នាយករដ្ឋមន្ត្រីគ្រោងចុះជួបកម្មករ​តាម​រោង​ចក្រជាលើកដំបូង

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន (FB: លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន គ្រោងនឹងចុះជួបកម្មករតាមរោងចក្រជាលើកដំបូង ដើម្បីស្វែងយល់ពី​ស្ថានភាព និងចាត់​វិធានការ​បន្ថែម ​លើ​ករណី​សុវត្ថិភាព​ការងារ​របស់​កម្មករ។

នៅលើគណនីយហ្វេសប៊ុកនៅថ្ងៃទី៤ សីហា អ្នក​នាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន សរសេរថា លោក​ ហ៊ុន​ សែន មាន​គម្រោង​ចុះជួប​កម្មករ​នៅ​តាម​រោង​ចក្រ ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន ពោលគឺអាច​នៅ​រៀង​រាល់​ថ្ងៃ​អាទិត្យ បន្ទាប់​ពីលោកនឹងជួបកម្មករ កម្មការនី នៅកោះពេជ្រ នាថ្ងៃទី២០ខែសីហា ខាងមុខ។

បើតាមលោក​ ផៃ ស៊ីផាន គម្រោងជួបក្រុមកម្មករតាមរោងចក្រនេះ ​គឺជួយពង្រឹង​ភាព​ស្និទ្ធស្នាល​រវាង​លោក ហ៊ុន សែន ជា​មួយ​កម្មករ និងដើម្បីបង្ហាញការ​យក​ចិត្តទុក​ដាក់​ខ្ពស់​ដល់​កម្មករ-កម្មការិនី៕

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍ថា បើ​សិនជា​ការ​ចុះជួប សំណេះ​សំណាល​​របស់​លោក​ ហ៊ុន សែន លើក​​នេះ គឺ​ដើម្បី​ជា​ការ​ជួយ​ដោះ​ស្រាយ​បញ្ហា​ដល់ក្រុម​កម្មករ និងបង្ហាញ​ពីការយក​ចិត្ត​ទុកដាក់​ពិត​មែន​ នោះ​គឺជា​ការ​ល្អ។ ទោះជាយ៉ាងណាលោកថា កន្លង​មក ការ​ចាត់​វិធានការរបស់​រដ្ឋាភិបាល ដើម្បី​​​ដោះ​ស្រាយ​បញ្ហាដែល​កម្មករ​ជួប​ប្រទះ គឺនៅ​ខ្សោយ​នៅឡើយ​។

លោក​ថា៖ «បញ្ហា​របស់​កម្មករមាន​ដូចជា គឺគាត់​មាន​ប្រាក់​ខែតិច គាត់​ហូប​ចុក​មិន​គ្រប់​គ្រាន់ គាត់​ធ្វើ​ការ​ច្រើន​ម៉ោង ធ្វើការ​ក្នុង​សកម្មភាព​អាក្រក់ មាន​សន្លប់ ​គាត់ស្លេក​ស្លាំង​ ចុះ​ខ្សោយ… មាន​មន្ត្រីខាង​គណបក្ស​នយោបាយ​ទៅ​ធ្វើ​បាប​គាត់ បំបិទសិទ្ធិ​សេរីភាព​គាត់ មាន​ថៅកែ​ខ្លះ​បង្ខំ​ឲ្យធ្វើ​ការ​លើស​កម្លាំង…​ទាំងអស់​ហ្នឹង​ហើយ ​ដែល​ធ្វើ​ឲ្យ​បញ្ហា​មិន​អាច​ដោះ​ស្រាយ​ឲ្យកម្មករ​ ឲ្យ​ក្រុមហ៊ុន​ជិះជាន់​កេង​ប្រវ័ញ្ច​កម្មករ​បាន​នោះ»។

របាយការណ៍ចុង​ក្រោយនៃ​បេឡាជាតិរបប​សន្តិសុខសង្គម បង្ហាញ​ថា កម្មករ​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​កាត់​ដេរ​សព្វ​ថ្ងៃ​មាន​ចំនួន​៨០ម៉ឺន​នាក់​ នៅ​ក្នុងក្រុម​ហ៊ុន​រោង​ចក្រ​កាត់ដេរ​ចំនួនជាង ១ ០០០​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ