វិភាគ៖ មូលហេតុនៅពីក្រោយការចាប់ខ្លួន លោក ញឹក ប៊ុនឆៃ

អតីតប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ កាលពីពេលកន្លងទៅ (រូបថត ហួត វុទ្ធី)

លោក ញឹក ប៊ុនឆៃ អាយុ៥៩ឆ្នាំ ដែលមានកំណើតនៅឃុំស្វាយចេក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ គឺអតីតមេទ័ពកំពូលម្នាក់។ យោងតាមឯកសារ នៅឆ្នាំ១៩៧៦ លោកធ្លាប់ជាប់គុកនៅបន្ទាយទាហានអារញ្ញប្រថេតប្រទេសថៃ រយៈពេល៤ខែ។

លោក ញឹក ប៊ុនឆៃ អាយុ៥៩ឆ្នាំ ដែលមានកំណើតនៅឃុំស្វាយចេក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ គឺអតីតមេទ័ពកំពូលម្នាក់។ យោងតាមឯកសារ នៅឆ្នាំ១៩៧៦ លោកធ្លាប់ជាប់គុកនៅបន្ទាយទាហានអារញ្ញប្រថេតប្រទេសថៃ រយៈពេល៤ខែ។

នៅពេលមានព្រឹត្តិការណ៍ផ្ទុះអាវុធនៅភ្នំពេញ ថ្ងៃទី ៥-៦ ខែកក្កដា ឆ្នាំ១៩៩៧  លោក ញឹក ប៊ុនឆៃ បានធ្វើដំណើរដោយថ្មើរជើងរយៈពេលមួយខែទើបទៅដល់មូល​ដ្ឋាន​អូស្មាច់។

តាំងពីពេលនោះ រហូតដល់ពេលបោះឆ្នោតសកល ឆ្នាំ១៩៩៨ លោក ញឹក ប៊ុនឆៃ ជាមេចល​នា​តស៊ូនៅតំបន់ជាប់ព្រំដែនថៃ។ ប៉ុន្តែនៅដើមឆ្នាំ ១៩៩៩ លោក ញឹក ប៊ុនឆៃ បានត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញ ព្រមទាំងទទួលបានការតែងតាំងជាអនុប្រធានទី២នៃព្រឺទ្ធសភា។

ក្រោយការបោះឆ្នោតសកលឆ្នាំ២០០៣ នៅគ្រាដែលជាប់គាំងខាងនយោបាយ លោក ញឹក ប៊ុនឆៃ គឺជាអ្នកបានចូលរួមដោះស្រាយវិបត្តិនេះ រហូតបានសម្រេចរៀបចំរាជរដ្ឋាភិបាលចំរុះទ្វេភាគី គឺគណបក្សប្រជាជនកម្ពុជានិងគណបក្សហ្វ៊ុនស៊ិនប៉ិច។

នៅថ្ងៃទី១៣ ខែកក្កដា ២០០៤ លោក ញឹក ប៊ុនឆៃ ក្នុងនាមជាប្រមុខរដ្ឋស្តីទីបានចុះហត្ថលេខា​លើច្បាប់រដ្ឋធម្មនុញ្ញបន្ថែម ដ៏ចម្រោងចម្រាស់ ខណៈដែលសម្តេចឪ នរោត្តម សីហនុ យាងចេញទៅចិន ហើយលោក ជា ស៊ីម ក្នុងនាមប្រមុខរដ្ឋស្តីទីក៏បានចេញទៅថៃទៀត ដែល​អ្នកវិភាគ​យល់ថាដើម្បីគេចចេញពីការចុះហត្ថលេខាលើច្បាប់រដ្ឋធម្មនុញ្ញបន្ថែម​។

ក្រោយពេលចុះហត្ថលេខាលើច្បាប់រដ្ឋធម្មនុញ្ញបន្ថែម លោក ញឹក ប៊ុនឆៃ ត្រូវបានតែងតាំង ជាឧបនា​យករដ្ឋមន្ត្រី និងជាសហរដ្ឋមន្ត្រី ក្រសួងការពារជាតិ ហើយត្រូវបានតម្លើងឋានន្តរៈសក្តិ ជានាយឧត្តមសេនីយ៍ផ្កាយមាស៤។
លុះដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០០៦ លោក ញឹក ប៊ុនឆៃ បានដឹកនាំ ធ្វើការកំណែទំរង់ គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលសម្តេចក្រុមព្រះចាត់ទុកថាជាការធ្វើបក្សប្រហារទម្លាក់ទ្រង់ពីព្រះ​ប្រ​ធាន​បក្ស​ ហើយ លោក ញឹក ប៊ុនឆៃ  បានកាន់កាប់តំណែងជាអគ្គលេខាធិការគណបក្សហ្វ៊ុនស៊ិន​ប៉ិច​។

តាំងពីពេលនោះមកគណបក្សរាជានិយមមួយនេះ បានចែកចានចែកឆ្នាំងគ្នាជាពីរបក្ស ដោយ​មួយ​ក្រុមនៅបន្តគាំទ្រលោក ញឹក ប៊ុនឆៃ និង​​មួយក្រុមទៀត​ដង្ហែតាមសម្តេចក្រុមព្រះទៅបង្កើតគណបក្សមួយដាក់ឈ្មោះទ្រង់ផ្ទាល់គឺគណបក្ស នរោត្តម រណឬទ្ធិ។

លទ្ធផលនៃការបែកបាក់ជាពីរនេះ បានធ្វើឲ្យគណបក្សដែលត្រូវបានបង្កើតឡើងដោយសម្តេច​​ព្រះនរោត្តម សីហនុ នោះនៅសល់តែម្នាក់ពីរកៅអីនៅក្នុងរដ្ឋសភា ក្រោយពេល​បោះឆ្នោត​​ឆ្នាំ២០០៨ ហើយមកនៅសល់សូន្យកៅអីនៅឆ្នាំ២០១៣។

មកដល់ពេលនេះ គណបក្ស ហ្វ៊ុនស៊ិនប៉ិច បានធ្លាក់ទៅក្នុងការ​គ្រប់​គ្រង​របស់​សម្តេច​ក្រុម​ព្រះ​វិញ ហើយ​លោក ញឹក ប៊ុនឆៃ ក៏ទៅបង្កើតគណបក្សថ្មីមួយទៀត ដាក់​ឈ្មោះថា គណបក្សខ្មែររួបរួមជាតិ។

លទ្ធផលនៃការបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២០១៧ គណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ ទទួលបានមេឃុំ១ ហើយមានអសនៈក្រុមប្រឹក្សាសរុប២៤។ ចំណែកគណបក្សហ្វ៊ុនស៊ិនប៉ិចរបស់សម្តេចក្រុមព្រះ មិនទទួលបានមេឃុំឬចៅសង្កាត់ទេ តែបានអសនៈក្រុមប្រឹក្សាសរុប២៨​។

នៅថ្ងៃទី៣ខែមិថុនាឆ្នាំ២០១៧ ពោលគឺមុនបោះឆ្នោតមួយ​ថ្ងៃ លោក ញឹក ប៊ុនឆៃ បានទូរសព្ទទៅលោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្រ្គោះជាតិ។ នេះជាការអះអាងរបស់ លោក អេង ឆៃអ៊ាង។

នៅ​ក្នុង​​កិច្ចសន្ទនាដែល​ត្រូវបានគេផ្សព្វ​ផ្សាយគឺ «លោក ញឹក ប៊ុនឆៃ បាន​ឲ្យអ្នកគាំទ្រលោកនៅខេត្តកំពង់ធំបោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិ»។ ក្រោយមក​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានទួលព្រះមហាក្សត្រឲ្យ​ដក​តំណែង​លោក ញឹក ប៊ុនឆៃ ចេញពីទីប្រឹក្សារដ្ឋាភិបាលដែលមានឋានៈស្មើនឹង​ឧបនាយក​រដ្ឋមន្រ្តី។ ប៉ុន្តែលោក ញឹក ប៊ុនឆៃ បានធ្វើសន្និសីទបកស្រាយថាលោកទូរសព្ទច្រឡំលេខទៅកាន់លោក អេង ឆៃអ៊ាង។

នៅថ្ងៃទី៣ខែសីហាឆ្នាំ២០១៧នេះ លោក ញឹក ប៊ុនឆៃ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅក្រោម​បទចោទថា ពាក់ព័ន្ធនឹងគ្រឿងញៀនតាំងពីឆ្នាំ២០១២។

អ្នកវិភាគនយោបាយ លោក សូ ចន្ថា លើកឡើងពីហេតុផលពីរយ៉ាង​ដែលឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួន​លោក ញឹក ប៊ុនឆៃ។ លោកវិភាគថា «ទិដ្ឋភាពទី១ យើងក៏ធ្លាប់[ ឃើញ] មានការ លើកឡើងតាំងពីយូរណាស់ហើយករណីគ្រឿងញៀន កាលដែលលោកនៅជាគណបក្សហ្វ៊ុនស៊ិន​ប៉ិច។ វាអាចពាក់ព័ន្ធគ្រឿងញៀនមែន។ ប៉ុន្តែគ្រាន់តែពាក់ព័ន្ធក្នុង​កំរិតណាមួយ ខ្ញុំមិនច្បាស់​ទេ។ ចំណុចទី២ ខ្ញុំគិតថាវាពាក់ព័ន្ធរឿងនយោបាយជាពិសេសដំណាក់កាល​ចុង​ក្រោយ​ដែលលោក ញឹក ប៊ុនឆៃ ទូរសព្ទទៅអនុប្រធានគណបក្សសង្រ្គោះជាតិ»។

លោក សូ ចន្ថា យល់ថា ចំណាត់​ការ​ទៅលើ​លោក ញឹក ប៊ុនឆៃ បានឆ្លុះ​បញ្ចាំងឲ្យឃើញថា ការ​អនុវត្តច្បាប់នៅកម្ពុជាមានស្តង់ដាពីរ ដោយថា នៅពេល​អតីតឧបនាយករដ្ឋមន្រ្តីរូបនេះ​​ស្មោះ​ត្រង់​នឹងរដ្ឋាភិបាល គឺមិនត្រូវបានស៊ើបអង្កេត​រឿង​គ្រឿង​ញៀនទេ ប៉ុន្តែនៅពេល​ដឹងថា អតីតមេទ័ពរូបនេះចង់ងាកចេញពីរដ្ឋាភិបាលគឺចាត់ការឲ្យបានមុនតែម្តង។

លោក ចន្ថា វិភាគថា ​ការចាប់​ខ្លួន​លោក ញឹក ប៊ុនឆៃ នៅមុនពេល​បោះឆ្នោតមកដល់នេះគឺជាសញ្ញាព្រមានទៅអ្នកគាំទ្រ​គណបក្ស​កាន់​អំណាច​ កុំឲ្យងាកទៅគាំទ្រគណបក្សប្រឆាំង។ លោកយល់ថា «ខ្ញុំមើលទៅ[គំរាមទាំងសមាជិក]គណបក្សកាន់អំណាចនិងបក្សដែលជាដៃគូររដ្ឋាភិបាលផង។ បើយោងទៅលើ​លទ្ធផល​បោះឆ្នោត​យើងឃើញថា​សំឡេងអ្នកគាំទ្របក្សអំណាចហាក់ដូចជាធ្លាក់ចុះ។ មូលហេតុមានច្រើន ​ប៉ុន្តែមូលហេតុដែលសំខាន់ គឺសមាជិក​​របស់​ខ្លួន​ហ្នឹង​មិនបោះឆ្នោត​គាំទ្រ​គណបក្សរបស់​ខ្លួននោះទេ»។

លោក ឯម សុវណ្ណរ៉ា ​អ្នកវិភាគនយោបាយមួយរូបទៀតវិភាគថា ការចាប់ខ្លួនលោក ញឹក ប៊ុនឆៃ ជារឿងនយោបាយដោយ​ផ្អែកលើ​ការ​ផ្តាច់​សម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ហើយ​ប្រកាសទៅធ្វើ​សមាជនៅពេលខាងមុខ ដែល​គេ​រំពឹងថាអាច​នឹងទៅ​រួបរួមជា​មួយគណ​បក្ស​ប្រឆាំង។ ប៉ុន្តែលោកយល់ថា ចំណាត់ការនេះមិនអាចទប់ស្កាត់​ចរន្តចាកចេញរបស់អ្នកគាំ​ទ្រ​​ផ្សេង​ទៀតបានឡើយ។

លោកយល់ថា «ចរន្តនេះពិបាក​ទប់​ស្កាត់​មិន​ឲ្យងាកចេញណាស់។ ពលរដ្ឋ​ឬអ្នក​នយោបាយ​អាច​មាន​សិទ្ធិ​ងាក​រក​បក្សផ្សេងបានហើយមានលទ្ធភាព បើសិនក្នុងយន្តការមួយវាខ្វះ​ឱកាស​ចាប់​យក​​លាភ​សក្តារៈនឹង​ធ្វើ​ឲ្យ​​អ្នក​ផ្សេងរត់​ទៅ​រក​បក្ស​ផ្សេងដែល​មាន​កម្លាំង​ជាង​ហើយ​ស្រប​នឹង​ចរន្ត​ពេល​វាលាដែលគណបក្សប្រឆាំង អំពាវនាវ​ចង់​ឲ្យអ្នក​ផ្សេង​ៗ​ចាក​ចេញពី គណបក្ស​កាន់​អំណាច»៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។