នាយករដ្ឋមន្ត្រីជប៉ុន លោកហ្ស៊ីហ្សូអាបេ បានចួលរួមជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនត្រា ម៉ូឌី ក្នុងពិធីសម្ពោធគម្រោងជាផ្លូវការនៃគម្រោងរថភ្លើងល្បឿនលឿន នៅក្នុងប្រទេសឥណ្ឌា ដែលទទួលបានកម្ចីពីប្រទេសជប៉ុន។
ថវិកាសម្រាប់កសាងគម្រោងផ្លូវរថភ្លើងល្បឿនលឿននេះ ក្នុងចំណោម១៧ពាន់លាន គឺភាគច្រើនទទួលបានកម្ចីពីជប៉ុន។ រថភ្លើងល្បឿនលឿនចាប់ផ្តើមចេញពីទីក្រុង Ahmedabad ទៅ រដ្ឋធានីMumbai ដែលមានចម្ងាយផ្លូវជាង៥០០គីឡូម៉ែត្រ ដែលធម្មតាត្រូវពេលធ្វើដំណើរ៨ម៉ោង ហើយធ្លាក់មកត្រឹម៣ម៉ោងវិញតាមគម្រោងថ្មីនេះ។នេះបើតាមសារព័ត៌មានBBC។
នាយករដ្ឋមន្ត្រីជប៉ុនចំណាយពេលពីរថ្ងៃ ក្នុងការបំពេញទស្សនកិច្ចនៅក្នុងប្រទេសឥណ្ឌា ដើម្បីចូលរួមសម្ពោធ គម្រោងរថភ្លើងនេះ និង ពិភាក្សាជាមួយការងារមួយចំនួនទៀត។
រថភ្លើងល្បឿនលឿននេះ មានកៅអី ចំនួន៧៥០ ហើយតាមគម្រោងនឹងដំណើរការនៅឆ្នាំ២០២២។ រថភ្លើងនេះ អាចរត់បានល្បឿន៣៥០គីឡូម៉ែត្រក្នុង១ម៉ោង ហើយក្នុងចម្ងាយផ្លូវនេះមានស្ថានីយ៍រថភ្លើងចំនួន១២កន្លែង និង ត្រូវឆ្លងកាត់ក្រោមដៃសមុទ្រក្នុងប្រវែង៧គីឡូម៉ែត្រ។
ឥណ្ឌាមានប្រជាជនជាង ១ពាន់លាននាក់គឺច្រើនលំដាប់ទី២លើពិភពលោកបន្ទាប់ពីប្រទេសចិន ហើយប្រជាជនជាង២២លាននាក់ធ្វើដំណើរតាមរថភ្លើងជារៀងរាល់ថ្ងៃ។ ចំណែកគ្រឿងបរិក្ខា ជាច្រើននៃរថភ្លើងគឺច្រើនតែហួសកំណត់នៃការប្រើប្រាស់ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ជាញឹកញាប់។