ក្រសួង​៖ ការព្រមាន​ «វាយ​ក្បាល​នឹងគល់​ឬស្សី​» ជា​ការ​ដាស់​តឿននិងជំរុញធានាសន្តិសុខ

ក្រសួង​សង្គម​កិច្ច បា​ន​ការ​ពារ​ការ​ថ្លែង​របស់​រដ្ឋ​មន្ត្រី ​​ដែល​ព្រមាន​វាយក្បាល អ្នក​ប្រឆាំង​លទ្ធផលបោះ​ឆ្នោត​ឆ្នាំ​២០១៨ នឹង​គល់​ឬស្សី ថាការ​ថ្លែង​របស់​លោក​រដ្ឋ​មន្រ្តី​នេះ ​គឺ​ជា​ការ​ដាស់​តឿន និង​ជំរុញ​ដល់​ការ​ធានា​សន្តិសុខ សម្រាប់​​ការ​បោះឆ្នោត​។

កាលពី​សប្តាហ៍​មុ​ន ​ក្នុង​កិច្ច​ប្រជុំ​មួយ​របស់​ក្រសួង​សង្គម​កិច្ច លោក​រដ្ឋ​មន្ត្រី ​វង សូត បាន​ថ្លែង​ដោយ​ព្រមាន​ប្រើ​ «គល់​ឬស្សី​វាយ​ក្បាល» ​អ្នក​ណា​ ដែល​ហ៊ាន​ចេញ​មក​តវ៉ា​ទៅ​នឹង​លទ្ធផល​បោះឆ្នោត​ឆ្នាំ​២០១៨ខាង​មុខ។ កាថ្លែង​របស់​លោក​បែបនេះ​ បាន​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ជា​បន្ត​បន្ទាប់​ពីមជ្ឍដ្ឋានជាតិ​ និង​អន្តរជាតិ​។

ក្នុង​សេចក្តីប្រកាសព័ត៌មានចុះ​ថ្ងៃ​ទី​៣ខែ​សីហា ក្រសួង​សង្គមកិច្ច​ អតីតយុទ្ធជន និង​យុវនីតិ​សម្បទា បាន​ច្រាន​ចោល​និង​ថ្កោល​ទោស ​ចំពោះប្រតិ​កម្ម​របស់នាយករងប្រចាំអាស៊ី នៃអង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អ​ន្តរជាតិ​ លោក ភីល រ៉ូបឺតសុន ដែល​ថា​ការ​ថ្លែង​របស់​លោក ​វង សូត ​ជា​សារ​ដែល​ឃោ​ឃៅ និង​មិន​ដឹង​អ្វី​ទាំង​អស់អំពី​សិទ្ធិ​មនុស្ស។ ក្រសួង​បន្តថា ​ការ​បញ្ចេញ​ទស្សនៈរបស់​លោក ភីល រ៉ូបឺតសុន​ នេះជា​ការញុះ​ញង់ បង្ក​អសន្តិសុខ អស្ថិរភាពសង្គម និង​ជ្រែត​ជ្រែក​កិច្ច​កា​រផ្ទៃ​ក្នុង​របស់​កម្ពុជា។

ក្រសួង​បាន​បញ្ជាក់​ថា ​ការ​ថ្លែង​របស់​លោក ​​វង សូត​ នេះ​មិន​មែន​ជា​ការ​គំរាម​កំហែង​ទេ គ្រាន់​តែ​ជា​ការ​ដាស់​តឿន ក្រើន​រំលឹក ដល់​អ្នក​ដែល​ជ្រុល​និយម និង​ជាការ​ជម្រុញដល់​ការ​ធានា​សន្តិ​សុខ សុវត្ថិភាព សម្រាប់​ការ​បោះឆ្នោត​ នៅ​កម្ពុជា​នាពេល​ខាង​មុខ។

អ្នក​នយោបាយ​ជើង​ចាស់​លោក លី ឡាយ​ស្រេង​ យល់​ថាការ​បកស្រាយ​របស់ក្រសួងសង្គម​កិច្ច​នេះ​គឺ​គ្រាន់​តែជា​ការ​ឆ្លើយ​ដោះ​ខ្លួន​ បន្ទាប់​ពី​លោក ​ហ៊ុន សែន ថា​លោក​មិន​បាន​និយាយ​ពី​ការ​ប្រើ​គល់​ឬស្សី​ដើម្បី​បង្ក្រាប​ការ​តវ៉ា​នោះ​ទេ។ លោក​ថា ​ការ​ថ្លែង​របស់​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក ហ៊ុន សែន ​គឺ​​កាន់​តែ​បន្ថែម​​កំហុស​ដល់​លោក ​ហ៊ុន សែន។

លោក​មាន​ប្រសាសន៍​ថា៖ «ទេ! រក្សាសន្តិសុខ ឯង​សង្គម​កិច្ច​រក្សាខ្មោច​យក​អី។ ទុក​ឲ្យ​នាយករដ្ឋមន្ត្រី ហ៊ុន សែន គាត់​ធ្វើ​ទៅ​ បា​ន​ហើយ ចាំ​បាច់​ អាមី​អាថោង​ សុទ្ធ​តែ​គល់​ឬស្សី​ធ្វើ​អី! រដ្ឋ​មន្ត្រី​បែប​ហ្នឹង ​គួ​រតែ​ចេញពី​ដំណែង​ កុំ​ទុក យង់​ឃ្នងសំបើម​ណាស់!»។

ចំពោះអ្នក​ស្រាវជ្រាវពី​ការ​អភិវឌ្ឍសង្គមលោក ប៊ូ បញ្ញា មាន​ប្រសាសន៍​ថា ការ​បក​ស្រាយ​របស់​ក្រសួង​សង្គម​កិច្ច​នេះ ​គឺ​មិន​អាច​ទទួល​យក​បាន​នោះ​ទេ ដោយ​ថា ​ការ​និយាយ​នេះ​ ជា​ការ​និយាយ​របស់​បុគ្គល​សាធារណៈ ដែល​​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ និងធ្វើឡើង​តាម​អារម្មណ៍ ហើយ​ការ​បក​ស្រាយ​នេះ ​គឺ​គ្រាន់​តែ​ធ្វើ​តាមពី​ក្រោយ​ប្រតិកម្ម​នានា​របស់​មជ្ឈដ្ឋាន​សង្គម​។

លោក​ថា៖ «ការ​បកស្រាយ​នេះ ​គឺ​គ្រាន់​តែ​ជា​លេសទេ គ្មាន​ហេតុផល​ណា​មួយ​សម​រម្យ​ ដែល​អាច​ទទួល​យក​បាន។ ខ្ញុំគិត​ថា​ លើ​ក​ក្រោយ​គួរ​តែ​រដ្ឋ​មន្ត្រី​ គាត់​គិត​គូរ​ឡើង​វិញ មិន​មែ​ន​ត្រឹម​តែ​រដ្ឋ​មន្ត្រី​សង្គម​កិច្ច​ទេ រដ្ឋ​មន្ត្រី​ផ្សេងៗ ក្នុង​នាម​ខ្លួន​ជា​មន្ត្រីរដ្ឋាភិបាល ​ក្នុង​នាម​ជា​អ្នក​បម្រើ​រាស្ត្រ មុន​នឹង​និយាយ​អ្វី​ត្រូវ​គិត​ពិចារណា​ឲ្យ​បាន​ល្អិត​ល្អន់​»។

ចំណោះ អ្នកវិភាគន​យោបាយ លោក ឆាំ ប៊ុនថេត មាន​ប្រសាសន៍​ថា ការ​បក​ស្រាយ​នេះ ​គឺ​មិន​សម​ស្រប​នោះ​ទេ ដោយ​ថា ​ក្នុង​នាម​​​ជា​​អ្នក​ដឹក​នាំ ​មិន​គួរ​ប្រើ​ប្រាស់​ពាក្យ​សំដី​ ដែល​ធ្វើ​ឲ្យប្រជា​ជន​មានបញ្ហា​ប្រឈម​នឹង​គ្នា​នោះ​ទេ។

លោក​ថា៖ «ភាសា​អញ្ចឹង​ៗ វា​ទៅ​ជា​ធម្មជាតិរបស់​អ្នក​នយោបាយ​ខ្មែរ រឿង​គំរាម​កំហែង​គ្នា ​រឿង​លាប​ពណ៌គ្នា ពាក្យទាំង​អស់​ សុទ្ធ​តែ​ពាក្យ​អសុរស ខ្ញុំ​គិត​ថា យើង​គួរ​តែ​សរសេរ​ឲ្យ​បាន​ច្រើន​បន្តិ​ច។ ហើយ​កុំសរសេរតែ​គណបក្ស​កាន់​អំណាច​ គណបក្ស​ប្រឆាំង​ក៏​ប្រើពាក្យ​អាក្រក់​ច្រើន​ដែរ។ ដូច​​លោក ​សម រង្ស៊ី ប្រើពាក្យ​អាយ៉ង​យួន ​អាយ៉ង​សៀម ពាក្យ​ហ្នឹង​ឃោ​ឃៅ​ណាស់​ព្រៃ​ផ្សៃ​ដូច​គ្នា ប្រហាក់​ប្រហែល​ទៅ​ហ្នឹងអ្វីដែល​លោក ​វង សូត​ និយាយ​ហ្នឹង មិន​មែន​ជា​ភាសាមនុស្ស​ មាន​ការ​រៀន​សូត្រចេះ​ដឹង​ត្រឹម​ត្រូវគេ​សរសេរ​នោះ​ណា»។

ទោះ​ជា​យ៉ាង​ណា ​លោក​ថា ការ​ប្រើ​ពាក្យសំដីហិង្សា​និងលាបព័ណ៌​នេះ ​បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ដែល​ធ្លាប់​ជា​ប្រទេស​មហា​នគរ​ ធ្លាក់មក​​នៅ​ស្ថាន​ភាព​ដូ​ច​សព្វថ្ងៃ​។ ដូច​នេះ លោក ប៊ុនថេត ​បានឲ្យជា​យោបល់​ថា ​ក្នុង​នាម​ជា​អ្នក​ដឹក​នាំ គួរ​តែ​គិត​ប្រយោជន៍​ជាតិ និង​ប្រជាជន​ជា​ធំ​ និងមិ​ន​គួរ​ធ្វើ​ឲ្យ​ប្រជា​ជាតិ​មួយ​បែក​ជា​ពីរ ​ដោយ​សារ​ការ​គាំទ្រទៅ​លើ​សំដី​របស់​អ្នក​នយោបាយ​ម្ខាង​ៗ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ