ក្រសួងអប់រំយុវជន និងកីឡា បានអះអាងថា សិស្សចំនួន១៦៤៧នាក់ អវត្តមាន ក្នុងពេលកំពុងដំណើរការប្រឡង នៅក្នុងចំណោមសិស្សសរុបចំនួនប្រមាណ១០ម៉ឺននាក់។
យោងតាមទំព័រហ៊្វេសប៊ុក ក្រសួងអប់រំយុវជននិងកីឡា បានបញ្ចាក់ថា បន្ទាប់ពីការប្រឡងរយៈពេលពីរថ្ងៃ បេក្ខជន ដែលប្រព្រឹត្តកំហុងឆ្គង មានចំនួន១៣ករណី និងដកហូតបានសម្ភារៈមួយចំនួន ហើយបេក្ខជនមានបញ្ហាសុខភាព ចំនួន៧០ករណី និង៩ករណីមិនអាចបន្តការប្រឡង ដោយថា មានអាការៈធ្ងន់ធ្ងរ។
ក្រសួងអប់រំយុវជននិងកីឡាឲ្យដឹងថា ស្ថានភាពអាកាសធាតុអំឡុងដំណើរការនៃការប្រឡងសម័យប្រឡងថ្ងៃទី២១ខែសីហា ឆ្នាំ២០១៧ នៅតាមមណ្ឌលមួយចំនួនថ្វីត្បិតមានភ្លៀងធ្លាក់ ក៏ប៉ុន្តែមិនប៉ះពាល់ដល់ដំណើរការសំណេររបស់បេក្ខជននោះទេ។
បើតាមក្រសួងអប់រំ ការប្រឡងនេះ នឹងត្រូវប្រកាសលទ្ធផលនៅតាមមណ្ឌលនីមួយៗនៅរសៀលថ្ងៃទី១២ខែកញ្ញា សម្រាប់នៅភ្នំពេញ និងខេត្តកណ្តាល ហើយនៅថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៧សម្រាប់ទូទាំងប្រទេស៕
ម៉ាប់ ស៊ុយ [email protected]