សង្គ្រោះជាតិ​មិន​ទទួល​ខុស​ត្រូវ​ចំពោះការ​ផ្សព្វផ្សាយណា​ដែល​មិន​មែន​ជា​ការ​សម្រេច​ដោយ​បក្ស

គណបក្ស​សង្គ្រោះជាតិ បាន​ប្រកាស​ថា ខ្លួននឹង​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ផ្សព្វផ្សាយ​ ឬសកម្មភាពណា​ដែល​មិន​មែន​ជា​ការ​សម្រេច​ផ្លូវ​ការ​របស់​គណបក្សឡើយ។

​សេចក្តី​ប្រកាស ចុះ​ថ្ងៃទី១០ សីហា ​គណបក្ស​សង្គ្រោះជាតិ បាន​សង្កត់​ធ្ងន់​ថា គណបក្សនឹង​មិន​ទទួល​ស្គាល់ឡើយ​ ចំពោះសកម្មភាពនៃការ​ផ្សព្វ​ផ្សាយ សារជាសំឡេង រូបភាព ឯកសារ ឬ សកម្មភាពណា​មួយ​​របស់​ទណ្ឌិតជាប់​ទោស​ពី​បទ​ឧក្រិដ្ឋ ឬ បទមជ្ឈឹម នានា ដែលពាក់​ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះជាតិ តែ​មិនមែន​ជាការ​សម្រេច​ផ្លូវ​ការ​របស់​គណបក្ស។​

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះជាតិ បាន​ប្រាប់​វីអូឌី​​ថា ​​​​​​​​​​​​​​​​​​​​​គណបក្ស​បង្កើត​សេចក្តី​ប្រកាស​បែប​នេះ​ឡើង​ក្នុង​គោល​បំណង​ការពារ​ទុក​ជា​មុន ដើម្បី​ធ្វើ​​ឲ្យ​បាន​ច្បាស់​លាស់ ជៀស​វាង​ការក្លែង​បន្លំណា​មួយ​ដែល​អាច​កើត​ឡើង​ដោយ​សារ​ជម្លោះ​នយោបាយ។

លោកថា៖ «គឺ​យើង​ត្រូវ​ការពារ​ទុកជា​មុន ព្រោះថា​មាន​អ្នក​នយោបាយខ្លះ​មាន​ចេតនា​មិន​ល្អ​ចំពោះ​គណបក្ស​សង្គ្រោះជាតិ ​ដូច្នេះ​យើង​ត្រូវ​បញ្ជាក់​ឲ្យ​បាន​ច្បាស់ ដើម្បី​ឲ្យ​សាធារណជន​បាន​ដឹង»។

សេច​ក្តី​ប្រកាស​នេះ​ធ្វើ​ឡើង​ក្រោយ​ពេលដែល ច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវ​បាន​ប្រមុខរដ្ឋស្តីទី លោក សាយ ឈុំ ចុះហត្ថលេខាដាក់ឲ្យប្រើប្រាស់។​

ច្បាប់​នយោបាយ​ ដែលលោក ហ៊ុន សែន ស្នើឲ្យកែប្រែជាលើកទី២នេះ គឺហាមមិនឲ្យគណបក្សនយោបាយ​មាន​ទំនាក់​ទំនង ជាមួយទណ្ឌិត មាន​ការប្រើប្រាស់សំឡេង រូបភាព ឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាពរបស់ទណ្ឌិតនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ