ស្រូវជាង១ពាន់​ហិកតានៅបន្ទាយមានជ័យ​ខូចដោយសាររាំងស្ងួត

ប្រជាកសិករនិងអាជ្ញាធរមូលដ្ឋាននៅស្រុកភ្នំស្រុក​ខេត្តបន្ទាយមានជ័យ​បានឲ្យដឹងថា ដំណាំស្រូវស្ថិតនៅលើដីជាង១ពាន់បានស្វិតខូចដោយសារភាពរាំងស្ងួត និងមិនមានប្រព័ន្ធទឹកស្រោចស្រព។​

ប្រជាកសិករនិងអាជ្ញាធរមូលដ្ឋាននៅស្រុកភ្នំស្រុក​ខេត្តបន្ទាយមានជ័យ​បានឲ្យដឹងថា ដំណាំស្រូវស្ថិតនៅលើដីជាង១ពាន់បានស្វិតខូចដោយសារភាពរាំងស្ងួត និងមិនមានប្រព័ន្ធទឹកស្រោចស្រព។​

ស្រូវជាង១ពាន់ហិកតារបស់កសិករដែលរាយការណ៍ថា ស្វិតខូចនោះស្ថិតនៅឃុំចំនួនពីរគឺ ពន្លៃ និង ឃុំណាំតៅនៅស្រុកភ្នំស្រុក។​

កសិករឃុំពន្លៃលោក ផាន សារៀមថ្លែងប្រាប់វីអូឌីកាលពីម្សិលមិញ​ថា ស្រូវរបស់លោកនិងកសិករផ្សេងទៀតនៅឃុំជា មួយគ្នានោះជាង៨០០ហិកបានស្វិត ខ្លះជិតខូច និងខ្លះទៀតខូចទាំងស្រុង ដោយសារមិនមានទឹកស្រោច។​

កសិករម្នាក់ទៀតនៅ​​ឃុំពន្លៃដែរ ​អ្នកស្រី អ៊ូ ថូយ ថ្លែងថា ស្រូវរបស់គាត់ជាង៥ហិកតាតាំងពីព្រួសហើយមក មិនមានទឹកស្រោចទេ ហើយស្របពេលដែលរាំងភ្លៀងនេះបានបណ្តាលឲ្យខូចស្ទើរទាំងស្រុងហើយ​។ អ្នកស្រីបន្តទៀតថា «អត់ទឹកហើយដឹងធ្វើម៉េច បើវាធម្មជាតិមិនហុចផល​ហើយទាំងគេទាំងយើង»។

មេឃុំណាំតៅ លោក ​ទុន ថុន បានឲ្យដឹងដែរថា ស្រូវរបស់កសិករប្រមាណ​៦៥០ហិកតា​ក្នុងឃុំរបស់លោក​ នៅ៣ភូមិ គឺភូមិតាណាំង សរោង និងភូមិតាគង់ ​ប្រឈមនិងការខូចខាត។​

ប្រធានមន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យលោក ប៊ុន ថៃ មានប្រសាសន៍ថា ក្រុមការងារលោកបានចុះទៅពិនិត្យដល់កន្លែងដែលពលរដ្ឋកំពុងជួបបញ្ហានោះ ហើយថា តំបន់មួយចំនួន​មានភ្លៀងធ្លាក់ខ្លះធ្វើឲ្យស្រូវលូតលាស់វិញ។​ លោក ប៊ុន ថៃ បន្តថា មន្ត្រីពាក់ព័ន្ធកំពុងសិក្សារៀបចំប្រព័ន្ធទឹក​ឲ្យកសិករតំបន់នោះប្រើប្រាស់។​

តាមកសិករ និង អាជ្ញាធរមូលដ្ឋាននៅកន្លែងស្រូវ​កំពុងខូចខាតដោយសារភាពរាំងស្ងួតនេះឲ្យដឹងថា តំបន់នោះ​មិនទាន់មានប្រព័ន្ធប្រឡាយទឹកសម្រាប់ស្រោចស្រពស្រូវទេ ហើយថា ៤ឆ្នាំចុងក្រោយនេះ ស្រូវរបស់ពួកគាត់ខូចខាតដោយសារខ្វះទឹកជាបន្តបន្ទាប់៕

ហូរ តុងហាន់

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។