ក្រសួងកសិកម្មបានឲ្យដឹងថាជំងឺថ្មីម្យ៉ាងកើតលើដំឡូងមីឈ្មោះថា ម៉ូសាអ៊ិក (Cassava Mosaic Disease-CMD) ធ្វើឲ្យទិន្នផលដំឡូងធ្លាក់ចុះខ្លាំង ហើយក្រសួងក៏បានណែនាំឲ្យមន្ត្រីជំនាញក្រោមបង្គាប់ ទប់ស្កាត់ឲ្យមាន ប្រសិទ្ធ ភាពកុំឲ្យមានការរាលដាលជំងឺប្រភេទនេះ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីជូនដំណឹងមួយចុះថ្ងៃទី ០៥ ខែ កញ្ញាលើក ឡើងថាជំងឺម៉ូសាអ៊ិក ជាជំងឺកាចសាហាវ បង្កឡើងដោយវីរុស ជីមីនី ហើយអ្នកជំនាញរកឃើញថា ជំងឺនេះវាធ្វើឲ្យទិន្នផលដំឡូងមីធ្លាក់ចុះដល់ទៅ ៨០ភាគរយ។
សេចក្ដីជូនព័ត៌មានលើកឡើងថា៖ «ការរាតត្បាតនៃជំងឺវិរុសថ្មីនេះ បើមិនត្រូវបានគ្រប់គ្រងដោយប្រសិទ្ធភាពទេនោះ ពិតជាបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ចំពោះផលិតកម្មដំឡូងមី និងការនាំចេញផលិតផលដំឡូងមីទៅកាន់ទីផ្សារអន្តរជាតិនាពេលខាងមុខ»។
សេចក្ដីជូនព័ត៌មានរបស់ក្រសួងដដែលបន្តថារោគសញ្ញានៃជំងឺនេះគឺធ្វើឲ្យដំឡូងមានស្លឹករួញ មានចំណុចតូចៗជាច្រើនពណ៌លឿង ឬព្រលែតនៅលើផ្ទៃស្លឹក និងដើមក្រិនលូតលាស់ខ្សោយជាងធម្មតា ហើយការឆ្លងជំងឺនេះតាមរយៈការប្រើពូជដែលមានជំងឺស្រាប់ ហើយឆ្លងទៅចំការផ្សេងទៀតតាមរយៈវីរុសពណ៌ស ដោយការជញ្ជក់របស់វា។
សេចក្ដីជូនព័ត៌មានបន្តថាបច្ចុប្បន្នជំងឺម៉ូសាអ៊ិកនេះពុំទាន់មានថ្នាំកសិកម្មដែលមានប្រសិទ្ធភាពអាចកម្ចាត់បាននៅឡើយទេ។ ក្រសួងបានណែនាំឲ្យ នាយកដ្ឋានកសិកម្មសហការជាមួយមន្ត្រីកសិកម្មរាជធានី-ខេត្តដែលឆ្លងជំងឺនេះ ដើម្បីបន្តការស្រាវជ្រាវពិនិត្យ និងតាមដាន ដើម្បីកម្ចាត់និងទប់ស្កាត់ការឆ្លងទៅតំបន់ ឬខេត្តផ្សេងទៀត។ ប៉ុន្តែក្រសួងមិនបានបញ្ជាក់ថា តើខេត្តណាខ្លះដែលកំពុងកើតមានជំងឺនេះនោះទេ។
បន្ថែមលើនោះក្រសួងមិនអនុញ្ញាតឲ្យចល័តពូជពីខេត្តដែលឆ្លងជំងឺនេះ ទៅកាន់ខេត្តដទៃទៀត ហើយការនាំចូលពូជដំឡូងមី ត្រូវតែសុំការអនុញ្ញាតពីអគ្គនាយកដ្ឋានកសិកម្មដើម្បីឲ្យអ្នកជំនាញត្រួតពិនិត្យ និង គ្រប់គ្រងហានិភ័យ និង ការផ្អាកដាំដំឡូងមីក្នុងចំការណាដែលសង្ស័យថាឆ្លងជំងឺនេះរយៈពេលមួយឆ្នាំ ដោយដាំដំណាំផ្សេងៗជំនួស ដូចជាពោត សណ្ដែកជាដើម ហើយរាយការណ៍ពីបញ្ហាជំងឺនេះទៅកាន់មន្រ្តីជំនាញដើម្បីទប់ស្កាត់ និង រាយការណ៍ទៅអគ្គនាយកដ្ឋានកសិកម្ម៕