កម្ពុជា-រុស្ស៊ីនឹងចុះកិច្ចព្រមព្រៀងលើការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ

រូបភាពពី​ហ្វេសប៊ុក លោក ប្រាក់ សុខុន

រដ្ឋាភិបាល​កម្ពុជា​ និង​រុស្ស៊ី​គ្រោង​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ស្ដី​ពី​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​នៃការ​ប្រើ​ប្រាស់​ថាមពលនុយក្លេអ៊ែរ​នៅ​សប្ដាហ៍​ក្រោយ​ ក្នុង​គោល​បំណង​សន្តិភាព​ រវាង​រដ្ឋាភិបាល​ទាំង​ពីរ។

នេះ​បើ​តាម​ការ​លើក​ឡើង​ក្នុង​សេចក្ដី​ប្រកាស​ពត៌មាន​មួយ​ចេញ​ដោយ​ក្រសួង​ការ​បរទេស​ចុះ​ថ្ងៃទី​ ១៨​ ខែ​ សីហា​នេះ ​ស្ដី​ពី​ការ​បំពេញ​ទស្សនៈ​កិច្ច​របស់​រដ្ឋមន្រ្តីក្រសួងការបរទេស​លោក​ប្រាក់​សុខុន​ ទៅ​កាន់​សហព័ន្ធរុស្ស៊ី​ ចំនួន​ ២ថ្ងៃ ​ចាប់​ពី​ថ្ងៃទី​២៣​ ដល់​ ២៤​ខែ​សីហា​។

ក្នុង​សេចក្ដី​ប្រកាស​ពត៌មាន​បន្ត​ថា​ក្នុង​ការ​បំពេញ​ទស្សនៈកិច្ច​នេះ​លោក​ប្រាក់សុខុន​ និង​ លោក​ នីកូឡៃ នីគីហ្វូរ៉ូវ ​(Nikolay Nikiforov)​ រដ្ឋមន្រ្តីក្រសួងទូរគមនាគមន៍​ និង​ ព័ត៌មាន​នៃ​សហព័ន្ធ​រុស្ស៊ី​ធ្វើ​ជា​ប្រធានកិច្ច​ប្រជុំ​លើក​ទី ១០ ​របស់​គណកម្មការ​អន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ​ស្ដី​ពី​កិច្ច​សហប្រតិបត្តិការ​ពារណិជ្ជកម្ម​ សេដ្ឋកិច្ច​ វិទ្យាសាស្រ្ត ​និង ​បច្ចេកទេស​។

ក្នុង​សេចក្ដី​ប្រកាស​បន្ត​ថា​ក្រៅ​ពី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ស្ដី​ពី​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​នៃការ​ប្រើប្រាស់​ថាមពលនុយក្លេអ៊ែរ​ នឹង​មាន​សមិទ្ធផល​ផ្សេងៗ​ទៀត​ដូចជា​ការ​ចុះអនុស្សារណៈ​យោគ​យល់​គ្នា​ស្ដីពី​ការ​ការពារ​បរិស្ថាន ​គ្រប់​គ្រង​ធនធានធម្មជាតិ​ និង​ អភិរក្សជីវចម្រុះ​ កម្មវិធីសកម្មភាព​រួម​គ្នា​រវាង​ទីភ្នាក់ងារទេសចរណ៍​សហព័ន្ធ រុស្ស៊ី​ និង​ក្រសួង​ទេសចរណ៍​កម្ពុជា​សម្រាប់​ឆ្នាំ​ ២០១៨ ដល់ ២០២០។

ក្នុង​ដំណើរ​ទស្សនៈកិច្ច​នេះ​ លោក​ប្រាក់​ សុខុន​ ក៏​នឹង​ជួប​ពិភាក្សា​ ទ្វេរ​ភាគី​ជា​មួយ​រដ្ឋមន្រ្តី​ក្រសួងការបរទេស​ សហព័ន្ធរុស្ស៊ី​ គឺលោក​ ស៊ែរហ្គៃ ឡាវរ៉ូវ​ (Sergey Lavrov)​ ស្ដីពីបញ្ហាតំបន់​ និង​សកលលោក​ដែល​ជា​ការ​ព្រួយ​បារម្ភរួម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ