អ្នកវិភាគលើកឡើងថា ការដែលបក្សកាន់អំណាចធ្លាក់ចុះប្រជាប្រិយភាពនៅឆ្នាំ២០១៣និងឆ្នាំ២០១៧នេះ អាចជាមូលហេតុចំបងមួយ ជំរុញឲ្យពួកគេបង្កើតសារគំរាមជាប្រព័ន្ធ ដើម្បីបានបន្តកាន់អំណាចក្រោយបោះឆ្នោតឆ្នាំ២០១៨។
សារនយោបាយបែបគំរាមជាញឹកញាប់ ដែលសាធារណជនធ្លាប់ឭកន្លងទៅ គឺលទ្ធភាពផ្ទុះសង្គ្រាម បើបក្សប្រជាជនកម្ពុជាចាញ់ឆ្នោត គំរាមថានឹងចំណាយមនុស្ស១០០ទៅ២០០នាក់ ដើម្បីការពារសន្តិភាព គំរាមប្រើគល់ឫស្សី បង្ក្រាបអ្នកហ៊ានតវ៉ា គំរាមក្រុមអង្កការសង្គមស៊ីវិលឃ្លាំមើលការបោះឆ្នោតជាដើម។
អ្វីដែលសហគមន៍ជាតិនិងអន្តរជាតិភ្ញាក់ផ្អើលជាងនេះនោះ គឺរដ្ឋាភិបាលបញ្ជាឲ្យបិទវិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI របស់អាមេរិកប្រចាំកម្ពុជា និងវិធានការលើប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ឈានដល់បិទសំឡេងឯករាជ្យ ដូចជាវិទ្យុអាសីសេរី វិទ្យុសំឡេងសហរដ្ឋអាមេរិក VOA វិទ្យុសំឡេងប្រជាធិបតេយ្យ VOD ផងដែរ ខណៈការបោះឆ្នោតជាតិជិតមកដល់។
តើវិធានការនេះ ឆ្លុះបញ្ចាំងអ្វីខ្លះពីដំណើរការឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០១៨?
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា លើកឡើងថា សារគំរាមនិងបញ្ជាឲ្យបិទសំឡេងឯករាជ្យនេះ លោកវិភាគថា អាចជាផែនការរបស់បក្សកាន់អំណាចមិនច្បាស់លាស់ពីការបន្តគ្រប់គ្រងអំណាចនៅក្រោយបោះឆ្នោត ហើយព្យាយាមផាត់សង្គមស៊ីវិល និងសំឡេងឯករាជ្យ ដែលដើតួជាអាជ្ញាកណ្តាលនោះចេញពីទីលានប្រកួតមុនការបោះឆ្នោតមកដល់។
លោក សូ ចន្ថា វិភាគដែរថា យន្តការនោះក៏នឹងជំរុញឲ្យមានការផ្សព្វផ្សាយតែគោលនយោបាយរបស់បក្សកាន់អំណាចរហូតដល់ថ្ងៃបោះឆ្នោត ខណៈបញ្ហារបស់ពលរដ្ឋមួយចំនួនមិនទាន់បានដោះស្រាយនៅឡើយ។
លោកថា៖ «នៅក្នុងដំណាក់កាលចុងក្រោយនេះ ឃើញមានសារគំរាម ការប្រើប្រាស់វោហាសាសន៍មួយចំនួនដូចជាប្រើគល់ឫស្សី ឬក៏សង្គ្រាមអីជាដើមហ្នឹង សុទ្ធតែគំរាមដល់អ្នកបោះឆ្នោត ហើយនឹងគណបក្សផ្សេងៗទៀតដែលនៅក្រៅរដ្ឋាភិបាលហ្នឹង។ ការបិទសារព័ត៌មានឯករាជ្យមួយចំនួន រួមទាំងអង្គការអីហ្នឹង ក៏ជាមូលដ្ឋានមួយគំរាមដល់ការបោះឆ្នោតផងដែរ។ ខ្ញុំគិតថា បើគណបក្សកាន់អំណាចនៅតែមិនអាចឈ្នះឆ្នោតនោះ អាចនឹងមានបញ្ហាកើតឡើងសម្រាប់ការបោះឆ្នោត ជាពិសេសនោះទាក់ទិននឹងការប្រកាសលទ្ធផលបោះឆ្នោតហ្នឹង អាចបិទមិនឲ្យផ្សព្វផ្សាយពីលទ្ធផលឆ្នោតតែម្តង»។
ប៉ុន្តែលោក សូ ចន្ថា វិភាគថា យន្តការដែលរដ្ឋាភិបាលកំពុងធ្វើនេះ មិនចំណេញដល់ប្រទេសជាតិទេ។
លោកថា៖ «ខ្ញុំគិតថាកម្ពុជាយើង ខាតបង់ធ្ងន់ធ្ងរណាស់ ខាតបង់ទីមួយទាក់ទងនឹងភាពស្របច្បាប់នៅលើឆាកអន្តរជាតិ មានន័យថាការបោះឆ្នោតមានសិទ្ធិស្របច្បាប់នៅបាន លុះណាតែសហគមន៍អន្តរជាតិ ដែលប្រកាន់លទ្ធិប្រជាបតេយ្យនឹងបានប្រកាសទទួលស្គាល់ មិនអាចប្រទេសកុម្មុយនីស្តប្រកាសទទួលស្គាល់ថា ប្រទេសមួយនេះបោះឆ្នោតដោយសេរី ដោយយុត្តិធម៌បានទាំងមូល។ ចំនុចទី២ខ្ញុំគិតថា ស្ថានការណ៍នឹងអាចវិលទៅរក របបអតីតកាលវិញ កម្ពុជាអាចនឹងទទួលទណ្ឌកម្មក្នុងកម្រិតណាមួយ បើសិនជាយើងមិនដើរលើគន្លងប្រជាធិបតេយ្យដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនោះ»។
ទោះជាយ៉ាងណា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារិទ្ធ បានបកស្រាយថា វិធានការបិទអង្គការ NDI និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនថា ជាចំណាត់ការច្បាប់។
យ៉ាងនេះក្តី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោកស្រី រ៉ូណា ស្មីត បានវាយតម្លៃថា កម្ពុជាកំពុងដើរទៅរកស្ថានភាពដ៏គ្រោះថ្នាក់មួយ សម្រាប់ការធានាយុត្តិធម៌ការបោះឆ្នោតឆ្នាំ២០១៨ខាងមុខ តាមរយៈច្បាប់គណបក្សនយោបាយ ច្បាប់គ្រង់អង្គការសង្គមសីវិល និងប្រព័ន្ធតុលាការមិនឯករាជ្យជាដើម។
អ្នកឯកទេសវិទ្យាសាស្ត្រនយោបាយនិងអភិបាលកិច្ច លោក ចាន់ វិបុល លើកឡើងថា ប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ លោកថារដ្ឋជាអ្នកជំរុញការអនុវត្តច្បាប់ សង្គមស៊ីវិល អ្នកនយោបាយមិនកាន់អំណាច វិស័យឯកជន និងសារព័ត៌មាន ជាអ្នករំឭកពីភាពភាពអសកម្ម ដើម្បីជំរុញអភិបាលកិច្ច។
លោក ចាន់ វិបុល លើកឡើងទៀតថា បើរដ្ឋាភិបាលដាក់សម្ពាធទៅលើស្ថាប័នទាំងបីនេះ លោកថា ពលរដ្ឋនឹងខ្វះព័ត៌មានឯករាជ្យពិត ឈានទៅជ្រើសរើសមេដឹកនាំខុស។
លោកថា៖ «ពេលដែលការសម្រេចចិត្តមួយខ្វះខាតព័ត៌មានពេញលេញ ចំនុចទី១ដែលសំខានបំផុត គឺការជ្រើសរើសមេដឹកនាំខុស គាត់អត់បានតាមដានមើលពីសកម្មភាពរបស់ គ.ជ.ប ទេ នៅពេលដែលមានសម្ពាធនយោបាយកើតឡើង។ អញ្ចឹងគាត់អត់ដឹងថា គ.ជ.ប ហ្នឹងបំពេញការងារមានប្រសិទ្ធភាពកម្រិតណា ចំនុចនេះឯង អាចជំរុញឲ្យការបោះឆ្នោតមួយ ទោះបីមានការបោះឆ្នោតកើតឡើងក៏ដោយ ប៉ុន្តែមេដឹកនាំនេះ អាចជាមេដឹកនាំដែលប្រជាពលរដ្ឋគាត់សម្រេចចិត្តខុស ឬអាចកើតចេញពីការកេងបន្លំពីចំនុចណាមួយ»។
ជាការកត់សម្គាល់ បើទោះបីជាមានការិះគន់ថា រដ្ឋាភិបាលបានដាក់សម្ពាធដល់អ្នកឃ្លាំមើលការបោះឆ្នោត អ្នកធ្វើការផ្នែកសិទ្ធិមនុស្ស ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យក៏ដោយ ប៉ុន្តែគេសង្គេតឃើញ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បានចុះជួបកម្មករនៅតាមរោងចក្រមួយចំនួន ប្រកាសពីតម្លើងប្រាក់ឈ្នួល១៦៨ដុល្លារសម្រាប់ឆ្នាំ២០១៨ និងប្រាប់ពីគោលនយោបាយ ថានឹងប្រឹងប្រែងស្វែងរកអ្នកវិនិយោគ មកបណ្តាក់ទន់ ដើម្បីបង្កើតទីផ្សារការងារ។
លោក ចាន់ វិបុល វិភាគថា ស្ថានការណ៍នយោបាយបង្ហាញថា រដ្ឋាភិបាលបានត្រៀមខ្លួនទៅកាន់ការបោះឆ្នោត២០១៨ ប៉ុន្តែលោកថាយន្តការនោះ ពោរពេញទៅដោយការគំរាមកំហែង ដល់អ្នកឃ្លាំមើលការបោះឆ្នោត សង្គមស៊ីវិលដែលសកម្ម និងប្រព័ន្ធផ្សព្វផ្សាយ ដែលនៅតែបន្តសរសេររឿងរស៊ើបរបស់រដ្ឋាភិបាលនិងគណបក្សដែលងាយរងគ្រោះ។
លោកថា៖ «ខ្ញុំមើលជាបែបវិទ្យាសាស្ត្រទេ ខ្ញុំមិនវាយតម្លៃដោយអារម្មណ៍ទេ ការធ្វើបែបនេះ ក្នុងបុព្វហេតុគំរាមកំហែងដល់អ្នកប្រជាធិបតេយ្យ និងក្រុមដែលរួមចំណែកយ៉ាងសកម្ម ក្នុងសកម្មភាពឃ្លាំមើលនិងតាមដានការបោះឆ្នោត។ អញ្ចឹងយន្តការទាំងអស់នេះ ដើម្បីបំបាក់ស្មារតីសម្រាប់អ្នកទាំងអស់គ្នានោះ។ ខ្ញុំមិនជឿជាក់ទេ ថាការបោះឆ្នោតឆ្នាំ២០១៨នឹងបិទទេ ខ្ញុំនៅតែយល់ថាការបោះឆ្នោតនៅតែកើតមាន ប៉ុន្តែនេះជាការគំរាមកំហែងនិងបំបាក់ស្មារតីផ្នែកនយោបាយ»។
សរុបជារួម អ្នកវិភាគថា អ្នកដែលងាយរងគ្រោះ ចាប់ពីពេលនេះរហូតដល់ថ្ងៃបោះឆ្នោតឆ្នាំ២០១៨ នោះគឺមាន អ្នកឃ្លាំមើលការបោះឆ្នោត សង្គមស៊ីវិលដែលសកម្មជំរុញឲ្យគោរពសិទ្ធិមនុស្ស ប្រព័ន្ធផ្សព្វផ្សាយដែលមិនចំណុះរដ្ឋាភិបាល ដោយពួកគេថា អ្នកនយោបាយខ្មែរមិនខ្លាចអ្វីនឹងប្រើមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីប្រយោជន៍បក្ខពួក ហើយមិនសូវខ្វល់ពីពីការបាត់បង់ប្រយោជន៍ជាតិនោះទេ៕