ជនជាតិដើមភាគតិចស្នើសុំរដ្ឋាភិបាលពន្លឿនការចុះបញ្ជីដីសមូហភាព

ជនជាតិដើមភាគតិចទាមទារឲ្យរដ្ឋាភិបាល ពន្លឿនការចុះបញ្ជីដីធ្លី ជាសមូហភាពជូនពួកគេឲ្យបានឆាប់ ដោយថា បារម្ភខ្លាចបាត់បង់វប្បធម៌ប្រពៃណីនិងអត្តសញ្ញាណជនជាតិដើមភាគតិច។

ជនជាតិភាគតិចពូនងនៅខេត្តមណ្ឌលគិរីនិងជាអនុប្រធានសហគមន៍ជនជាតិដើម លោក ក្រាត់ នឿន ប្រាប់អ្នកសារព័ត៌មានក្នុងសិក្ខាសាលាមួយ នៅថ្ងៃសុក្រនេះថា សហគមន៍របស់លោកមានផ្ទៃដីប្រមាណ៨០០ហិកតានិងមានពលរដ្ឋជាង៥០០គ្រួសារ កំពុងរស់អាស្រ័យផល។

លោកបន្តថា សហគមន៍នេះ មិនទាន់បានចុះបញ្ជីទទួលស្គាល់ដោយរដ្ឋាភិបាលនៅឡើយទេ ហើយថា កន្លងមកអាជ្ញាធរ ធ្លាប់ឲ្យពួកគាត់ចុះបញ្ជីជាដីកម្មសិទ្ធិឯកជន ប៉ុន្តែពលរដ្ឋមិនព្រម ដោយថា ទទួលបានដីតិចតួចពេក និងធ្វើឲ្យបាត់បង់វប្បធម៌ប្រពៃណីថែមទៀត។

លោកបន្តថា៖ «ពួកខ្ញុំហ្នឹង ចង់បានប្លង់ជាសមូហភាព ដើម្បីថា មានកន្លែងតម កន្លែងអារ័ក្ស ហើយមានកន្លែងរស់នៅពីដូនតា ធ្លាប់ប្រើប្រាស់ចំការវិលជុំ អញ្ចឹងបើឲ្យចុះបញ្ជីជាដីកម្មសិទ្ធិឯកជនពួកយើងបានតិចៗម្នាក់ហ្នឹង អញ្ចឹងពួកខ្ញុំអត់យល់ព្រម ទាល់តែប្លង់សមូហភាពទើបយល់ព្រម»។

ជនជាតិដើមភាគតិចគួយម្នាក់ទៀតនៅខេត្តព្រះវិហារ អ្នកស្រី ទេព ទឹម ជាសមាជិកសហគមន៍ប្រមេនៅ ឃុំប្រមេ ស្រុកត្បែងមានជ័យឲ្យដឹងថា ដីសហគមន៍ ដែលពួកគាត់បានដាក់សុំចុះបញ្ជីជាសមូហភាពមានប្រមាណជិត១ម៉ឺនហិកតា និងមានពលរដ្ឋជាង៣០០គ្រួសារកំពុងអាស្រ័យផល។

អ្នកស្រីបន្តថា សហគមន៍នោះ ពួកគាត់បានដាក់សំណើទៅអាជ្ញាធរពាក់ព័ន្ធដើម្បីសុំចុះបញ្ជីជាដីសមូហភាពតាំងពីឆ្នាំ២០១៥ ប៉ុន្តែមិនមានការយកចិត្តទុកដាក់ពីអាជ្ញាធរទាំងនោះទេ ហើយថា ដីនោះក៏កំពុងមានការរំលោភបំពាន់ពីសំណាក់ក្រុមហ៊ុនស្ករអំពៅមួយនៅទីនោះផងដែរ។

អ្នកស្រីបន្តថា៖ «ការចុះបញ្ជីជាសមូហភាព ពួកយើងបានដីប្រាំចំណុច មានដីអាស្រ័យផលជាក់ស្តែង ដីលំនៅឋាន ដីបំរុងទុក ដីដូរវេនដំណាំ ដីកប់សព អញ្ចឹងគិតថា ប្រពៃណីជនជាតិខ្ញុំ ពីមុនមកគឺដីទាំងអស់ហ្នឹងមានសារៈប្រយោជន៍សម្រាប់ជនជាតិ បើយើងចុះបញ្ជី ជាដីឯកជនយើងបានតែដី ដីអាស្រ័យផលជាក់ស្តែង ដីលំនៅឋានទេ ដីប្រាំចំនុចទៀតត្រូវបាត់បង់ កាលណាបាត់បង់ដីប្រាំចំនុចហ្នឹង ពួកយើងនឹងបាត់បង់វប្បធម៌ប្រពៃណី អញ្ចឹងពួកខ្ញុំហ្នឹងបាត់បង់អត្តសញ្ញាណជនជាតិដើម»។

ប្រធានកម្មវិធីផ្នែកដីធ្លី វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum) លោក អៀ ចុង និយាយថា កន្លងមកការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ជាសមូហភាព មានសហគមន៍ខ្លះ គឺចុះបានដោយរលូន និងខ្លះទៀតយឺតយ៉ាវ ដែលជាហេតុធ្វើឲ្យសហគមន៍ទាំងនោះមានការព្រួយបារម្ភ។

លោកបន្តថា រដ្ឋាភិបាលគួរតែសម្រួលធ្វើយ៉ាងណា ចុះបញ្ជីដីធ្លីជាសមូហភាព ជូនជនជាតិដើមភាគតិចឲ្យបានលឿនដើម្បីពួកគេមានសិទ្ធិកាន់កាប់ស្របច្បាប់។

លោកបន្ថែមថា៖ «ការចុះបញ្ជីដីជាសមូហភាពហ្នឹង មានប្រយោជន៍ទី១ គាត់មានសិទ្ធិកាន់កាប់ដោយស្រប ច្បាប់ទៅលើដី ឩបមាថា គាត់ស្នើសុំគេ១០០ហិកតា ទី២ គាត់មានផែនការមេរបស់គាត់ ដូចថា តំបន់នេះ គាត់ទុកកប់សព តំបន់នេះកន្លែងសែនព្រៀន និងតំបន់ណាខ្លះ ដែលគាត់ត្រូវប្រើសម្រាប់ជាដីកសិកម្ម…ប៉ុន្តែពួកគាត់ មិនមានសិទ្ធិលក់ដូរដីនោះទេ ដែលខុសពីកម្មសិទ្ធិឯកជន»។

វិអូឌី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី លោក សេង ឡូត បានចំពោះបញ្ហានេះដោយទូរសព្ទចូលគ្មានអ្នកទទួល។ ប៉ុន្តែ មន្រ្តីអង្គការ NGO Forum ឲ្យដឹងថា ក្រោយបញ្ចប់សិក្ខាសាលាថ្ងៃនេះ ពួកគេនឹងប្រមូលយកបញ្ហា និងសំណូមរបស់ជនជាតិដើមភាគតិចទាំងនោះ ទៅពិភាក្សាជាមួយតំណាងក្រសួងដែលពាក់ព័ន្ធនៅក្នុងសិក្ខាសាលាក្រោយទៀត ដើម្បីជំរុញការដោះស្រាយ។

របាយការណ៍ឆ្នាំ២០១៦ ស្តីពីការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចឲ្យដឹងថា សហគមន៍ជនជាតិដើមភាគតិច ដែលបានដាក់ពាក្យសុំចុះបញ្ជីដីមានចំនួន ៥១សហគមន៍  និងបានចេញប័ណ្ណកម្មសិទ្ធិជាដីសមូហភាពចំនួន១៣សហគមន៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ