កាលពីថ្ងៃទី២៦ សីហា សហព័ន្ធកីឡាយានយន្តកម្ពុជា បានបើកការប្រកួតប្រណាំងម៉ូតូថ្នាក់ជាតិយ៉ាងកក្រើកនៅលើទីលាន King Track Circuit ស្ថិតក្នុងសង្កាត់ឃ្មួញ ក្នុងខណ្ឌសែនសុខ ដោយមានកីឡាកររហូតដល់៦៦រូបចូលរួម។ ព្រឹត្តិការណ៍ត្រូវបានប្រកាសថានឹងបញ្ចប់នៅល្ងាចថ្ងៃទី២៧ សីហានេះ ដោយកីឡាករដែលនឹងកាន់ពានក៏នឹងក្លាយជាតំណាងប្រទេសដើម្បីមានឱកាសចេញទៅប្រកួតនៅក្រៅប្រទេសផងដែរ។
លោក ខៃ វណ្ណៈ អគ្គលេខាធិការសហព័ន្ធកីឡាយានយន្តកម្ពុជា បានអះអាងថាដោយមើលឃើញថាប្រទេសកម្ពុជាកាន់តែមានអ្នកជំនាញប្រណាំងម៉ូតូមិនផ្លូវការច្រើនឡើង ទើបសហព័ន្ធសម្រេចសហការជាមួយទីលានប្រណាំងម៉ូតូធំមួយនៅខណ្ឌសែនសុខហើយរៀបចំការប្រកួតជាលក្ខណៈថ្នាក់ជាតិនេះឡើយ។
អ្នកជំនាញប្រណាំងម៉ូតូសរុបរហូតដល់៦៦រូប ត្រូវបានសហព័ន្ធជ្រើសអោយចូលរួមប្រកួត ដោយកីឡាករដែលចូលរួមប្រកួតទាំងអស់ត្រូវបានបែងចែកជា៤ប្រភេទផ្សេងគ្នា អាស្រ័យទៅតាមកម្លាំងម៉ូតូដែលអនុញ្ញាតិអោយចូលប្រកួត។ កម្លាំងម៉ូតូដែលបានកំណត់សម្រាប់ការប្រណាំងម៉ូតូក្នុងព្រឹត្តិការណ៍នេះ រួមមានកម្លាំងម៉ូតូ១១០cc, ១២៥cc, ១៥០cc និងកម្លាំងធំជាង១៥០cc ។ ការប្រកួតនេះលោកថាជាលើកដំបូងសម្រាប់ការជ្រើសជើងឯកថ្នាក់ជាតិក្នុងប្រភេទកីឡាប្រណាំងម៉ូតូ ដោយកីឡាករដែលបានចូលរួមសុទ្ធតែបានឆ្លងកាត់ការធ្វើតេស្ដិ៍យ៉ាងម៉ត់ចត់មុននឹងអនុញ្ញាតិអោយចូលប្រកួតដណ្ដើមពាន និងមេដាយក្នុងព្រឹត្តិការណ៍នេះ។
ការប្រកួតនេះមានរយៈពេល២ថ្ងៃពេញ គឺថ្ងៃទី២៦ និង២៧សីហា ដោយកីឡាករដែលឈ្នះការប្រកួតក្នុងថ្ងៃទី១ និងបន្តប្រកួតប្រជែងក្នុងថ្ងៃទី២នេះបន្តទៀត ដើម្បីស្វែងរកជើងឯកប្រចាំប្រទេស។
ការប្រកួតដែលបានធ្វើឡើងត្រូវគេឃើញមានការប្រឹងប្រែងពីសំណាក់កីឡាករដែលបានចូលប្រកួតយ៉ាងខ្លាំង បើទោះជាមានកីឡាករខ្លះភ្លាត់ដួលនៅលើទីលានហើយមានរបួសតិចតួច។ យ៉ាងណាមិញ កីឡាករម្នាក់ៗមិនមានរបួសជាដុំកំភួននោះទេ ដោយសារតែគ្រប់រូបកីឡាករទាំងអស់សុទ្ធតែបានស្លៀកពាក់ដោយខោអាវសម្រាប់អ្នកប្រណាំងម៉ូតូ ដែលអាចការពារការដាច់រលាត់ ឬការបោកទង្គិចបាន។ លោកថានេះជាការប្រកួតថ្នាក់ជាតិលើកដំបូង ដោយការប្រកួតនេះគិតរាប់កីឡាករដែលបានចាប់អារម្មណ៍ចូលប្រកួតគឺមានរហូតដល់ខ្ទង់រយឯណោះ ទម្រាំជម្រុះយកបានតែ៦៦រូបអោយឡើងប្រកួតប្រជែង។
កន្លងមកលោកថាប្រទេសកម្ពុជាធ្លាប់តែមានតែការប្រកួតប្រណាំងម៉ូតូនៅលើទីលានមិនមានស្ដង់ដារ និងមិនមានការទទួលស្គាល់ពីសំណាក់សហព័ន្ធតែប៉ុណ្ណោះ ទើបលោកចាត់ទុកថានេះជាការប្រកួតទ្រង់ទ្រាយធំលើកដំបូង ដែលកម្ពុជាមានលទ្ធភាពរៀបចំការប្រកួតថ្នាក់ជាតិសម្រាប់ព្រឹត្តិការណ៍ប្រកួតប្រណាំងម៉ូតូ ដែលការប្រកួតមួយនេះក្រោយការបញ្ចប់បានមួយថ្ងៃកាលពីថ្ងៃម្សិលមិញ គឺទទួលបានលទ្ធផលក្នុងការរកឃើញកីឡាករដែលបានឈានឡើងទៅវគ្គបន្តប្រកបដោយសមត្ថភាពគួរអោយកោតសរសើរ។
ព្រឹត្តិការណ៍មួយនេះ នឹងជម្រើសយកកីឡាករអោយជាប់ចំណាត់ថ្នាក់សម្រាប់ប្រភេទកម្លាំងម៉ូតូដែលបានកំណត់ក្នុងមួយកម្រិត៣នាក់ ដែលលោកបញ្ជាក់ថាក្រោយចប់ការប្រកួតកម្ពុជានឹងមានកីឡាករជម្រើសជាតិចំនួន១២នាក់ សម្រាប់ប្រភេទកម្លាំងម៉ូតូទាំង៤ប្រភេទ។ ក្នុងនោះកីឡាករដែលនឹងឈ្នះជើងឯក ក៏ត្រូវបង្វឹកអោយកាន់តែល្អ ដើម្បីត្រៀមបញ្ជូនអោយចេញប្រកួតក្រៅស្រុកផងដែរ បន្ទាប់ពីកម្ពុជាទើបនឹងត្រូវបានទទួលស្គាល់ជាសមាជិករបស់កីឡាយានយន្តអន្តរជាតិ និងទើបត្រូវបានទទួលស្គាល់ជាសមាជិកកីឡាប្រណាំងម៉ូតូអន្តរជាតិកាលពីពេលថ្មីៗ។ លោករំពឹងយ៉ាងខ្លាំងថាកម្ពុជានឹងមានការឈានឡើងក្នុងវិស័យប្រណាំងម៉ូតូ បើទោះជាកម្ពុជាទើបតែមានលទ្ធភាពជ្រើសរើសជើងឯកថ្នាក់ជាតិលើកដំបូងនៅក្នុងពេលនេះ។
មកទល់សព្វថ្ងៃលោកថាប្រទេសកម្ពុជាមានអ្នកជំនាញខាងប្រណាំងម៉ូតូប្រហែលជា៣០០នាក់ ហើយដោយមើលឃើញពីការរីកចំរើនមិនផ្លូវការនេះហើយ ទើបសហព័ន្ធយានយន្តកម្ពុជាត្រូវបានបង្កើតឡើង និងសម្រេចបង្កើតការប្រកួតថ្នាក់ជាតិមួយនេះ ដើម្បីស្វែងរកអ្នកខ្លាំងពិតប្រាកដតំណាងសហព័ន្ធ ឬតំណាងប្រទេស។
លោកគង់ ធារ៉ា ជាអ្នករៀបចំព្រឹត្តិការណ៍នៅលើទីលាន King Track បានអះអាងថា ទីលានដែលបានប្រើប្រាស់ក្នុងប្រកួតថ្នាក់ជាតិលើអាជីពប្រណាំងម៉ូតូលើកនេះ ត្រូវបានវិនិយោគអស់ទឹកប្រាក់ប្រមាណជាជិត៤លានដុល្លារសហរដ្ឋអាមេរិក ទើបកន្លែងដែលត្រូវបានជ្រើសយកមកប្រើជាកន្លែងប្រណាំងម៉ូតូនេះ មានស្ដង់ដារមិនខុសពីការប្រកួតនៅក្រៅប្រទេស។ ធៀបនឹងទីលានប្រណាំងម៉ូតូនៅក្នុងប្រទេសថៃលោកថាចាញ់កម្រិតរបស់គេ ប៉ុន្តែបើធៀបនឹងទីលានប្រណាំងម៉ូតូក្នុងប្រទេសម៉ាឡេស៊ីគឺមិនខុសគ្នាទេ ទាំងទំហំ និងស្ដង់ដារ ដោយសារតែទីលាននេះត្រូវបានសាងសង់តាមខ្នាត និងស្ដង់ដារទាំងស្រុងរបស់ប្រទេសម៉ាឡេស៊ី។ ក្រោយបញ្ចប់ការរប្រកួតទីលានគ្រោងពង្រីកអោយដល់៦ហិកតា និងបន្តពង្រីកអោយដល់៤០ហិកតា ដើម្បីអោយទីលានប្រណាំងម៉ូតូនៅក្នុងប្រទេសកម្ពុជាកាន់តែមានលក្ខណៈជាអន្តរជាតិ។
លោកអះអាងថាចំណាត់ថ្នាក់លេខ១ក្នុងប្រភេទនីមួយៗ ទទួលបានទឹកប្រាក់១ពាន់ដុល្លារ អមដោយពានមួយ និង មេដាយមាសមួយ ខណៈដែលលេខ២ និងលេខ៣ ទទួលបានតែមេដាយប្រាក់ ឬសំរិទ្ធិ និងប្រាក់រង្វាន់។ ក្នុងនោះអ្នកឈ្នះពីព្រឹត្តិការណ៍មួយនេះ ក៏ត្រូវបង្វឹកអោយខ្លាំងដើម្បីក្លាយជាធនធានពេញលេញប្រចាំសហព័ន្ធផងដែរ ដើម្បីងាយស្រួលបញ្ជូនពួកគេទៅប្រកួតនៅក្រៅប្រទេសក្នុងពេលខាងមុខ៕