សាលាក្រុងបាត់ដំបងឲ្យចៅសង្កាត់បក្សប្រឆាំងផ្អាកដាក់លូថាខុសបច្ចេកទេស

រូបភាពពីហ្វេសប៊ុក ស៊ិន ចាន់ពៅ​រ៉ូហ្ស៊េត

សាលាក្រុងបាត់ដំបងបានរារាំងចៅសង្កាត់អូរចាររបស់បក្សប្រឆាំងដែលទើបជាប់ឆ្នោតកាន់ដំណែងថ្មី ឲ្យបញ្ឈប់​សកម្មភាពដាក់លូររំដោះទឹកចេញពីភូមិ​ជូនពលរដ្ឋ ដោយអះអាងថាការធ្វើខុសបច្ចេកទេស។

សាលាក្រុងបាត់ដំបងបានចេញលិខិតណែនាំមួយទៅកាន់ចៅសង្កាត់អូរចារ កញ្ញា ស៊ិន ចាន់ពៅ​រ៉ូហ្ស៊េត ចុះថ្ងៃទី ២៥ ខែ សីហា ស្ដីពីសកម្មភាពជីកដាក់លូ ស្ថិតនៅក្នុងភូមិអណ្ដូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង និង ឲ្យ​ស្នើ​សុំមន្រ្តីបច្ចេកទេសពិនិត្យ និង សិក្សាជាមុន។​

ក្នុងលិខិតដដែលថារដ្ឋបាលសាលាក្រុងលើកឡើងថាចៅសង្កាត់ក្មេងរូបនោះកំពុងជីកផ្លូវ និងដាក់​លូដែល​មាន​ទំហំតូច ដែលមិនត្រូវតាមបច្ចេក​ទេស ហើយអាចបណ្ដាលឲ្យមានផលលំបាកទៅថ្ងៃខាង​មុខ ដោយប្រឈមការបែកបាក់លូ និងកកស្ទះប្រព័ន្ធបង្ហូរទឹក ព្រោះកម្រាស់ដីខ្នងលូស្ដើង។

លិខិតរដ្ឋបាលសាលាក្រុងបាត់ដំបងដដែលបានបញ្ជាឲ្យ ចៅសង្កាត់អូរចារ ផ្អាក​សកម្មភាពដាក់លូនេះ ហើយត្រូវធ្វើលិខិតរដ្ឋបាលទៅកាន់សាលាក្រុង ដើម្បីស្នើសុំមន្រ្តី​បច្ចេកទេស​ពាក់ព័ន្ធ​​ចុះពិនិត្យ និង សិក្សាជាមុន។ សាលាក្រុងបញ្ជាក់ថា បើ​មិនព្រមអនុវត្តតាមការណែនាំ វាអាចប្រឈមនឹង​ការខាត់បង់ ថវិកាដោយមិនបានគិតគូរជាមុន ព្រោះមានគម្រោងខ្លះជាន់គ្នាជាមួយនិងគម្រោង​អភិវឌ្ឍ​របស់​សាលាក្រុង ។

ទាក់ទងនឹងបញ្ហានេះចៅសង្កាត់ថ្មីមកពីបក្សប្រឆាំង កញ្ញា ស៊ិន ចាន់ពៅ​រ៉ូហ្ស៊េត បានលើកឡើងនៅ ក្នុងវីដេអូខ្លីបមួយ​ដែលត្រូវបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក​ នៅពេលចុះជួបជាមួយពលរដ្ឋថា ការដាក់លូមិនជ្រៅ​ទៅក្នុងដី គឺដោយមានថ្ម​បេតុងខាងក្រោមក្រាស់ពេកមិនអាចបំបែកបាន។ កញ្ញាបន្ត ថាការដាក់លូនេះ គឺ​សង្រ្គោះបឋម ក្នុងការ​រំដោះ​ទឹកចេញពីភូមិរបស់ពលរដ្ឋ ហើយវាជាការចំណាយ ប្រាក់របស់សប្បុរសជន មិនមែនជាថវិការដ្ឋនោះទេ។

ទាក់ទងនឹងករណីចម្រូងចម្រាស់​នៃការជីកផ្លូវដាក់លូនេះ កាលពីថ្ងៃទី ៧ ខែ សីហា ​មេឃុំ​ថ្មី​មកពី​គណបក្ស​សង្គ្រោះជាតិ​នៅ​ឃុំ​ជើងព្រៃ ខេត្តកំពង់ចាម ក៏ត្រូវបានអភិបាលខេត្តកំពង់ចាម ដាក់ឱសានវាទ ៧ថ្ងៃ ឲ្យលុបប្រឡាយដែលពលរដ្ឋស្នើឲ្យជីក ដោយថាការជីក​ប្រឡាយ​កាត់ខូច​ផ្លូវ​ជា​​ជំនួយ​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ (ADB) ​ដែល​មាន​ទឹកប្រាក់​ចំនួន ២​ម៉ឺន​ដុល្លារ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ