លោក ហ៊ុន សែន ទម្លាក់ការទទួលខុសត្រូវព្រឹត្តិការណ៍ផ្លូវវេងស្រេងឲ្យលោ​ក កឹម សុខា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក កឹម សុខា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរុញព្រឹត្តិការណ៍បង្ហូរឈាមកម្មករនៅផ្លូវវ៉េងស្រេង ឲ្យលោក កឹម សុខា ជាអ្នកទទួលខុសត្រូវ ខណៈ​មេបក្សប្រឆាំងរូ​បនោះត្រូវរដ្ឋាភិបាលចាប់ខ្លួន ចោទថា «ក្ប​ត់​ជាតិ​»។

ក្នុងពិធីចុះជួបកម្មករនៅសួនឧស្សាហកម្មកាណាឌីយ៉ា ជាប់ផ្លូវវេងស្រេង នាថ្ងៃទី៦ខែកញ្ញានេះ លោក ហ៊ុន សែន ថ្លែងប្រាប់កម្មករថា មេដឹកនាំបាតុកម្មនៅផ្លូវវ៉េងស្រេងកន្លងទៅនោះ លោកថាចាប់បានហើយ ហើ​យ​​​ថាពេលនេះកំពុងឃុំខ្លួន។

លោកថា៖ «កុំសង្ឃឹមទៅលើអ្នកដទៃ ដែលគេមិនបានធ្វើអ្វីទាំងអស់ ត្រឹមម៉ាទារធ្វើបាតុកម្ម ដូចជានៅតំបន់នេះ។ ឥឡូវរកឃើញហើយ ចាប់បានហើយ មេក្លោងដែលត្រូវផ្តន្ទាទោសពិតប្រាកដ កំពុងនៅមន្ទីរឃុំឃាំហើយតើកម្មករទីនេះធ្វើបាតុកម្មម៉ោង២យប់ដើម្បីអីទៅ មានកម្មករទេ ពេលនោះគេទម្លាយទ្វារ​ ដើម្បីទារឲ្យកម្មករចេញមកធ្វើបាតុកម្ម»

កាលពីថ្ងៃទី៣ខែមករាឆ្នាំ២០១៤ មានព្រឹត្តិការណ៍ប៉ះទង្គិចគ្នាដ៏បង្ហូរឈាមមួយនៅលើផ្លូវវេងស្រេងក្នុងរាជ​ធា​នី​ភ្នំ​ពេញ អំឡុងជាប់គាំងនយោបាយក្រោយការបោះឆ្នោតអាណត្តិទី៥នេះ។

ព្រឹត្តិការណ៍នោះ កម្មករដែលទាមទារតម្លើងប្រាក់ឈ្នួល យ៉ាងតិច៤នាក់ ត្រូ​វកងកម្លាំងប្រដាប់​អាវុធ បាញ់​​ឲ្យ​​​​ស្លា​​​​​​ប់​នៅនឹងកន្លែង ម្នាក់បាត់ខ្លួន មួយចំនួនទៀតរងរបួស និងខ្លះទៀត​ត្រូវ​​បានចាប់ខ្លួន។

កា​រស្លាប់កម្មករនេះ សហគមន៍ជាតិនិងអន្តរជាតិបានថ្កោលទោសរដ្ឋាភិបាលកម្ពុជា និងទាមទារឲ្យចាប់​ជន​ដៃ​ដល់ និ​ងអ្នកបញ្ជាកងកម្លាំងនេះមកផ្តន្ទាទោស។

កន្លងទៅសាលាដំបូងរាជធានីភ្នំពេញធ្លាប់កោះហៅ លោក សម រង្ស៊ី និងលោក កឹម សុខា ទៅសាកសួរករណីករណីនេះ តែតុលាការមិនបានចោទប្រកាន់ទេ ប៉ុន្តែគ្មានមេបញ្ជាការឬម​ន្តី្រ​​រដ្ឋា​​ភិបាលណាម្នាក់ ចេញមុខទទួលត្រូវចំពោះការបង្រ្កាបដោយបង្ហូរឈាមនេះឡើយ។

លោក ហ៊ុន សែនបន្តទៀតថា៖ «គេថាបាត់មនុស្សម្នាក់នៅផ្លូវវេងស្រេង​ ឥឡូវល្អហើយ ដាក់ទៅ សួរទៅ ហើយនៅប៉ុន្មានទៀត ដែលពាក់ព័ន្ធក្នុងរឿងនេះ ហៅសួរចម្លើយទាំងអស់ រកឃើញហើយ»

VOD មិនអាចទាក់ទងអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ និងលោក យ៉ែម បុញ្ញឫទ្ធិ ដើម្បី​​សុំការឆ្លើយតបបានទេ ដោយទូរសព្ទអ្នកទាំងពីមិនអាចទាក់ទងបាន។

នាយកប្រតិបត្តិសម័ន្ធភាពការងារនិងសិទ្ធិមនុស្ស លោក មឿន តុលា លើកឡើងថា ការបកស្រាយ​របស់​នា​យករដ្ឋមន្ត្រីទំនងជាគេចចេញពីការទទួលខុសត្រូវច្រើនជាង។

លោកថា៖ «និយាយទៅ វាសំខាន់រឿងអញ្ចេះ សំខាន់អ្នកដែលស្លាប់ហ្នឹង ស្លាប់ដោយសារអី គឺអ្នកដែលស្លា​ប់​​ហ្នឹ​ង ស្លា​ប់​ដោយសារគ្រាប់កាំភ្លើង ៤នាក់ស្លាប់ ហើយម្នាក់បាត់ខ្លួន ដោយសារគ្រាប់កំាភ្លើង។ ហើយកាំភ្លើ​ងហ្នឹង អ្ន​កណា​​អ្នកបាញ់ គឺនៅក្នុងវីដេអូ នៅក្នុងរូបថតផ្សេងៗហ្នឹង យើងឃើញហើយ មានកម្លាំងកងរា​ជអាវុធហត្ថ មានកម្លាំងទាហានអីអញ្ចឹង។ ហើយសំនួរសួរបន្តទៀតថា អ្នកណាជាអ្ន​កបញ្ជាកងរាជអាវុធ​ហត្ថនិងទាហា​នទាំងអស់​ហ្នឹង?​ អញ្ចឹងវា​ប្រាក​ដថា មិនមែនមេដឹកនាំបក្សប្រឆាំងទៅបញ្ជាកងកម្លាំងទាំងអស់ហ្នឹងទេ វាត្រូវតែជា​អ្នកដឹ​កនាំ​រដ្ឋា​ភិ​បាល ឬ​ជួរ​ដឹកនាំគណបក្សកាន់អំណាចហ្នឹងហើយ ដើម្បីបង្ក្រាបនៅផ្លូវវេងស្រេងហ្នឹង»។

យ៉ាងណាក៏ដោយនៅក្នុងពីធីនោះ លោក ហ៊ុន សែន ប្រាប់ទៅកម្មករថា ការតម្លើងប្រាក់​ឈ្នួលដល់​កម្ម​ករជាបន្តបន្ទាប់លោកថា បានពីការប្រឹងប្រែង របស់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន ដោ​យ​ថា​មិន​មែនបានពីការដឹកនាំតវ៉ារបស់បក្សប្រឆាំងទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ