវិញ​នោះ​ផង​ដែរ។ ក្រសួង ​ក៏បាន​ធ្វើ​ការ​អំពាវនាវ​ឲ្យ​អាជ្ញារធរ​ដែន​ដី និង​ពលរដ្ឋ​ដែល​រស់​នៅតាម​ដង​ទន្លេ​មេគង្គ ទន្លេសាប និង​ទន្លេបាសាក់ មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បីជៀសវាង​គ្រោះ​ថ្នាក់​ផ្សេងៗ។

អ្នក​នាំពាក្យ​គណៈកម្មាធិការជាតិគ្រប់​គ្រង​គ្រោះ​មហន្តរាយ លោក កែវ វី បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃនេះ​ថា ទោះបីទឹក​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន ឬ មិន​ទាន់នោះ ខាង​ក្រសួងរួម​សហការជាមួយ​នឹង​អាជ្ញាធរពាក់​ព័ន្ធ បាន​ត្រៀម​ខ្លួន​រួចជា​ស្រេច​សម្រាប់ការពារមុន​ពេល​គ្រោះ​​មហន្តរាយ មាន​កង​កម្លាំង​ប្រដាប់​អាវុធ​តាម​បណ្តា​ខេត្តចាំ​ចុះ​ជួយ​ប្រជាពលរដ្ឋ​ពេល​មាន​គ្រោះ​អាសន្នភ្លាម​ៗ ព្រមទាំង​ជំនួយ​កាកបាទក្រហ​ម​តាម​ខេត្ត ដែល​ចាំផ្តល់ជំនួយ​ក្រោយ​​មហន្តរាយ​ផង។

បើតាមក្រសួងធនធានទឹក ឲ្យដឹងថា ​ទឹក​ជំនន់​នៅ​តំបន់​ខ្ពង់​រាប និង តំបន់​ទន្លេ​មេគង្គ កំពុង​ហក់​ឡើងជា​លំដាប់នៅ​ព្រឹក​ថ្ងៃទី២៦កក្កដានេះ ផ្ទៃ​មេឃ​មាន​សភាព​អួរអាប់ ពពក ឥទ្ធិពល​ខ្យល់​ ព្រម​ទាំង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ នៅតាម​តំបន់​មាត់​សមុទ្រ​ដូចជា ខេត្តកោះកុង ខេត្តកំពត ព្រះសីហនុ និង​បណ្តាខេត្តក្រចេះ រួមទាំងខេត្តកំពង់ចាម​។

លោក កែវ វី បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា របាយការណ៍​តាំង​ពី​ខែ​មេសាឆ្នាំ២០១៧ នេះ​បាន​បង្ហាញ​ថា គ្រោះ​ថ្នាក់​បណ្តាល​ពី ខ្យល់​កន្ត្រាក់ ភ្លៀង និងទឹក​ជំនន់ ដែល​បាន​កើត​ឡើង​កន្លងនៅ​ទូទាំង​ប្រទេស​​​មាន​ចំនួន ១៣០លើក ដែល​ក្នុង​នោះ​មានមនុស្ស​ស្លាប់៥នាក់ របួស៤៩នាក់ ផ្ទះរលំនិង​ខូច​ខាត​ធ្ងន់​ធ្ងរ​មាន​ចំនួន៤៩០ខ្នង ខូច​ខាត​មធ្យម​មាន​២ ៩៦៨​ខ្នង ខូច​ខាត​សាលា​រៀន ៤៥អគារ។ ក្រៅពីនេះ មនុស្ស​ដែល​បាន​ស្លាប់​ដោយ​សារ​រន្ទះ​បាញ់​មានចំនួន​ ៥២នាក់ និង របួស៥៤ នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ