អ្នកវិភាគ៖ បក្សកាន់អំណាចនឹងបាត់បង់អ្នកគំាទ្របើ​​នៅគំរាមបង្ក្រាបអ្នកតវ៉ា​ប្រឆំាង​លទ្ធ​ផលឆ្នោត

អ្នកវិភាគនិងអ្នកឃ្លំាមើលបញ្ហាសង្គមបានលើកឡើងថា អ្នកនយោបាយនៅ​បក្សកាន់​អំណាច​ដែល​ប្រើ​យុទ្ធ​សាស្ត្រ​​​គំរាមបង្ក្រាប​ក្រុមបាតុករប្រឆំាងលទ្ធផលបោះឆ្នោតឆ្នាំ២០១៨ មិនចំណេញផ្នែកនយោបាយ​នោះ​ទេ ដោយថាកាន់តែធ្វើឲ្យបក្សនេះ បាត់​បង់ការគំាទ្រទៅវិញ​​។

កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ បាន​ព្រមានវាយបាក់ធ្មេញ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក​ វង សូត និយាយថា​ លោក​នឹងប្រើគល់ឬស្សីវាយ​ក្បាល​​អ្នកតវ៉ា ដែល​ប្រឆំាង​លទ្ធ​ផល​បោះ​​ឆ្នោត​ឆ្នំា២០១៨ ខណៈលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន អះអាងថា លោក​មិនបាននិយាយ​ថាប្រើគល់​ឫ​ស្សីវាយសំពងអ្នកតវ៉ាដូចមន្ត្រីលោក​និយាយនោះទេ។ ទោះជាយ៉ាងណា លោក ហ៊ុន សែន ថាគណ​បក្សកាន់​អំណា​ច​ ពិតជាមានគម្រោ​ងបង្ក្រាបទៅ​លើ​​ក្រុមអ្ន​កតវ៉ាពិតប្រាកដមែន។

សាស្ត្រាចារ្យនយោបាយ លោក សូ ចន្ថា មានប្រសាសន៍ថា បើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលនិងលោក ហ៊ុន សែន នៅតែ​ប្រកាសបង្ក្រាបលើអ្នក​តវ៉ា​លទ្ធផល​បោះឆ្នោតខាងមុខ នឹងធ្វើឲ្យគណប​ក្សកាន់អំណាចកាន់តែបាត់បង់ការគំាទ្រ​បន្ថែម​ទៀត​ ដូច​ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧។

លោកមានប្រសាសន៍ថា៖ «បច្ចុប្បន្ននេះ ជាដំណាក់កាលថ្មី ដែលមានការវិវត្តន៍ផ្នែកបច្ចេកវិទ្យា និង​ព័​ត៌មាន ដូច្នេះ នៅប្រើវោហាសាស្ត្រគំរាម កំហែង​ ឬបំផិតបំភ័យ ខ្ញុំគិតថា លែងមានឥទ្ធិពល ឬក៏អាច​ធ្វើឲ្យ​អ្នក​គំាទ្រ​ នៅគាំទ្រដូច ពីមុនទៀត ​ជាលទ្ធផលខ្ញុំគិតថា​ បើសិនជាបន្តប្រើប្រាស់​វោហា​សាស្ត្រ​បែប​នេះ​ទៀត​ ប្រជាប្រិយភាពមិនកើនទេ មានតែដំាក្បាលចុះ​ហើយ​»។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគម​អាដហុក លោក សឹង សែនករុណា មានប្រសាសន៍ថា ការប្រើសារគំរាមរបស់គណបក្សកាន់អំណាច ធ្វើឲ្យប៉ះពាល់សន្តិអារម្មណ៍ប្រជាពលរដ្ឋ ដោយ​ថា ​បើមានរឿងបែប​នេះ កើតឡើងមែន នឹងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យ​ដើរ​ថយ​ក្រោយ​។

លោកនិយាយថា៖ «នៅក្នុង​ដំណើរការលទ្ធិប្រជាធិបតេយ្យ​ ត្រូវ​ការទាមទារ​ ការជ្រោមជ្រែងនៃអ្នកពាក់ព័ន្ធក្នុង​ហ្នឹង​ តួអង្គសំខាន់ គឺអ្នកបោះឆ្នោត ហើយអ្នកដែលឈឈ្មោះ ឲ្យគេបោះឆ្នោត​ជាដើម កាលណាមានបញ្ហា​ដែលធ្វើ​ឲ្យ​​មានសម្ពាធបែបហ្នឹង​ វាគឺជារឿង​មួយ ដែល​ប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យនៅក្នុង​ប្រទេសកម្ពុជា​​»។

ចំពោះ អ្នកវិភាគនយោបាយ​លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា គណបក្សកាន់អំណាច​ទំនងជាដឹងមុន​ថា ​ខ្លួន​​នឹងឈ្នះការបោះឆ្នោតនា​ពេល​ខាងមុខ​ទៀត ដោយថា ​គណបក្សនេះ​ប្រើ​យុទ្ធ​សា​ស្ត្រ​គំរាម​មិន​ឲ្យ​មាន​អ្នក​​តវ៉ាលទ្ធផល​បោះ​ឆ្នោតឆ្នាំ២០១៨។

លោក សុវណ្ណារ៉ា​ បញ្ជាក់ថា​ ដំណាក់កាលនេះ អ្នកនយោបាយ​គួរតែយកវប្បធម៌សន្ទនាមក​ជជែកគ្នាឡើងវិញ ដោយគិតប្រយោជន៍ជាតិជាធំ ទើបធ្វើឲ្យកម្ពុជា​រីកចំរើននិងមានស្ថេរភាពយូអង្វែង។

លោកមានប្រសាសន៍ថា៖ «ដំណោះស្រាយ​ដែលល្អអ្នកនយោបាយមិនប្រឈមគ្នាដោយ​ហិង្សា ឬក៏ការគុំកួន​រកវិធីសាស្ត្រ ឬក៏ប្រើវប្បធម៌សន្ទនាឡើងវិញ ចចារគ្នាកុំឲ្យមានការអនុវត្តនូវមនោគមវិជ្ជាទឹកឡើង ត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី យើងគួរតែលុប​បំបាត់ចោល​ ហើយកុំឲ្យមានពលរដ្ឋមានចរន្តពីរ​ទៅតាមបក្សមួយៗ វាអាច​ធ្វើ​ឲ្យសង្គមអាចកម្ពុជា​ផុយស្រួយ ទៅក្នុង​របត់នៃសង្គ្រាម ដូចជាការប៉ះទង្គិចគ្នា​ជៀសវាងបាន គឺកម្ពុជា​យើង​អាចនៅរក្សា​ស្ថេរភាពបានយូអង្វែងជាងបាន»។

ចំណែក​នាយករងប្រចាំអាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ លោក ភីល រ៉ូបឺតសុន បានចេញ​សេចក្តី​ថ្លែង​ការណ៍ ទទូចឲ្យរដ្ឋាភិបាលដកលោក លោក វង សូត ចេញពីតំណែង ដោយ​ហៅសុ​ន្ទរកថា រប​ស់​រដ្ឋមន្រ្តីរូបនេះ​ថា «ជាសារដ៏ឃោរឃៅរបស់គាត់ដែលបង្ហាញថាគាត់មិនដឹងអ្វីទាំងអស់អំពីសិទ្ធិមនុស្សប្រជាធិបតេយ្យ»។ ប៉ុន្តែ​លោក ហ៊ុន សែន បានច្រានចោល​ការទាមទារ របស់អង្គការ​អន្តរជា​តិមួយនេះ និងបានការពារការថ្លែងសារគំរាមរបស់មន្ត្រីគណបក្សប្រជាជន។

លើសពីនេះទៀត លោក ហ៊ុន សែន បានគំរាមដែរថា គណបក្សប្រឆាំង ​អាចប្រឈមនឹ​ងការរំលា​យចោ​​​​​ល​​​ ប្រសិនបើ​មានការ​​ដឹកនាំបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោត ដូចឆ្នាំ២០១៣ ដោយអ្វីដែលលោកថា បានរំលោភទៅ​នឹងច្បាប់​គណប​ក្សនយោបាយ ដែល​លោកស្នើធ្វើវិសោធនកម្ម ទាំងចម្រូងចម្រាសនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ