លោក ខៀវ សុភ័គ៖ ក្រៅពី សួន សេរីរដ្ឋា អ្នកផ្សេងក៏នឹងត្រូវចាប់ខ្លួនដែរបើបន្តប្រមាថទ័ព

លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ (រូបភាពពី​ ក្រសួងមហាផ្ទៃ)

អ្នកនាំពាក្យក្រសួងមហាផ្ទៃថ្លែងថា អ្នកផ្សេងៗទៀតក៏អាចនឹងត្រូវចាប់ខ្លួន​បន្តបន្ទាប់ទៀតដែរ បន្ទាប់ពីប្រធានគណបក្សអំណាចខ្មែរ ដោយលោកថា ប្រសិនជា អ្នកទាំងនោះ នៅតែបន្តប្រមាថកងទ័ពជាតិពាក់ព័ន្ធការដោះស្រាយជម្លោះជាមួយប្រទេសជិតខាងនៅពេលថ្មីៗនេះ​។​

ប្រធានគណបក្សអំណាចខ្មែរលោក សួន សេរីរដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃអាទិត្យនេះ ក្រោយពេលលោករិះគន់ថា បើសង្គ្រាមរវាងកម្ពុជា និងឡាវផ្ទុះឡើង នោះទាហានជាកូនពលរដ្ឋនឹងស្លាប់ដូចជម្លោះព្រំដែនជាមួយថៃ ចំណែកអ្នកបានផលមេទ័ពឬ ដាក់ថ្នាក់ដឹកនាំ​។​​

អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ចាត់ទុកការថ្លែងរបស់លោក សួន សេរីរដ្ឋាថា ជាការប្រមាថដល់កងទ័ពជាតិ ខណៈលោកថា កងព័ទជាអ្នក​លះបង់ជីវិតដើម្បីសេចក្តីសុខពលរដ្ឋ។​ លោកបន្តថា ក្រៅពីលោក សួន សេរីរដ្ឋា អ្នកផ្សេងៗទៀតក៏មានការប្រមាថដល់កងទ័ពដែរ ហើយលោក អំពាវនាវឲ្យមានការបញ្ឈប់បន្ទាប់ បើមិនដូច្នោះទេ នឹងមានការចាប់ខ្លួន​បន្តទៀត។​

លោកថ្លែង៖ «អ្នកផ្សេងទៀតបើនៅតែចឹង ទោះគុកយឺតយ៉ាងណាក៏ដោយក៏ចាប់ញាត់គុកទាំងអស់ដែរ កុំ​ឲ្យ​វា​រញ៉េរញ៉ៃ​ផ្តេសផ្តាសពេក»

លោក ខៀវ សុភ័គ ក៏បានអំពាវនាវឲ្យសាធារណជនយល់ថា ការប្រឹងប្រែងរបស់កងព័ទគឺដើម្បីជាតិមិនមែនដើម្បី​គណបក្សណាមួយទេ។ លោក បញ្ជក់ទៀតថា ជម្លោះជាមួយឡាវនោះ ជាជម្លោះពិត មិនមែនធ្វើឡើងដើម្បីសន្លឹកឆ្នោតទេ។

លោកថ្លែងថា៖ «ព្រឹត្តិការណ៍កើតឡើងកន្លងមកនេះ ជាព្រឹត្តិការណ៍ពិតជាក់ស្តែងហើយ មិនមែនដូចគេថា ច្នៃបង្កើតឡើង ដើម្បីសន្លឹក ឆ្នោត​សន្លឹកស្អីនោះមិនមែនគេចង់បានអាហ្នឹងទេ។​ សន្លឹកឆ្នោត ជារឿងផ្សេងទៀត ឲ្យដឹងថា កងទ័ពយើងជាកូនចៅរបស់យើង»។​

កាលពីយប់ថ្ងៃសុក្រ លោកនាយករដ្ឋមន្ត្រី បានបញ្ជាឲ្យបញ្ជូនកម្លាំងទ័ពចេញពីក្រុងតាខ្មៅឆ្ពោះទៅកាន់ព្រំដែនជាមួយឡាវ ក្រោយពីលោកព្រមាន វាយបណ្តេញទ័ពឡាវចេញពីទឹកដី​នៅព្រំដែន។ សកម្មភា​​ពបញ្ជូនទ័ពទៅ​ព្រំដែននេះ ត្រូវបានមហាជនមួយចំនួន​គាំទ្រ និងបានសរសើរថា ជាភាពក្លាហាន ការពារបូរណភាពទឹកដី ប៉ុន្តែក៏មានអ្នកខ្លះទៀតថា ជាឆាកល្ខោនរបស់រដ្ឋាភិបាល ដើម្បីយកប្រជាប្រិយភាព​សម្រាប់ការបោះ ឆ្នោតឆ្នាំក្រោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ