ឃីម ឌីម៉ា យកបានមេដាយ​មាស​​​​​លើវិញ្ញសារ​ប្រដាល់ ខណៈ ស៊ន សៀវម៉ី ក៏ឈ្នះមេដាយ​មាស​​ដែរ​

កីឡាករ ឃីម ឌីម៉ា និង​​​កីឡាការិនី​​ ស៊ន សៀវម៉ី (FB: Ken Gadaffi)

កាលពីថ្ងៃទី​២៨ សីហា ​លោក វ៉ាត់ ចំរើន បានប្រតិកម្មភ្លាម​ៗ​ ជាមួយនឹងការ​ផ្ដល់​ពិន្ទុឲ្យចាញ់​​​កីឡាករកម្ពុជា​ ​ឡៅ ចិត្រា ​​​ចាញ់ពិន្ទុ​​កីឡាករ​ម្ចាស់ផ្ទះ ​​​​​​​​ក្នុង​​​វិញ្ញសា​​រប្រដាល់​ ដោយលោកបាន​ចោទ​​ថា ការ​​ផ្ដល់​​ពិន្ទុ​នោះ​មិនមាន​ភាព​​អយុត្តិធម៌ ​​ដោយលោកអះអាងថា ​​​​ឡៅ ចិត្រា ​​វាយឈ្នះ​​៣​ទឹក តែបែរជា​​​ឲ្យចាញ់កីឡាករម្ចាស់ផ្ទះ​​ក្នុងវគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។ យ៉ាងណាមិញ ក្រោយការវាយ​ប្រហារ​​លើប្រព័ន្ធ​ផ្ដល់ពិន្ទុរបស់​​គណកម្មការ​​​​នៅ​ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅម៉ាឡេស៊ី ​កីឡាករកម្ពុជាគឺ ឃីម ឌីម៉ា ដែលមានឈ្មោះកំណើតថា​​​ ឃុន ឌីម៉ា ​បានឈ្នះមេដាយ​មាស​​ទី២ ជូនជាតិ ខណៈ ស៊ន សៀវម៉ី ឯណោះវិញ ​ក៏ដណ្ដើម​​បានមេដាយមាសជូន​ជាតិដូចគ្នា លើកីឡាតេក្វាន់ដូ ​​​នៅថ្ងៃ​ចុងក្រោយក្នុងព្រឹត្តិការណ៍​​​​​​​​​ប្រចាំតំបន់មួយនេះ។

មានការភ្ញាក់ផ្អើលមិនតិចទេ ​​ស្រប​គ្នាដែល​​កីឡាករកម្ពុជា​​២​រូប ​គឺ ឃីម ឌីម៉ា និង​​​កីឡាការិនី​​ ស៊ន សៀវម៉ី រក​បានមេដាយ​មាស​​​ ដែលជួយឲ្យកម្ពុជា ទទួលបានមេដាយមាស​​​៣​គ្រឿង ក្នុងព្រឹត្តិការណ៍​ស៊ីហ្គេម​នៅ​ម៉ាលេស៊ី ​ក្នុង​​ថ្ងៃបិទ​ការប្រកួត​នាថ្ងៃទី២៩សីហានេះ ។

​ក្នុងចំណោម​​​​​​មេដាយ​មាស​ចំនួន​២ ​ដែលកម្ពុជាទើបនឹង​ទទួលបាន​​​នៅថ្ងៃចុងក្រោយ​​​ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម​នៅម៉ាឡេស៊ី​​នេះ គឺមាន​តែមេដាយ​​​​មាស ​ពី​កា​រ​ប្រដាល់របស់ ​​ឃីម ឌីម៉ា ប៉ុណ្ណោះ ដែលមាន​ការចាប់អារម្មណ៍ជាងគេ ​ដោយសារតែមុននេះ​បន្តិ​​ច​​​​​​ អគ្គលេខាធិការ​​គណកម្មការ​ជាតិ​អូឡាំពិកកម្ពុជា បាន​ប្រកាសក្ដែងៗថា ​សម្រាប់​​វិញ្ញសារប្រដាល់​កម្ពុជា មិនមាន​លទ្ធភាពទទួលបានមេដា​យមាសនោះទេ ដោយសារតែអោយ​ឡើងប្រកួត​ប៉ះជាមួយម្ចាស់ផ្ទះ គឺកម្ពុជា រមែង​ទទួលបានពិន្ទុ​អយុត្តិធម៌ ​ហើយត្រូវ​បានគេទម្លាក់នៅ​​វគ្គ​​ពាក់​កណ្ដាលផ្ដាច់​ព្រ័ត្រ ឬ​​​​​វគ្គ​ផ្ដាច់ព្រ័ត្រ​។

លោក បានទាំងប្រកាស​​នឹង​ធ្វើការពិចារណា​​​លើ​គម្រោង​​ផ្អាក​បញ្ជូន​​វិញ្ញសារប្រដាល់​​​អោយទៅ​ប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម រហូត​ដល់ពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ​ខ្លួនឯងក្នុងឆ្នាំ​​២០២៣នោះផង ​ដោយសារតែលោក​​បានថ្លែងប្រាប់​​អ្នកសារព័ត៌មាន​កម្ពុជា ដែល​បាន​​ទៅ​​ផ្ដិត​យក​ទិដ្ឋភាព​ប្រកួត​ដល់ទីនោះដោយផ្ទាល់ថា ​​​វិញ្ញសារមួយ​នេះ ​​​​​​​គេកាត់ក្ដី​ដោយ​ការ​ផ្ដល់ពិន្ទុ ​គឺ​គេ​ងាយ​នឹង​​ធ្វើបាប​កីឡាករ​​កម្ពុជា បើកីឡាករកម្ពុជា ​បានជួបកីឡាករម្ចាស់ផ្ទះ ហើយមិនមានលទ្ធភាព​វាយ​អោយកីឡាករម្ចាស់ផ្ទះ​សន្លប់លើរេញ។

ប៉ុន្តែក្រោយការ​ប្រកាសចង់ដកខ្លួនរបស់​​លោកបានតែប៉ុន្មាន​ម៉ោង កីឡាករ ឃីម ឌីម៉ា ដែល​បានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ ហើយ​ប៉ះកីឡាករថៃ Chonlawit នៅថ្ងៃទី​​២៩សីហានេះ បាន​បើកការប្រកួត​វាយឈ្នះហើយដណ្ដើម​​បានមេដាយ​មាស​ជូនជាតិ​ ដែលធ្វើអោយ​​​អ្វីដែលលោក ​​​​វ៉ាត់ ចំរើន ​ប្រកាស​ថាកម្ពុជាមិនងាយ​សង្ឃឹម​​ដណ្ដើម​​បានមេដាយ​មាស​ពីការប្រកួត​​ប្រដាល់​​​​​ បាន​​​កើតមានឡើង​​​។

យ៉ាងណាមិញ ​​ក៏មាន​ការ​​​​បញ្ជាក់ថា​​​​ កីឡាករ ឃីម ឌីម៉ា បានឈ្នះមេដាយមាស ដោយសារតែលោកមិន​ប៉ះ​​កីឡាករម្ចាស់ផ្ទះ​នៅវគ្គចុងក្រោយ​នោះ ដែលមានន័យថា ​ការប្រកួតរបស់លោក​សំណាង​ ជាងការប្រកួត​របស់ ​​ឡៅ ចិត្រា​​ក្នុងប្រភេទ៥៤គីឡូក្រាម ដែល​​ឡើងមកដល់វគ្គ​​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​​ ត្រូវ​ជួបកីឡាករម្ចាស់ផ្ទះ។ ​​​​​​ជ័យជម្នះរបស់ ​ឃីម  ឌីម៉ា ធ្វើ​​​​​​​ម្នាក់ៗ កោតសរសើរជាពិសេស គឺលោក​​​​​​​ អេ ភូថង ជាគ្រូបង្វឹក​តែម្ដង​។

ដោយឡែកសម្រាប់កីឡាការិនី ​ស៊ន សៀវម៉ី ​​នាង​ទទួលបានមេដាយមាស​​​​​នៅរសៀលថ្ងៃទី​​២៩ សីហា នេះ​ផងដែរ បន្ទាប់ពី​នាង​បាន​​ឡើងទៅដល់វគ្គ​​ផ្ដាច់ព្រ័ត្រ ហើយ​វាយឈ្នះកីឡាការិនី​ហ្វីលីពីន Kirstie Elaine Alo ក្នុងលទ្ធផល ១៣-៦ ក្នុង​ទម្ងន់​ក្រោម​៧៣​គីឡូក្រាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ