អាជ្ញាធរព្រមាន​ចាត់វិធានការលើអ្នកលក់រថយន្តនៅក្បែរទីលានប្រជាធិបតេយ្យ​

រថយន្តសម្រាប់លក់នៅក្បែរទីលានប្រជាធិបតេយ្យ​ (FB: រដ្ឋបាល-ខណ្ឌដូនពេញ)

អាជ្ញាធរខណ្ឌដូនពេញ ក្នុងរាជធានីភ្នំពេញ ព្រមានចាត់វិធានការផ្លូវច្បាប់ លើអ្នកចតរថយន្តសម្រាប់លក់ ឬ ទទួលផ្ញើ នៅជុំវិញទីលានប្រជាធិបតេយ្យចាស់នៅក្បែរវត្តភ្នំ ករណីមិនព្រមបញ្ឈប់តាមការកំណត់រយៈពេល១សប្តាហ៍គិតចាប់ពីថ្ងៃទី១៩ខែសីហា។​

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានផ្សព្វផ្សាយតាមឧបករណ៍បំពងសំឡេងនៅកន្លែង​ចតរថយន្តលក់នៅលើផ្លូវនោះថា បើរយៈពេល​៧ថ្ងៃក្រោយមិនបញ្ឈប់ការលក់នៅទីនោះទេ កម្លាំងខណ្ឌនឹងស្ទូចរថយន្តទាំងនោះយកទៅរក្សាទុកដោយមិនទទួលខុសត្រូវចំពោះការខូចខាតនោះទេ។ ការប្រកាសនេះ​ បញ្ជាក់ហេតុផលថា ការលក់ដូរនៅលើផ្លូវនេះ បានបង្កការកកស្ទះចរាចរណ៍ ខូចសណ្តាប់ធ្នាប់ក្នុងក្រុង។

សំឡេងប្រកាស ​«លោក លោកស្រី ជាម្ចាស់រថយន្តដែលដាក់តាំងលក់ នៅលើផ្លូវ​១០៦និង១០៨ មេត្តាជ្រាបថា ចាប់ពីពេលនេះតទៅ មិនអនុញ្ញាតឲ្យមានការចតតាំងលក់រថយន្តនៅលើទ្រូងផ្លូវនេះតទៅទៀតទេ។​ រដ្ឋបាលខណ្ឌដូនពេញទុកពេលឲ្យបងប្អូន១សប្តាហ៍ចាប់ពីពេលជូនដំណឹងនេះតទៅ!»

ទន្ទឹមនឹងការប្រកាសទុករយៈពេល​១សប្តាហ៍ដល់កន្លែងលក់រថយន្តនេះ កន្លែងលក់ភេសជ្ជៈ និងផ្លែឈើមួយចំនួន​ត្រូវបាន​សន្តិសុខ រុះរើនិងលើកឥវ៉ាន់​ដាក់លើរថយន្តសណ្តាប់ធ្នាប់នៅថ្ងៃទី១៩នោះតែម្តង។​

តាមសេចក្តីប្រកាសរបស់អាជ្ញាធរ ខណ្ឌនឹងចាប់ផ្តើមរៀបចំសណ្តាប់ធ្នាប់ចាប់ពីទីលានប្រជាធិបតេយ្យចាស់រហូតដល់តំបន់ជុំវិញផ្សាររាត្រី។​

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក វន់ ពៅ អំពាវនាវឲ្យអាជ្ញាធរទុកពេល​ដូចគ្នា រវាងអ្នកលក់ដូរធំៗ និង អ្នកលក់តូចតាចក្នុងការរកទីតាំងផ្សេងសម្រាប់លក់ ជៀសវាងផ្តល់ឱកាសឲ្យអ្នកមាន តែអ្នកក្របែរជារឹតត្បិតភ្លាម។​ លោក ក៏ស្នើឲ្យអាជ្ញាធររកកន្លែងផ្សេង ឬ កំណត់ទីតាំងដល់អ្នកលក់ដូរទាំងនោះឲ្យបានច្បាស់លាស់  ដើម្បីឲ្យអាជីវករទាំងនោះបន្តមានមុខរបរចិញ្ចឹមជីវិត។​

លោកថ្លែងថា «ខ្ញុំគិតថាគួរតែរៀបចំ ចំពោះអ្នកក្រលក់ដូរតាមផ្លូវតូចតាចហ្នឹង គួរតែគូសគំនូស ឬធ្វើរបងសុវត្ថិភាពទៅ គូសគំនូសថាត្រឹមណាគាត់លក់បាន ត្រឹមណាលក់អត់បាន មិនមែនដេញហើយអត់ទទួលខុសត្រូវចឹងទេ។ គូសគំនូសឲ្យបានច្បាស់លាស់ទៅដើម្បីឲ្យគាត់លក់បាន ហើយមានរបៀបរៀបរយ ដូចស្រុកថៃ គេធ្វើបាន រឿងអីស្រុកយើងធ្វើអត់បាន មុននឹងរៀបចំសណ្តាប់ធ្នាប់ ដើម្បីរៀបចំឲ្យមានសណ្តាប់ធ្នាប់ល្អ ត្រូវតែមើលប្រទេសជិតខាងផង»។

សេចក្តីណែនាំរបស់សាលារាជធានីភ្នំពេញកាលពីថ្ងៃទី៨ខែសីហា បានបញ្ជាឲ្យខណ្ឌទាំង១២ក្នុងរាជធានី ចុះផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋអ្នកប្រើប្រាស់​ផ្លូវ ក្នុងការប្រកបមុខរបរឲ្យបញ្ឈប់ ដោយបញ្ជាក់ហេតុផលថា ដើម្បី​ដោះស្រាយបញ្ហាចរាចរណ៍ លើកកម្ពស់កិត្តិយសជាតិ និងកាត់បន្ថយបានភាពអនាធិបតេយ្យតាមដងផ្លូវ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ