មន្ត្រីជាន់ខ្ពស់ នៃអង្គការឃ្លាំងមើលការបោះឆ្នោត នៅកម្ពុជាមើលឃើញថា ការចុះឈ្មោះបោះឆ្នោតរបស់ពលរដ្ឋមកដល់ថ្ងៃនេះ ថយចុះខុស ពីការរំពឹងទុក ដោយបញ្ហានយោបាយ ខណៈ គ.ជ.ប សង្ឃឹមថាការចុះឈ្មោះនេះ នឹងកើនឡើងនៅអំឡុងពេលបុណ្យភ្ជុំបិណ្ឌ។
បើតាមប្រតិទិន គ.ជ.ប ការចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៧ មានរយៈពេល៧០ថ្ងៃ គឺចាប់ផ្ដើមពីថ្ងៃទី០១ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ដើម្បីទទួលចុះឈ្មោះ ឲ្យប្រជាពលរដ្ឋជាង១,៤លាននាក់ ដែលទើបគ្រប់អាយុ និងមិនទាន់បានចុះឈ្មោះកាលពីឆ្នាំ២០១៦។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បានថ្លែងក្នុងសន្នីសីទមួយនៅព្រឹកថ្ងៃទី១៥កញ្ញានេះថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤កញ្ញា គ.ជ.ប បានទទួលចុះឈ្មោះឲ្យពលរដ្ឋក្នុងបញ្ជីបោះឆ្នោតថ្មីបានជាងប្រមាណ ៩៤ ២១១នាក់ ក្នុងនោះស្រីចំនួន ៤៦ ៦៣៥នាក់ ហើយមាន៣៣២នាក់ត្រូវលុបចេញ។
ថ្លែងបន្ថែមប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីសន្នីសីទនោះថា លោកសង្ឃឹមថា គ.ជ.ប អាចបំពេញការចុះឈ្មោះបោះឆ្នោតឲ្យពលរដ្ឋបានគ្រប់ចំនួន។
លោកថា៖ «គ.ជ.ប រំពឹងថា នៅមុនភ្ជុំ នឹងក្រោយភ្ជុំគឺ តួលេខនឹងកើនឡើង ហើយនៅកៀកថ្ងៃបញ្ចប់ គឺថាតួលេខនឹងកើនឡើងផងដែរ»។
មន្ត្រីផ្នែកអង្កេត នៃអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល លោក កន សាវាង្ស មានប្រសាសន៍ថា ចំនួនចុះឈ្មោះ ដែលបានជាង៩ម៉ឺននាក់នេះ គឺជាចំនួនមួយ ដែលនៅទាបនៅឡើយ ដោយថា បើតាមលទ្ធភាព ដែលអាចឲ្យដំណើរការនៃការចុះឈ្មោះនេះ អាចបំពេញគ្រប់ចំនួនបាននោះទាល់តែមួយថ្ងៃចំនួន អ្នកចុះឈ្មោះត្រូវជា៣ម៉ឺននាក់។
លោកថា ការបិទវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ការបិទមិនឲ្យផ្សាយវិទ្យុមួយចំនួនដោយរដ្ឋាភិបាល បែបបទរដ្ឋបាល និងបញ្ហានយោបាយនៅកម្ពុជា ជាមូលហេតុ ដែលធ្វើឲ្យពលរដ្ឋមិនទៅចុះឈ្មោះបោះឆ្នោតនេះ។
លោកថា៖ «ប្រជាពលរដ្ឋខ្លះ ទទួលព័ត៌មានពីស្ថាប័នទាំងអស់ហ្នឹង ដល់ពេលមានបញ្ហាប៉ះពាល់អញ្ចឹងទៅ មានន័យថាការចូលរួមផ្តល់ព័ត៌មានទៅដល់ពលរដ្ឋហ្នឹងគឺអត់ពេញលេញ។ គ.ជ.ប ក៏បានធ្វើដែរតែការផ្សព្វផ្សាយរបស់ គ.ជ.ប មិនទាន់ពេញលេញទេ វានៅមានកម្រិតនៅឡើយអញ្ចឹងវាត្រូវការស្ថាប័នផ្សព្វផ្សាយផ្សេងៗ ចូលរួម អញ្ចឹងយើងឃើញថាបញ្ហានេះ វាធ្វើឲ្យបញ្ហាអប់រំនេះវាមិនបានទៅដល់»។
លោកបានឲ្យជាយោបល់ថា រដ្ឋាភិបាលគួរបង្កើនការយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ជាពិសេសគួរតែសម្រួលស្ថានការដែលកំពុងកើនកម្តៅនេះឲ្យធូរស្រាលជាងពេលបច្ចុប្បន្ន គួរតែពិចារណាបើកឡើងវិញនូវប្រព័ន្ធផ្សព្វផ្សាយ និងសហការជាមួយអង្គការក្រៅរដ្ឋាភិបាលដើម្បីជម្រុញ និងផ្សព្វផ្សាយឲ្យបានកាន់តែច្រើន ដើម្បីឲ្យពលរដ្ឋទុកចិត្តមកចុះឈ្មោះបោះឆ្នោតវិញ។
ការបោះឆ្នោតថ្នាក់ជាតិជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ឆ្នាំ២០១៨ ខាងមុខនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ កក្កដា ឆ្នាំ២០១៨ ត្រូវជាថ្ងៃអាទិត្យ៕