វិភាគ៖ ហេតុអ្វីមានពាក្យចចាមអារ៉ាមថាចាប់ក្មេងវះយកក្រលៀន?

នៅប៉ុន្មានសប្តាហ៍នេះ អ្នកប្រើប្រាស់បណ្តាញសង្គមបានចែករំលែកព័ត៌មានតៗគ្នា ពីសកម្មភាពសម​ត្ថ​​កិច្ច ចាប់ជនសង្ស័យមួយចំនួន ដែលគេអះអាងថា ជាអ្នកចាប់ក្មេងវះយកក្រលៀន និងមាន​រូបភា​ព​ខ្លះ​​ទៀ​​ត​​ប​​ង្ហា​ញពី​​​សកម្មពលរដ្ឋព្រួតគ្នាវាយជនង្ស័យស្ទើរស្លាប់ស្ទើររស់ទៀតផង។

ព័ត៌​​មានចចាមអារ៉ាមនេះ កើតតែមួយរយៈពេលខ្លីប៉ុណ្ណោះ បានជំរុញឲ្យពលរដ្ឋមួយចំនួននៅជនបទ ភ័យខ្លាច បង្ខំចិត្ត​ឈ​ប់​ឲ្យ​កូនទៅសាលាជាបណ្តោះអាសន្ន ដោយបារម្ភពីសុវត្ថិភាពកូនចៅរបស់ពួកគេ។

ជាលទ្ធផលបុរសម្នាក់នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវសមត្ថកិច្ចចាប់ខ្លួនមកប្រឈមនឹងមុខច្បាប់ ក្រោ​​​​​​យ​ពីបុរសរូបនោះ សរសេរ​នៅ​លើ​​ហ្វេ​សប៊ុករបស់ខ្លួនថា ជនសង្ស័យពីរនាក់ដែលពលរដ្ឋព្រួតគ្នាវាយ នៅ​​ក្នុងស្រុកបារាយណ៍នោះថា ជាជនជាតិវៀតណា​ម ចាប់ក្មេងវះ​យក​ក្រលៀន ដោយសមត្ថកិច្ចចោទថា រប​ស់​​​បុ​រសនោះ បានបំភ្លៃព័ត៌មាន។ តើហេតុអ្វីបានមានព្រឹត្តិការណ៍នេះកើតឡើង?

សា​ស្ត្រា​ចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា វិភាគថា ព្រឹត្តិការណ៍ដ៏រសើបមួយនេះ មិនកើ​តឡើ​ងនៅ​​ក​ម្ពុជាពេលនេះទេ ប៉ុន្តែលោកថា ព័ត៌មាននេះ អាចកើតចេញពី​ការរៀបចំរ​បស់អ្នក​នយោ​បាយ​ណាមួ​យ។

លោក សូ ចន្ថា វិភាគថា ហេតុការណ៍នេះអាចជាសេ​​​​​​​​​​​​ណា​​​​រីយូមួយ​ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ខណៈ​មានការប្រប្រួលអាសនៈឃុំសង្កាត់ ជិត៥០០ គ្រប់គ្រងដោយបក្សប្រឆាំង និងថាជាសេណារីយូ​មួយទៀ​ត ស​​ម្រា​ប់​ដល់ការបោះឆ្នោតជាតិ​ឆ្នាំ២០១៨ខាងមុខ។

លោកថា៖ «ខ្ញុំគិតថានេះជាសេណារីយូមួយដែរ ដែលគំរាមដល់ផ្លូវចិត្តប្រជាពលរដ្ឋឲ្យមានការភ័យខ្លាច ជាពិសេសដល់ការបោះឆ្នោតឆ្នាំ២០១៨ខាងមុខនោះផង។ ហើយចំនុចមួយទៀតអាចថាជាសេនារ៉ូមួយទៀតអាចថាមានបរទេសនៅពីក្រោយក្នុងការបង្កើតព្រឹត្តិការណ៍នេះ ដើម្បីឲ្យស្ថាមភាពនយោបាយកម្ពុជាវឹកវរ ហើយបរទេសជាអ្នកចេំណេញពីព្រឹត្តិការណ៍ហ្នឹងផងដែរ»។

លោក សូ ចន្ថា វិភាគទៀតថា ករណីនេះ ក៏ជាអន្ទាក់មួយទៀត សម្រាប់ក្របួច​ ចាប់អ្នកដែលមា​ននិន្នាការ​មិ​ន​គាំ​​​​​ទ្ររដ្ឋាភិបាលដែលផ្សព្វផ្សាយព័ត៌មានេះបន្តដោយមិនបាន​ពិចារណានោះរកប្រភពដើ​មចេញពីណាពិត​ប្រា​កដ​នោះ​​។

លោកថា៖ «វាអាចជាសេណារីយូមួយទៀតដែរ ដែលអាចបង្កើតព្រឹត្តិការណ៍​ដើម្បីចំណេញព្រឹត្តិ​ការណ៍។ មានន័​យថាបង្កើតព្រឹ​ត្តិការណ៍នេះទៅ ហើយពិនិត្យមើលអ្ន​កណាដែលពាក់ព័ន្ធនឹងប​ញ្ហានេះ​។​ ខ្ញុំឃើញកន្ល​ងមកអាជ្ញា​ធរធ្លាប់ប្រកា​សជាសាធារណៈ ហើ​យថាឲ្យប្រុងប្រយ័ត្នពីការស៊ែ​រព័ត៌មានតាមបណ្តាញសង្គ​មអីជាដើមនោះ អញ្ចឹងខ្ញុំគិតថានេះជាចំណែកមួយដែរ ដែលពិនិត្យមើលក្នុងសង្គមប្រជាធិបតេយ្យ ដែល​អា​ចប៉ះ​ពាល់ដល់សិទ្ធិបញ្ចេញមតិ និងសិទ្ធិពលរដ្ឋផងដែរ»។

អ្នកវិភាគនយោបាយ លោក ឆាំ ប៊ុនថេត វិភាគដែរថា ករណីលេចឮថា មានការណីចាប់ក្មេងវះយកក្រលៀន ដែល​បាន​​​បង្ហោះលើបណ្តាញសង្គមនាពេលនេះ លោកថាមិនមែនជារឿងពិតនៅកម្ពុជាទេ ដោយថា​ព័ត៌មា​​នដែ​ល​​​​បា​​នផ្សព្វផ្សាយតគ្នានោះ មិនបានបង្ហាញអត្តសញ្ញាណ ឬឈ្មោះ ជនរងគ្រោះ ឬ​បញ្ជា​ក់ពីទីលំនៅ​​ឋាន​ជា​ក់​​​​លា​ក់ឡើយ។​ លោកថា ហេតុកា​​រណ៍នេះ ទំនងជា​​កើ​តឡើងនៅប្រទេសណាមួយ ត្រូវ​គេយ​ក​ម​កកាត់ត។

បើតាមលោក លោក ឆាំ ប៊ុនថេត ព្រឹត្តិការណ៍នេះ អាចក្រុមណាមួយបង្កើតឡើង ដើម្បីកេង​ចំណេ​ញ​​នយោ​​បាយ បង្កឲ្យខ្មែរបែកបាក់គ្នា និងបង្កឲ្យពលរដ្ឋភ័យខ្លាច។

លោកថា៖ «វាអត់មានផលចំណេញអីដល់ខ្មែរទេ។ ប៉ុន្តែអ្វីដែលបានកើតឡើងហ្នឹងគឺភាពស្អប់ខ្ពើមគ្នា រវាងខ្មែរនិងខ្មែរគ្នាឯង។ ខែ្មរដែលចង់បានសេរីភាពនិងខ្មែរដែលចង់រក្សាសង្គមឲ្យនៅក្នុងទម្រង់ដដែល។ វា​អ​​ត់​មា​នប្រយោជន៍ទាំងសងខាង គឺធ្វើឲ្យតែខ្មែរហ្នឹងឈ្លោះគ្នាហើ​យវិបត្តិជាតិក៏រកចំ​នុចដោះស្រាយ​អត់​ចេ​ញដែរ»។

លោក ឆាំ ប៊ុនថេត វិភាគទៀតថា ដើម្បីកុំឲ្យពលរដ្ឋនៅតែបន្តភាពភ័យខ្លាច លោកថា រដ្ឋាភិបាល​ត្រូវស៊ើ​​បអ​ង្កេ​​តដោយឯករាជ្យ រកអ្ន​​ក​នៅ​​ពីការបង្កើតពាក្យចចាមអារ៉ាមនេះ និង​ត្រូ​វបញ្ចៀ​​​សវប្បធម៌លាភពណ៌គ្នា ដោ​យ​ត​​​ម្កល់ប្រយោជន៍ជាតិជាធំ។

យ៉ាងនេះក្តី អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៣១ខែកក្កដា អះអាងថា គ្មានករណីចា​ប់ក្មេង វះ​យក​ក្រលៀននេះ កើតឡើងនៅកម្ពុជា ដូចការផ្សព្វផ្សាយលើបណ្តាញសង្គមនោះទេ និងបានព្រមានថា ស​មត្ថ​​កិ​ច្ចនឹងបន្តវែកមុខរកអ្នកផ្សព្វផ្សាយព័ត៌មាននេះ មកទទួលខុសត្រូវចំពោះមុខច្បាប់។

ការកើតមានព័ត៌មានថាមានករណីចាប់ក្មេងវះយកក្រលៀននេះ កើតឡើងស្របពេលដែលអគ្គស្នងការនគរបាលជាតិ កាលពី​ថ្ងៃទី២៤ខែកក្ក​ដាឆ្នាំ២០១៧ បានដាក់ទិសដៅ​ការងារសន្តិសម្រា​ប់​​ឆ​​​មា​ស​ទី២ ដោយជំរុញមន្ត្រីជំនា​ញ គ្រ​ប់នា​យក​ដ្ឋា​ន រួមទាំងស្នងការនរគបា​លរាជធានី ខេ​ត្ត ឲ្យ«ប​ន្តពង្រឹ​​ង​វិធា​​ន​​កា​​​រជំនាញ បន្សាបឥទ្ធិពលអ្នកមាននិន្នាការប្រឆាំងរដ្ឋាភិបាល ពិសេសអ្នកប្រើ​ប្រាស់​ប្រព័ន្ធបច្ចេក​វិទ្យាព័ត៌​មាន​ទំ​នើប »ដោយថា ដើម្បីរក្សាស្ថេ​រភា​ព​​សង្គម។

បើតាមអ្នកវិភាគ ពាក្យចចាមអារ៉ាមនានា រួមទាំងព័ត៌មាន ដែលបានផ្សព្វផ្សាយតគ្នាលើបណ្តាញសង្គម ថា​មានអ្នកចាប់ក្មេងវះពោះយកក្រលៀន ឬការដែលព​ល​​រដ្ឋព្រួ​តគ្នាប្រើហិង្សាវាយ​ជនសង្ស័​យណាម្នា​ក់​​ស្ទើ​​​​​រស្លាប់ នៅទីសាធរណៈ នោះពួកគេថា ដោ​​​យសា​រតែ​ប្រជាពលរដ្ឋបា​ត់បង់ជំនឿ​លើ​ប្រព័ន្ធដឹកនាំរដ្ឋ ពិសេ​​សប្រព័ន្ធយុត្តិធម៌៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ