កម្ពុជាព្រមានពីសង្គ្រាម បើឡាវមិនដកទ័ពចេញពីខេត្តស្ទឹងត្រែង

លោក ហ៊ុន សែន និង នាយករដ្ឆមន្ត្រីឡាវ លោក ថោងលន់ ស៊ីសូលីត នៅកិច្ចប្រជុំមួយក្នុងខេត្តសៀមរាបកាលពីពេលកន្លងទៅ (រូបហ្វេសប៊ុក)

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានប្រកាសឲ្យរដ្ឋាភិបាលឡាវ ត្រូវដកកងទ័ពរបស់ខ្លួនចេញ​ពីខេត្តស្ទឹ​ងត្រែ​ង ​ជា​​បន្ទាន់ ត្រឹម៦ថ្ងៃទៀត ដោយព្រមានថា ប្រយ័ត្នកម្ពុជា អស់ភាពអត់ធ្មត់។

ក្នុងពិ​​ធីប្រកាសនិងផ្ទេរតំណែងប្រធានរាជ្យបណ្ឌិត្យសភាកម្ពុជា នាថ្ងៃទី១១ខែសីហានេះ លោ​កនា​យ​ក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែងថា វត្តមានកងកម្លាំងប្រដាប់អាវុធឡាវ នៅក្នុងទឹកដីកម្ពុជា ក្នុងខេ​ត្ត​ស្ទឹងត្រែង​រយៈ​ពេ​​ល​ជា​ង៤ខែមកហើយ នៅតែមិនព្រមដកចេញ។

លោក ហ៊ុន សែន ថ្លែងទៀតថា ករណីនេះ លោកបានផ្ញើលិខិតជាផ្លូវការ និងហៅទូរស័ព្ទទៅកាន់​នា​យករដ្ឋម​ន្ត្រី​ឡា​វ ផងដែរ ប៉ុន្តែលោកថា រដ្ឋាភិបាលឡាវមិនព្រមឆ្លើយតប។

​លោក ហ៊ុន សែន បញ្ជាក់ថា ពេលនេះ លោកបា​នបញ្ជាទៅ​មេបញ្ជាកា​រកង​ពលមួយចំនួន ឲ្យត្រៀមកម្លាំង ដើម្បីចាត់វិធានការហើយ។

លោកថា៖ «អញ្ចឹងខ្ញុំសុំបញ្ជូនសារពីទីនេះ អំពាវនាវចំពោះឯកឧត្តម ថងលួន ​ស៊ីសូលីត នាយករដ្ឋមន្ត្រីនៃ​សា​ធារ​​ណ​រដ្ឋ​ប្រជាមានិត្យឡាវ ដកកងទ័ពចេញពីទឹកដីកម្ពុជាដោយគ្មានលក្ខខណ្ឌ»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងដែរថា នៅថ្ងៃនេះ បើចាំបា​ច់ លោកនឹងជិះយន្តហោះ​ទៅ​ជួ​ប​នា​យករដ្ឋមន្ត្រីឡាវ មុនប្រើប្រាស់កម្លាំងប្រដាប់អាវុធណាមួយ ដើម្បីការពារបូរណភាពទឹកដីកម្ពុជា។​

លោកថា៖ «យើងមិនមែនប្រកាសសង្ក្រាមទេ សុំតែយកដីរបស់ខ្លួនតែប៉ុណ្ណឹងទេ ខ្ញុំមិនយកដីនរណាទាំងអស់ មួយចង្អាមក៏មិនយក តែក៏មិនឲ្យគេយកដីយើងសូម្បីតែមួយចង្អាមដែរ។ វាអត់សមហេ​តុសមផលអីប​ន្តិ​ច​សោះ​​​​។ ហើ​យបើសិនទុកអញ្ចឹងៗៗៗ តើខ្ញុំបកស្រាយប្រាប់ពលរដ្ឋថាម៉េច»។

ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​២ខែសីហាឆ្នាំ២០១៧ រាជ​រដ្ឋា​ភិ​បាល​​កម្ពុជា ​បានស្នើ​ប្រទេស​ឡាវ​ឲ្យ​ដក​ទ័ព​ចេញ​ពី​តំបន់​​អូរ​​ឡៃ និង​តំបន់​តាង៉ាវ ព្រំដែន​ខេត្ត​ស្ទឹង​ត្រែង និង​ខេត្ត​អាតា​ពើ​ ប្រទេស​ឡាវ ជា​បន្ទាន់​ ដោយ​ថា ​តាម​​រយៈការ​ចុះ​ត្រួត​ពិនិត្យ​ទី​តាំង​ជាក់​ស្តែង ដោយ​ប្រធាន​គណកម្មការ​ចម្រុះ​ព្រំដែន​ប្រទេស​ទាំង​ពីរ​ឃើញ​​ថា ​ការ​បោះទី​តាំង​របស់​ទាហាន​ឡាវ​លើ​ទី​តាំង​ នៅ​អូតាង៉ាវ ស្រុងសៀង​ប៉ាង​ ខេត្តស្ទឹង​ត្រែង ​បាន​បង្ហាញ​​ថា​ទាហាន​ឡាវ បាន​រំលោភលើ​អធិបតេយ្យ​ភាព និ​ង​បូរណភាព​ទឹក​ដី​កម្ពុជាពិត​មែន។

វីអូឌី នៅមិនទាន់អាចទាក់ទងស្ថានទូតឡាវប្រចាំកម្ពុជា ដើម្បីឆ្លើយតបនឹងបញ្ហានេះ បាននៅឡើយទេ។

អ្នកវិភាគនយោបាយលោក ឆាំ ប៊ុនថេត លើកឡើងថា បញ្ហាព្រំដែនជារឿងរសើបមួយ ដែលអ្នកនយោ​យបា​យតែងចោទគ្នាទៅវិញទៅមក ដើម្បីទាញយកប្រជាប្រិយភាព មិនថាបក្សប្រឆាំង មិនថាបក្សកាន់អំ​ណាចនោះទេ។ លោកដាក់ការសង្ស័យថា ការប្រកាសវិធានក្តៅជាមួយនឹងឡាវ ពីបញ្ហាព្រំដែននេះ លោក​វិភា​គ​ថា អាចជាការកេងចំណេ​ញ ដូចការផ្ទុះអា​វុធជាមួយថៃ​ មុខ​ការ​បោះឆ្នោតអាណត្តិទី៤ ក្នុងឆ្នាំ២០០៨។

លោកថា៖ «ហើយខ្ញុំជឿថាបញ្ហាឲ្យឡាវដកទ័ពដកអីហ្នឹងខ្ញុំជឿថា ជារឿងនយោបាយហ្នឹងឯ​ង។ ខ្ញុំគិតថាវាអា​ច​បង្ខិលកា​​រចាប់​អារម្មណ៍របស់ពលរដ្ឋឲ្យទៅលើករវាងខ្មែរហើយនិងឡាវ ដូចកាលពីយើ​ងមានបញ្ហា​​ជា​សៀ​​ម​នៅព្រះវិហារអីអញ្ចឹង»។

កន្លងទៅក្រសួងការបរទេសកម្ពុជា ធ្លាប់ផ្ញើកំណត់ទូតជាច្រើនទៅប្រទេសវៀតណាម ទាក់ទិននឹងការដែ​ល​កម្ពុ​​ជា​​ចោ​ទរដ្ឋាភិបាលវៀតណាមថា បានធ្វើផ្លូវ សង់ប៉ុស្តិ៍យោធា តាមព្រំដែនត្រង់តំបន់ហាមឃាត់ ប៉ុន្តែវៀត​ណា​​​​ម​នៅ​តែបន្តធ្វើ ដែលរដ្ឋាភិបាលកម្ពុជា នៅមិនទា​ន់ប្រកាសពីវាធានការក្តៅ ដូចករណីជាមួ​យថ្ងៃនិង​ឡាវ​នេះទេ។

ប៉ុន្តែលោ​ក ឆាំ ប៊ុនថេត វិភាគថា បញ្ហានេះ ពលរដ្ឋទាំងអស់ គួរបន្តតាមដាន ដើម្បីចង់ដឹងថា តើបញ្ហាព្រំដែ​ននៅ​​តែអ្នកនយោបាយ យកមកធ្វើជាផលចំណេញផ្នែកនយោបាយទៀត ឬក៏យ៉ាងណា៕

រាយការណ៍បន្ថែម ដោយ លោក ហ៊ុន សិវីវឌ្ឍន៍

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ