ផលិតផលស្លាបនិងជង្គង់មាន់ខូចគុណភាពជាង៦០០គីឡូ ត្រូវបានមន្ត្រីកាំកុងត្រូលប្រចាំក្រុងប៉ោយប៉ែត ខេត្តបន្ទាយជ័យចាប់បាននិងដុតបំផ្លាញចោលកាលពីម្សិលមិញ ខណៈឈ្មួញព្យាយាមនាំពីថៃចូលចែកចាយលើទីផ្សារកម្ពុជា។
បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ផលិតផលមាន់ខូចគុណភាពទាំងនេះ ឈ្មួញបង្កប់ក្នុងឥវ៉ាន់ផ្សេងគ្រោងចែកចាយលើទីផ្សារកម្ពុជា។
ប្រភពដដែលបានបន្តថា ផលិតផលស្លាបនិងជង្គង់មាន់ទាំងនេះមានទម្ងន់ប្រមាណ៦២០គីឡូក្រាម គឺជាប្រភេទទំនិញកាកសំណល់ដែលប្រទេសថៃបោះចោល ហើយឈ្មួញខ្មែរយកមកនាំចូលខុសច្បាប់។
គួរបញ្ជាក់ថា សមត្ថកិច្ចមិនអាចចាប់ខ្លួនឈ្មួញខុសច្បាប់ដែលនាំចូលផលិតផលនេះទេ ដោយថាឈ្មួញអ្នកនាំចូលនោះបានរត់គេចខ្លួនបាត់មុនពេលសមត្ថកិច្ចទៅដល់ទីតាំងបង្ក្រាប៕