អ្នកអត្ថាធិប្បាយទូរទស្សន៍មួយថាមិនខ្លាចនឹងសុំទោសជាសាធារណៈ

អ្នក​អត្ថាធិប្បាយ​ព័ត៌មានរបស់​ស្ថានីយ​ទូរទស្សន៍​ហង្សមាស​ គឺ​លោក មាស រិទ្ធី និងអ្នកស្រី រស់ សុធាវី (បណ្តាញសង្គម)

ក្រុមអ្នកអត្ថាធិប្បាយទូរទស្សន៍ក្នុងស្រុកមួយឲ្យដឹងថា ពួកគេនឹងធ្វើការសុំទោសជាសាធារណៈ ប្រសិនបើមហាជនមិនពេញចិត្តនឹងពាក្យសម្តីរបស់ពួគេ ដែលចោទថា បាន​​ប្រមាថ​មាក់ងាយ និង​បានព្យាយាម​ស្ដី​បន្ទោស​ដល់​ស្ត្រី​រងគ្រោះម្នាក់ ដែលត្រូវបាន​រំលោភ​សម្លាប់​ ដោយ​អ្នក​រត់​តាក់ស៊ី​នៅ​ខេត្ត​ស្វាយរៀង។

នៅក្នុងកម្មវិធីព័ត៌មានមួយ នៅព្រឹកថ្ងៃទី១៤ខែសីហានេះ អ្នកអត្ថាធិប្បាយទូរទស្សន៍ហង្សមាស លោក មាស រិទ្ធី មានប្រសាសន៍ថា លោកមិនខ្លាចអ្វីនឹងធ្វើការសុំទោសឡើយ ដោយហេតុថា លោកជាមនុស្សរបស់មហាជន។ លោកមានប្រសាសន៍បែបនេះ ខណៈពេលដែលពលរដ្ឋមក​ពី​ស្ថាប័ន​ផ្សេងៗពីគ្នា ​បាន​រួមគ្នាធ្វើយុទ្ធនាការមួយទាមទារឲ្យលោកនិងពិធីការនីមួយរូបទៀត ធ្វើការសុំទោសជាសាធារណៈ ដោយពលរដ្ឋចោទថា អ្នកអត្ថាធិប្បាយទាំងពីរ បានប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ ដែលនាំឲ្យប៉ះពាល់ដល់ស្រ្តី កាលពីថ្ងៃទី១០ខែសីហាកន្លងទៅ។

ពលរដ្ឋដែលរួមគ្នាធ្វើយុទ្ធនាការខាងលើ បានបង្កើត​ញត្តិ​មួយនៅ​លើ​​គេហទំព័រ​ដែលមានឈ្មោះថា www.change.org ឬមានន័យថា ផ្លាស់ប្តូរ ដើម្បីស្វែង​រក​សំឡេង​​គាំទ្រពីមហាជន ក្នុងគោលបំណងទាមទារ​ឲ្យ​​អ្នក​អត្ថាធិប្បាយ​ព័ត៌មានរបស់​ស្ថានីយ​ទូរទស្សន៍​ហង្សមាស​ គឺ​លោក មាស រិទ្ធី និងអ្នកស្រី រស់ សុធាវី សុំទោសដល់សាធារណៈជន ព្រមទាំងគ្រួសារសពនារីរងគ្រោះ ដោយពួកគេយល់ថា ពិធីករទាំងពីរ បាន​ប្រើ​ពាក្យពេចន៍​ប្រមាថ​មាក់ងាយ និង​ព្យាយាម​ស្ដី​បន្ទោស​ដល់​ស្ត្រី​រងគ្រោះដែល​បានស្លាប់​​​។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក មាស រិទ្ធី មានប្រសាសន៍ថា អ្វីដែលលោក និងដៃគូ បាននិយាយនៅថ្ងៃនោះលាយឡំទៅនឹងការលេងសើចផង ព្រមទាំងបង្កប់ន័យអប់រំផង ហើយលោកថា លោកក៏បាននិយាយពាក្យសុំទោសនៅក្នុងថ្ងៃនោះ រួចម្តងមកហើយ។

លោកបន្តថា លោកអត្ថាធិប្បាយរបៀបលេងសើចខ្លះ តែស្ថិតក្នុងន័យអប់រំ ហើយបើមានក្រុមមនុស្សមួយចំនួនមានការមិនពេញចិត្ត លោកថា នឹងធ្វើការសុំទោសទៅតាមអ្វីដែលមហាជនត្រូវការ។

លោកមានប្រសាសន៍ថា៖ «គេថា គេមិនសប្បាយចិត្តជាមួយនឹងយើង អាហ្នឹងបើគេសុំឲ្យសុំទោស យើងក៏មិនខ្លាចនឹងការសុំទោសដែរ ដោយសារតែយើងជាអ្នកសាធារណៈ…ខ្ញុំនិយាយទៅហើយ វាមានល្អ វាមានអាក្រក់ តាមការផ្សាយផ្ទាល់ គេអាចរិះគន់យើង តែខ្ញុំអរគុណទៅវិញទេ ដែលមានការរិះគន់ចឹង ព្រោះខ្ញុំនិយាយជាសាធារណៈ ចឹងខ្ញុំត្រូវសុំទោសជាសាធារណៈ»។

ចំពោះនាយកប្រតិបត្តិអង្គការយេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជា លោកស្រី រស់ សុភាព មានប្រសាសន៍ថា ការអត្ថាធិប្បាយរបស់លោក មាស រិទ្ធី ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិរបស់ស្រ្តីគ្រប់រូប ដោយលោកស្រីស្នើក្រសួងព័ត៌មាន គួរតែមានចំណាត់ការមួយឲ្យបានជាក់លាក់លាក់ទៅលើបញ្ហានេះ ដើម្បីគាំទ្រដល់ការអនុវត្តច្បាប់ស្តីពីអំពើហិង្សាលើស្រ្តី។

លោកស្រីបន្តថា៖ «ខ្ញុំចង់ឲ្យគាត់​សុំទោស ហើយទីពីរ ត្រូវតែមានវិធានការតាមច្បាប់ដែរ ព្រោះខ្ញុំថាការសុំទោស វាមិនទាន់គ្រប់គ្រាន់ទេ ហើយក្រសួងព័ត៌មាន ត្រូវមានវិធានការផ្សេងទៀត ជាពិសេសចំពោះការអនុវត្តទៅលើកិច្ចព្រមព្រៀងស្តីពីក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្ត្រី»។

ដោយឡែក អ្នកនាំពាក្យក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង មានប្រសាសន៍ថា អ្នកសារព័ត៌មានទាំងអស់ មិនមែនតែលោក មាស រិទ្ធី ទេ ត្រូវមានការប្រុងប្រយ័ត្ន នូវរាល់ការរាយការណ៍ព័ត៌មានដែលពាក់ព័ន្ធទៅនឹងអំពើហិង្សាលើស្រ្តី។ ហើយចំពោះ ករណីលោក មាស រិទ្ធី លោកថា លោកគ្រាន់តែជាមន្ត្រីដែលមានតួនាទីណែនាំដល់អ្នកសារព័ត៌មាន ឲ្យគោរពតាមក្រមសីលធម៌ ប្រសិនបើលោក មាស រិទ្ធី ធ្វើអ្វីខុស នោះជាតួនាទីរបស់មន្ត្រីនគរបាល ឬ តុលាការទៅវិញ។

លោកថា៖ «យើងត្រូវមានប្រុងប្រយ័ត្នបំផុត យើងមិនត្រូវយករឿងទុក្ខសោករបស់គេ មកធ្វើជារឿងលេងសើច វាជាប្រការមួយត្រូវតែចៀសវាង ចំពោះអ្នកដែលបាននិយាយចឹង ត្រូវតែកែប្រែជាបន្ទាន់។ [ខ្ញុំ] ពុំមែនជានគរបាលយុត្តិធម៌ទេ គ្រាន់តែជាមន្ត្រីក្នុងស្ថាប័នរដ្ឋាភិបាល ដែលជួយតម្រង់ទិសដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវគោរពក្រមសីលធម៌ ហើយបើគាត់ធ្វើអីខុសចំពោះច្បាប់ នោះមាននរគរបាលយុត្តិធម៌ មានតុលាការ គេអ្នកចាត់ការ ហើយបើអ្នករងគ្រោះដោយការអត្ថាធិប្បាយនោះមានសិទ្ធិធ្វើការតវ៉ា ទៅតាមស្ថានការជាក់ស្តែង»។

នៅ​ថ្ងៃ​ទី​១៤ខែ​សីហានេះ អ្នក​ចូលរួម​យុទ្ធនាការ​ខាងលើ នឹង​ធ្វើ​លិខិត​ចំហ​មួយ​ទៅ​អគ្គនាយក និង​គណៈ​គ្រប់គ្រង​ទូរទស្សន៍​ហង្សមាស ដើម្បី​ឲ្យ​អ្នកទាំង​ពីរ​សុំទោស​ជា​សាធារណៈ និង​ស្នើ​ឲ្យ​អប់រំ​ដល់​អ្នក​រាយការណ៍​ព័ត៌មាន​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​ហង្សមាស អោយ​ប្រកាន់​ខ្ជាប់​នូវ​ក្រមសីលធម៌ ដូច​មាន​ចែង​ក្នុង​សេចក្ដី​ប្រកាស​រួម​ស្ដីពី​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​អ្នក​ព័ត៌មាន​អំពើ​ហិង្សា​លើ​ស្ត្រី របស់​ក្រសួង​ព័ត៌មាន និង​ក្រសួង​កិច្ចការ​នារី នៅ​ពេល​ថ្មីៗ​នេះ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃទី២០ខែកក្កដា​កន្លងទៅ ក្រសួង​ចំនូន២ គឺ ក្រសួង​ព័ត៌មាន​និងក្រសួង​កិច្ច​ការនារី បានចុះហត្ថលេខារួមគ្នា​ស្តីពី «ប្រកាសរួមស្ដីពីក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្ដី្រ» ដែលមាន​គោលបំណងទប់ស្កាត់ការ​ផ្សព្វផ្សាយព័ត៌មានលំអិត​ទាក់​ទង​អំពើ​ហិង្សា​លើស្ត្រី ការយកករណីអំពើហិង្សាលើស្ដ្រី ទៅធ្វើជាការកម្សាន្ដ លុបបំបាត់អំពើហិង្សាលើស្ដ្រី និងអនុវត្តផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ដ្រី ឆ្នាំ២០១៤ដល់ឆ្នាំ២០១៨៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ